អ្នកស្រាវជ្រាវ៖ អំពើ​ឧក្រិដ្ឋកម្ម​របស់​ខ្មែរក្រហម​លើ​ជន​ជាតិ​ចាម​ជា​ចេតនា​បំបាត់​ជាតិ​សាសន៍

សូ ហ្វារីណា ជា​អ្នកស្រាវជ្រាវ​មួយ​រូប​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា អំពើ​ឧក្រិដ្ឋកម្ម​ដ៏ធ្ងន់ធ្ងរ​លើ​ជន​ជាតិ​ចាម​មិនមែន​គ្រាន់តែ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ទេ តែ​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ដែល​នាំ​ទៅ​រក​ការបំបាត់​ពូជសាសន៍​ចាម។ នេះបើ​តាម​ការអះអាង​របស់​កញ្ញា សូ ហ្វារីណា អ្នកស្រាវជ្រាវ​នៃមជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ។

កញ្ញា​បាន​បន្ថែម​ថា បទឧក្រិដ្ឋ​ទាំងនោះ​កើត​ឡើង​ជា​ប្រព័ន្ធ និង​រាល​ដាល​ពាសពេញ​ប្រទេស។ ក្នុង​នោះ រួមមាន​អំពើ​កាប់​សម្លាប់​ជនជាតិ​ចាម មេដឹកនាំ​សាសនា ការ​បំផ្លិចបំផ្លាញ​សាសនា គម្ពីរ ការផ្លាស់ប្តូរ​ព្រះវិហារ​ទៅ​ជា​កន្លែង​ ចញ្ចឹម​សត្វ​ឬ​មន្ទីរ​ឃុំឃាំង ការបង្ខំ​ឲ្យ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ ការ​បំបែក​កុមារ​ចាម និង​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ ការជម្លៀស​ដោយ​បង្ខំ ការផ្តល់​អាហារ​ដែល​សាសនា​ហាម​ឃាត់​ដូចជា​សាច់ជ្រូក។

Your browser doesn’t support HTML5

អ្នកស្រាវជ្រាវ៖ អំពើ​ឧក្រិដ្ឋកម្ម​របស់​ខ្មែរក្រហម​លើ​ជន​ជាតិ​ចាម​ជា​ចេតនា​បំបាត់​ជាតិ​សាសន៍

កញ្ញា សូ ហ្វារីណា ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​រឿង​នេះ ​ចាប់តាំង​ពី​ឆ្នាំ២០០៤​ ដោយការ​សម្ភាស​សហគមន៍​ចាម​ជាច្រើន​ដែល​នៅ​រស់រាន​មាន​ជីវិត។ នាង​ថ្លែង​ថា​ការប្រព្រឹត្ត​ទាំងអស់​នេះ គឺ​វា​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ការ​រក្សា​អត្តសញ្ញាណ​ជនជាតិ​ចាម ហើយ​អាច​ឈាន ទៅ​រក​ការបាត់បង់​ជនជាតិ​នេះ។

«នេះ ជា​អ្វី​ដែល​ជនជាតិ​ចាម​ទទួល​រងទាំង​ផ្នែក​សាសនា​និង​ជនជាតិ។ អញ្ចឹង​វា​ចូល​ទៅ​ក្នុង​លក្ខណៈ​មួយ ដែល​យើង​អាច​ទាញ​ភ្ជាប់​ជាមួយ​ចេតនា​របស់​មេដឹកនាំ​ខ្មែរក្រហម​នៅ​ក្នុង​ការលុប​បំបាត់​ជន ជាតិចាម​ទាំងស្រុង​ឬ​ដោយ​ផ្នែក»។

សាលាក្តី​ខ្មែរក្រហម​បាន​បន្ថែម​បទចោទ​ប្រកាន់​លើ​ជនជាប់​ចោទ​ជា​មេដឹកនាំ​ខ្មែរក្រហម​ពីរ​នាក់​គឺ នួន ជា និង​ខៀវ សំផន ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជាច្រើន​ក្នុង​សំណុំ​រឿង​០០២ វគ្គ​ទី២។ ឧក្រិដ្ឋកម្ម ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម និង​វៀតណាម​ស្ថិត​ក្នុង​ចំណោម​បទ​ចោទ​ថ្មី​នោះ​ដែរ។

មាន​ជនជាតិ​ចាម​ប្រមាណ​មួយ​សែន​ទៅ​ជិត​៥សែន​នាក់​ត្រូវ​ខ្មែរក្រហម​កាប់​សម្លាប់ ក្នុង​ទសវត្សរ៍ ១៩៧០។ ក្រុម​ជនជាតិ​ចាម​នៅ​មាន​ការ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​លើ​ការស្វែង​រក​យុត្តិធម៌ ទោះ​ជា មាន​ការ​ថមថយ​ខ្លះ​ដោយសារតែ​ការយឺត​ពេល​នឹង​កាត់ទោស​ខ្មែរក្រហម​និង​ការ​មមាញឹក នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ក្តី។ នាង សូ​ ហ្វារីណា​បាន​ថ្លែង​ថា ការកាត់​ទោស​ខ្មែរក្រហម​ជា​ឱកាស​សំខាន់​សម្រាប់​ពលរដ្ឋ​ទាំងអស់ អ្នករស់រាន​មាន​ជីវិត​ទាំងអស់ ក្នុងការ​ចូលរួម​ស្វែងរក​ការពិត​និង​យុត្តិធម៌​នេះ។ កញ្ញា​ជំរុញ​និង​លើក​ទឹកចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ចូលរួម​តាមដាន ក៏​ដូចជា​សិក្សា​ស្រាវជ្រាវ អំពី​បញ្ហា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​នេះ ដើម្បី​ឲ្យ​យល់​ដឹង​កាន់តែ​ច្បាស់​ហើយ​នឹង​ចូលរួម​ក្នុង​ដំណើរការ​នីតិរដ្ឋ​នេះ៕