កិច្ចខិតខំប្រឹងប្រែងភាគច្រើនផ្តោតទៅលើសេវាកម្មសំខាន់ៗនៅក្នុងទីក្រុង។ ប៉ុន្តែក្រុមសកម្មជនមួយចំនួនកំពុងព្យាយាមធ្វើអ្វីផ្សេងទៀតដោយស្ដារឡើងវិញនូវសួនឧទ្យាន កន្លែងក្មេងលេង និងទីលានសាធារណៈនានា។
កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិកបានរំដោះទីក្រុង Raqqa ពីពួករដ្ឋឥស្លាមកាលពីខែតុលា ឆ្នាំ២០១៧។
ប៉ុន្តែ ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារយៈពេល ៣ ខែ ហេដ្ឋារចនាសម្ព័ន្ធទីក្រុងត្រូវបានបំផ្លិចបំផ្លាញភាគច្រើន ដែលក្នុងនោះរួមមានទាំងទីលានសាធារណៈ និងឧទ្យាននានាផងដែរ ដែលពីមុនធ្លាប់ត្រូវបានប្រើប្រាស់ដោយក្រុមភេរវជន ដើម្បីធ្វើជាកន្លែងប្រហារជីវិតអ្នកប្រឆាំងជាសាធរណៈ។
ក្រុមសកម្មជនដែលចូលរួមក្នុងបេសកកម្មកសាងទីកន្លែងទាំងនេះឡើងវិញ និយាយថាពួកគេផ្ដោតការយកចិត្តទុកដាក់ចម្បងទៅលើគម្រោងទាំងឡាយណាដែលអាចប្ដូរមុខមាត់នៃទីក្រុងនេះបាន បន្ទាប់ពីរស់នៅក្នុងភាពភ័យតក់ស្លុតក្រោមការគ្រប់គ្រងរបស់ពួកជ្រុលនិយមរដ្ឋឥស្លាមអស់រយៈពេលប៉ុន្មានឆ្នាំមក។
ប្រធានអង្គការមូលនិធីស៊ីរីសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព (Syrian Foundation for Sustainable Development) ដែលជាអង្គការក្នុងស្រុកមួយធ្វើការជាមួយគម្រោងស្ថាបនាឡើងវិញជាច្រើននៅទីក្រុង Raqqa បាននិយាយថា គំនិតនៅពីក្រោយការគាំទ្រគម្រោងទាំងនេះគឺការប្រែក្លាយទីក្រុង Raqqa ដែលក្រុមជ្រុលនិយមរដ្ឋឥស្លាមធ្លាប់អះអាងថាជាដែនដីឥស្លាមរបស់ខ្លួន ឲ្យក្លាយទៅជាទីក្រុងដ៏ស្រស់ថ្លា និងមានភាពចម្រុះពណ៌។
លោកបានប្រាប់ VOA យ៉ាងដូច្នេះថា៖ «កាលពីពេលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម មានតែពណ៌មួយគត់ដែលគេឃើញមានញឹកញាប់ ហើយជាពណ៌ដែលអនុញ្ញាតឲ្យប្រើ ដែលនោះគឺពណ៌ខ្មៅ។ ពណ៌ដែលយើងប្រើនាពេលនេះនៅខណៈដែលយើងជួសជុលឧទ្យានទាំងនេះ តំណាងឲ្យភាពផ្សេងៗគ្នា និងការអត់ធ្មត់»។
ការរីករាយនឹងជីវិតក្រោយពេលរួចផុតពីការគ្រប់គ្រងរបស់ក្រុមរដ្ឋឥស្លាម
ក្នុងពេលដែលខ្លួនបានគ្រប់គ្រងទីក្រុងនេះ ក្រុមរដ្ឋឥស្លាមបានដាក់កម្រិតសកម្មភាពសង្គមយ៉ាងតឹងរ៉ឹងទៅលើប្រជាជននៅក្នុងទីក្រុង Raqqa និងទីកន្លែងផ្សេងទៀតនៃប្រទេសស៊ីរី និងអ៊ីរ៉ាក់។
ជាពិសេសស្ត្រីត្រូវតម្រូវឲ្យពាក់សម្លៀកបំពាក់ពណ៌ខ្មៅ ដោយគ្រប់ជិតរាងកាយទាំងមូលរួមទាំងមុខផងដែរ។ អ្នកដែលមិនគោរពបទបញ្ជានេះត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរ ដែលរួមមានការដាក់ពន្ធនាគារ និងការវាយនឹងរំពាត់ផងដែរ។
ក្រុមរដ្ឋឥស្លាមក៏បានប្រែក្លាយទីលាន al-Naeem ដែលធ្លាប់ជាទីមានភាពមមាញឹកនៅក្នុងទីក្រុង Raqqa ឲ្យទៅជាកន្លែងសម្រាប់អនុវត្តការប្រហារជីវិតជាសាធារណៈ ដែលធ្វើឲ្យសហគមន៍ជាច្រើនដែលរស់នៅក្រោមការគ្រប់គ្រង់ដ៏ព្រៃផ្សៃរបស់ក្រុមនេះនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ មានការភ័យខ្លាច។
លោក al-Hendi និយាយថា៖ «អ្វីដែលយើងកំពុងព្យាយាមធ្វើគឺការប្រែក្លាយតំបន់ទាំងនេះដែលធ្លាប់ជានិមិត្តរូបនៃសេចក្ដីស្លាប់ឲ្យទៅជាកន្លែងដែលអាចរីករាយជាមួយនឹងជីវិតពេញលេញបំផុត»។
លោក Aslan Mamo វិចិត្រករល្បីម្នាក់ដែលបានប្ដេជ្ញាធ្វើការកែប្រែមុខមាត់នៃឧទ្យានទាំងឡាយនៅទីក្រុង Raqqa និយាយថា គម្រោងទាំងនេះនាំមកនូវក្ដីសង្ឃឹម និងក្ដីរីករាយសម្រាប់ប្រជាជននៅក្នុងទីក្រុង Raqqa។
លោកនិយាយថា៖ «យើងមិនមែនគ្រាន់តែសាងសង់ឧទ្យាននេះឡើងវិញដើម្បីឲ្យតែរួចពីដៃនោះទេ។ យើងត្រូវតែយកចិត្តទុកដាក់លើអ្វីគ្រប់យ៉ាងដែលយើងសាងឡើងពីពេលនេះឲ្យមានភាពស្រស់ស្អាត ពីព្រោះក្រុមជ្រុលនិយមរដ្ឋឥស្លាមបានបំផ្លាញប្រជាជនពីខាងក្នុង ហើយព្យាយាមសម្លាប់រស់ជាតិនៃសម្រស់របស់ពួកគេ»។
លោកបានថ្លែងប្រាប់ VOA ថា ពួកគេក៏ធ្វើរឿងស្រដៀងគ្នានេះផងដែរនៅទីវាលសម្រាប់លេងកីឡា សាលាបឋមសិក្សា និងទីកន្លែងផ្សែងទៀតនៅក្នុងទីក្រុងនេះ។
នៅខណៈដែលមនុស្សជាច្រើនបានត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនៅទីក្រុង Raqqa បន្ទាប់ពីទីក្រុងនេះត្រូវបានរំដោះបានពីក្រុមជ្រុលនិយមរដ្ឋឥស្លាមមក អ្នកជំនាញនានាបានបញ្ជាក់ថា ការសាងសង់ឡើងវិញនូវអាគារទំនើបៗនឹងទាក់ទាញមនុស្សកាន់តែច្រើនឲ្យពិចារណាត្រឡប់មកកាន់ទីក្រុងនេះវិញនាពេលអនាគត។
លោក al-Abo វិស្វករសំណង់ស៊ីវិលនៅក្នុងទីក្រុង Raqqa ដែលបានជួយក្នុងការកសាងឡើងវិញនូវឧទ្យានជាច្រើននៅក្នុងទីក្រុង Raqqa និយាយដូច្នេះថា៖ «ការស្ដារសេវាសាធារណៈឡើងវិញដូចជា ឧទ្យាន និងមជ្ឈមណ្ឌលកម្សាន្តនានា គឺជាកត្តាចម្បងនៃការធ្វើឲ្យទីក្រុងនេះមានស្ថិរភាពឡើងវិញ»។
លោកបានថ្លែងក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ VOA ថា ក្រុមរបស់លោកមានបំណងសាងសង់ឡើងវិញនូវគ្រប់ឧទ្យានទាំងអស់នៅក្នុងទីក្រុងនេះ ដែលជាទីក្រុងត្រូវបានបំផ្លិចបំផ្លាញ ឬត្រូវបានប្រើដោយក្រុមជ្រុលនិយមរដ្ឋឥស្លាមក្នុង «គោលបំណងអាក្រក់»។
ការរួមចំណែករបស់សហរដ្ឋអមេរិក
សកម្មជននានាបានបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះត្រូវបានផ្ដល់មូលនិធិទាំងស្រុងដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលហៅកាត់ថា USAID។ ទីភ្នាក់ងារ USAID ជាស្ថាប័នរដ្ឋាភិបាលសហព័ន្ធ ដែលរ៉ាប់រងខាងផ្ដល់ជំនួយទៅឲ្យសហគមន៍នានាដែលត្រូវការជំនួយនៅជុំវិញពិភពលោក។
សហរដ្ឋអាមេរិកគឺជាអ្នករួមវិភាគទានដ៏ចម្បងនៅក្នុងការកសាងឡើងវិញនូវទីក្រុង Raqqa និងទីក្រុងដទៃទៀតដែលត្រូវបានបំផ្លាញដោយសារសង្គ្រាមប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម។
កាលពីខែមិនាឆ្នាំនេះ សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយជាង ៣៩៧ លានដុល្លារបន្ថែមទៀតសម្រាប់ប្រទេសស៊ីរី ដែលក្នុងនោះមានទាំងតំបន់ដែលទើបតែត្រូវបានរំដោះចេញពីក្រុមជ្រុលនិយមរដ្ឋឥស្លាមកាលពីពេលថ្មីៗនេះផងដែរ។
ទឹកប្រាក់ទាំងនេះ ដែលជាជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកឆ្លើយតបទៅនឹងវិបត្តិនៅស៊ីរី បានកើនឡើងរហូតដល់ជាង ៩ ពាន់ ៥ រយលានដុល្លារ ចាប់តាំងពីការចាប់ផ្ដើមសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនេះកាលពីឆ្នាំ ២០១១ មក។
នៅក្នុងទីក្រុង Raqqa ពលរដ្ឋរស់នៅទីក្រុងនេះសង្ឃឹមថា គំនិតផ្ដួចផ្ដើមបែបនេះនឹងលើកទឹកចិត្តដល់ម្ចាស់ជំនួយអន្តរជាតិផ្សេងទៀតឲ្យវិនិយោគបន្ថែមលើការកសាងទីក្រុងរបស់ពួកគេឡើងវិញ។
លោក Hamoud al-Salih អាយុ ៣៩ ឆ្នាំ ដែលជាពលរដ្ឋរស់នៅក្នុងទីក្រុង Raqqa និយាយថា៖ «នៅខណៈដែលមិនទាន់មានក្ដីសង្ឃឹមថានឹងអាចជួយផ្គត់ផ្គង់ថវិកាដោយខ្លួនឯងបាននាពេលនេះ មានតែជំនួយអន្តរជាតិទេដែលអាចនាំមកនូវភាពប្រក្រតីឡើងវិញសម្រាប់ទីក្រុងនេះ»៕
ប្រែសម្រួលដោយ នៀម ឆេង