ភាពជ្រួលច្របល់បានកើតឡើងនៅតាមដងផ្លូវនានានៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ស្របពេលដែលមានសេចក្ដីរាយការណ៍ថា ក្រុមតាលីបង់ (Taliban) ត្រៀមសម្រុកចូលទៅកាន់ទីក្រុងនោះ។
អ្នកយកព័ត៌មានផ្នែកអាហ្វហ្កានីស្ថានម្នាក់នៃ VOA កំពុងស្ថិតក្នុងការិយាល័យលិខិតឆ្លងដែន នៅពេលដែលមនុស្សគ្រប់គ្នាត្រូវបានគេប្រាប់ថាឲ្យចាកចេញទៅផ្ទះវិញជាបន្ទាន់។
ចរាចរណ៍នៅតាមផ្លូវនានានៅក្នុងទីក្រុងកាប៊ុលមានភាពកកស្ទះរញ៉េរញ៉ៃ នៅពេលដែលមនុស្សប្រញាប់ប្រញាល់ធ្វើដំណើរទៅផ្ទះ ឬទៅជួបជុំនឹងក្រុមគ្រួសាររបស់ពួកគេ។ ប៉ុន្តែ ស្ថានភាពបានចាប់ផ្ដើមវិលទៅរកភាពប្រក្រតីឡើងវិញបន្តិចម្ដងៗ ទោះបីជាមានការកកស្ទះចរាចរណ៍ខ្លាំងក៏ដោយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថានលោក Abdul Satar Mirzakwal បាននិយាយនៅក្នុងសារជាវីដេអូមួយថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យក្រុមតាលីបង់។
លោក Abdul Satar Mirzakwal បានបញ្ជាក់ថា រដ្ឋធានីកាប៊ុលមិនមែនកំពុងស្ថិតក្រោមការវាយប្រហារនោះទេ ហើយនឹងមិនរងការវាយប្រហារណាមួយដែរ។ លោកបានជំរុញប្រជាពលរដ្ឋកុំឲ្យផ្ដោតការយកចិត្តទុកដាក់ចំពោះការឃោសនាណាមួយ។ លោកបានលើកឡើងថា ការផ្ទេរអំណាចដោយសន្តិវិធីនឹងធ្វើឡើងក្រោមការរៀបចំនៅក្នុងរដ្ឋធានីកាប៊ុល។
លោក Matin Bek ទីប្រឹក្សាកំពូលមួយរូបរបស់ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani ក៏បានជំរុញប្រជាពលរដ្ឋតាមរយៈសារតាម Twitter កុំឲ្យមានការជ្រួលច្របល់ផងដែរ។
លោក Matin Bek គឺជាសមាជិកមួយរូបនៃក្រុមចរចា ដែលបានជួបចរចាជាបន្តបន្ទាប់ជាមួយនឹងគណៈប្រតិភូតាលីបង់នៅក្នុងរដ្ឋធានីដូហា ប្រទេសកាតា។
អ្នកនាំពាក្យក្រុមតាលីបង់បានសរសេរនៅលើ Twitter ថា៖ «ថ្នាក់ដឹកនាំតាលីបង់ណែនាំកងកម្លាំងរបស់ខ្លួនទាំងអស់ឲ្យយាមច្រកចេញចូលនៃរដ្ឋធានីកាប៊ុល មិនមែនឲ្យព្យាយាមចូលទៅក្នុងរដ្ឋធានីនោះទេ»។
គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ អ្នកនាំពាក្យក្រុមតាលីបង់បានប្រកាសថា ពួកគេនឹងមិនចូលទៅកាន់រដ្ឋធានីកាប៊ុលដោយការប្រើកម្លាំងនោះឡើយ និងចង់បានការផ្ទេរអំណាចដោយសន្តិវិធី។
ក្រុមតាលីបង់បានប្រកាសលើកលែងទោសជាទូទៅដល់មនុស្សទាំងអស់ និងបាននិយាយថានឹងមិនមានការសម្លាប់បែបសងសឹកណាមួយឡើយ។
ពលរដ្ឋក្នុងទីក្រុងកាប៊ុលមានប្រតិកម្មចម្រុះចំពោះសេចក្ដីរាយការណ៍ទាក់ទិននឹងការធ្វើដំណើររបស់ក្រុមតាលីបង់មកដល់ទីក្រុងកាប៊ុល។
លោក Ali Sina ដែលជានិស្សិតផ្នែកសេដ្ឋកិច្ចនិងជាពលរដ្ឋមួយរូបនៃទីក្រុងកាប៊ុល បាននិយាយថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានបានចុះចាញ់និងព្រមប្រគល់រដ្ឋធានីកាប៊ុលឲ្យក្រុមតាលីបង់កាន់កាប់។ ខ្ញុំគិតថា វាល្អសម្រាប់ប្រជាពលរដ្ឋ ដោយសារតែគ្មានការវាយប្រយុទ្ធគ្នា»។
នៅពេលដែលសួរថាតើគាត់គិតថាអាចបន្តជីវភាពរស់នៅដូចសព្វថ្ងៃនេះនៅក្រោមការដឹកនាំរបស់ក្រុមតាលីបង់បានដែរឬក៏យ៉ាងណានោះ លោក Ali Sina ឆ្លើយថា៖ «ខ្ញុំគិតអីចឹង»។
លោក Hamidullah ដែលមិនហ៊ានបញ្ចេញឈ្មោះពេញដោយសារមូលហេតុសន្តិសុខ ហាក់ដូចជាមិនសូវមានក្ដីសង្ឃឹមប៉ុន្មានទេ។
លោកបញ្ជាក់ដូច្នេះថា៖ «ខ្ញុំខ្លាចក្រុមតាលីបង់គ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានទាំងមូល។ ខ្ញុំបានធ្វើការជាមួយយោធាសហរដ្ឋអាមេរិក ហើយប្រសិនបើក្រុមតាលីបង់គ្រប់គ្រងរដ្ឋធានីកាប៊ុល ពួកគេនឹងព្យាយាមសម្លាប់ខ្ញុំ ប្រសិនបើពួកគេដឹងអំពីប្រវត្តិរបស់ខ្ញុំ»។
ឧទ្ធម្ភាគចក្រសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានចុះចតនៅស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងកាប៊ុល និងត្រូវបានគេបញ្ជាក់ថា កំពុងជម្លៀសបុគ្គលិកចេញពីស្ថានទូតទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុល។
ទីភ្នាក់ងារព័ត៌មាន The Associated Press បានរាយការណ៍ថា មន្ត្រីតាលីបង់ម្នាក់បានបញ្ជាក់ថា៖ «មិនមានការប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងសេចក្ដីថ្លៃថ្នូររបស់នរណាម្នាក់នោះទេ ហើយជីវិតរបស់ពលរដ្ឋនៅក្នុងទីក្រុងកាប៊ុលនឹងមិនជួបគ្រោះថ្នាក់នោះឡើយ»៕
(ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters និង The Associated Press។)