ប្រតិកម្ម​នានា​ចំពោះ​ការចោទ​ប្រកាន់​របស់​គណៈ​វិនិច្ឆ័យ​តុលាការ​រដ្ឋ Georgia លើ​លោក Trump

រដ្ឋអាជ្ញាថ្នាក់រដ្ឋប្រចាំស្រុក Fulton អ្នកស្រី Fani Willis ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីមហា​គណៈវិនិច្ឆ័យ បានចោទប្រកាន់លើលោក Donald Trump និងសម្ព័ន្ធមិត្តរបស់លោកក្នុង​ការប៉ុនប៉ង​ប្រែក្រឡាស់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ នៅរដ្ឋ Georgia នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

បន្ទាប់ពី​មហា​គណៈវិនិច្ឆ័យ​តុលាការ​រដ្ឋ Georgia បាន​ចោទ​ប្រកាន់​លើ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​បុគ្គល ១៨ នាក់​ផ្សេង​ទៀត​ថា​បាន​ប្រឹងប្រែង​ប្រែ​ក្រឡាស់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ មក ថ្នាក់​ដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ហៅ​វិធានការ​នេះ​ថា​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា​គ្មាន​នរណា​ម្នាក់​នៅ​ពី​លើ​ច្បាប់​នោះ​ទេ ស្រប​ពេល​ដែល​សមាជិក​ល្បី​ឈ្មោះ​មួយ​ចំនួន​ខាង​គណបក្ស​សាធារណរដ្ឋ​ថា​ វិធានការ​នេះ​គឺ​ជា​សកម្មភាព​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​បេក្ខជន​ម្នាក់​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២៤ ខាង​មុខ។

លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា និង​លោក Hakeem Jeffries មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ថា ការ​ចោទ​ប្រកាន់​របស់​មហា​គណៈវិនិច្ឆ័យ​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​និង​ការ​ចោទ​ប្រកាន់ ៣ លើក​មុន​នេះ​ទៀត​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី «លំនាំ​ម្ដង​ហើយ​ម្ដង​ទៀត​នៃ​ទង្វើ​ឧក្រិដ្ឋ​របស់​លោក​អតីត​ប្រធានាធិបតី [Trump]»។

លោក Schumer និង​លោក Jeffries បាន​បញ្ជាក់​ដូច្នេះ​ថា៖ «វិធានការ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋអាជ្ញា​ថ្នាក់​រដ្ឋ​ប្រចាំ​ស្រុក Fulton រួម​ជាមួយ​នឹង​វិធានការ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋអាជ្ញា​ថ្នាក់​រដ្ឋ​និង​ថ្នាក់​សហព័ន្ធ​ផ្សេង​ទៀត បាន​បញ្ជាក់​ម្ដង​ទៀត​ឱ្យ​ឃើញ​អំពី​ជំនឿ​រួម​ដែល​ថា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក គ្មាន​នរណា​ម្នាក់ សូម្បីតែ​ប្រធានាធិបតី អាច​ស្ថិត​នៅ​ពី​លើ​ច្បាប់​បាន​ទេ»។

ប្រធាន​រដ្ឋសភា​លោក Kevin McCarthy ខាង​គណបក្ស​សាធារណរដ្ឋ​បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X ដែល​ពី​មុន​ហៅ​ថា Twitter ថា លោក​ប្រធានាធិបតី Joe Biden «បាន​ប្រើ​រដ្ឋាភិបាល​ធ្វើ​ជា​អាវុធ​ដើម្បី​ប្រឆាំង​នឹង​គូ​ប្រជែង​នយោបាយ​នាំ​មុខ​របស់​លោក​ក្នុង​គោល​បំណង​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២៤ ខាង​មុខ»។

លោក McCarthy បាន​ចោទ​ប្រកាន់​រដ្ឋអាជ្ញា​ថ្នាក់​រដ្ឋ​ប្រចាំ​ស្រុក Fulton អ្នកស្រី Fani Willis ថា​បាន «វាយ​ប្រហារ​លើ​លោក [អតីត] ប្រធានាធិបតី Trump និង​ប្រើប្រាស់​ការ​វាយ​ប្រហារ​នេះ​ដើម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​អាជីព​នយោបាយ​របស់​ខ្លួន»។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Nikema Williams ដែល​មណ្ឌល​របស់​អ្នកស្រី​រួម​បញ្ចូល​ទាំង​ផ្នែក​មួយ​នៃ​ស្រុក Fulton ផង​ដែរ បាន​និយាយ​ថា លោក Trump បាន​ព្យាយាម​ដក​សិទ្ធិ​បោះឆ្នោត​របស់​អ្នក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Georgia ដោយសារតែ​លោក​មិន​ពេញចិត្ត​នឹង​លទ្ធផល​នៃ​ការ​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​កាលពី​ឆ្នាំ ២០២០។

អ្នកស្រី Williams បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X ដែល​ពី​មុន​ហៅ​ថា Twitter ថា៖ «នោះ​គឺ​ជា​ការ​បំពាន​លើ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង។ ប៉ុន្តែ នៅ​ក្នុង​ស្រុក Fulton យើង​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​គ្នា​ចំពោះ​មនុស្ស​គ្រប់​រូប សូម្បីតែ​ចំពោះ​អតីត​ប្រធានាធិបតី​ដែល​ចាញ់​ឆ្នោត​ក៏ដោយ»។

អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អ្នកស្រី Hillary Clinton ដែល​បាន​ចាញ់​លោក Trump នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ បាន​និយាយ​នៅ​ក្នុង​ទូរទស្សន៍ MSNBC ថា ការណ៍​ដែល​អតីត​ប្រធានាធិបតី​មួយ​រូប​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​សំខាន់ៗ «គឺ​ជា​ដំណាក់កាល​ដ៏​អាក្រក់​សម្រាប់​ប្រទេស​របស់​យើង»។

អ្នកស្រី Clinton ថ្លែង​ដូច្នេះ​ថា៖ «ការ​ពេញចិត្ត​តែ​មួយ​គត់​គឺ​ប្រហែល​ជា​ដូច​នេះ​គឺ​ថា​ប្រព័ន្ធ​នេះ​មាន​ដំណើរការ​ល្អ រាល់​កិច្ច​ប្រឹងប្រែង​ទាំង​អស់​របស់​លោក Donald Trump សម្ព័ន្ធមិត្ត​របស់​លោក និង​អ្នក​ជួយ​ជ្រោមជ្រែង​លោក​នៅ​ក្នុង​ការ​ព្យាយាម​បំបិទ​សច្ចភាព នៅ​ក្នុង​ការ​ព្យាយាម​បំផ្លាញ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ ត្រូវ​បាន​បង្ហាញ​ឡើង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់ ហើយ​យុត្តិធម៌​កំពុង​ត្រូវ​បាន​បន្ត​សម្រេច​ឱ្យ​បាន»។

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Jim Jordan បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X ថា ការ​ចោទ​ប្រកាន់​របស់​គណៈវិនិច្ឆ័យ​តុលាការ​កាលពី​ថ្ងៃ​ចន្ទ «គឺ​គ្រាន់តែ​ជា​ការ​វាយ​ប្រហារ​ផ្នែក​នយោបាយ​ថ្មី​ចុងក្រោយ​បង្អស់​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​តាម​ព្យាបាទ​របស់​គណបក្ស​ប្រជាធិបតេយ្យ​លើ​លោក [អតីត] ប្រធានាធិបតី Trump»។

លោក Jordan បាន​បន្ថែម​ថា៖ «លោក [Trump] មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ!»៕

​ប្រែសម្រួល​ដោយ​លោក ភី សុភាដា