អ្នក​កាសែត​ The Cambodia Daily ពីរ​រូប​ត្រូវ​បាន​តុលាការ​រតនគិរី​កោះ​ហៅ​ជា​លើក​ទី២​ពាក់ព័ន្ធ​នឹង​ការ​យក​ព័ត៌មាន​ការ​បោះឆ្នោត

សេចក្តី​រាយការណ៍​របស់​កាសែត​ The Cambodia Daily ស្តីពី​​ការ​កោះហៅ​របស់​តុលាការ​ខេត្ត​រតនគិរី​កោះ​ហៅ​អ្នក​សារព័ត៌មាន​ពីរ​រូប​របស់​កាសែត The Cambodia Daily​ ឲ្យ​ចូល​បំភ្លឺ។ (រូបថត​ដោយ​ the Cambodia Daily)

អ្នក​សារព័ត៌មាន​ពីរ​រូប​របស់​កាសែត The Cambodia Daily​ ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ជា​លើក​ទី​ពីរ​ បន្ទាប់​ពី​ពួកគេ​មិន​បាន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​លើក​ទី១ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។​ ការ​កោះ​ហៅ​អ្នកកាសែត​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​សួរ​សំណួរ​ទៅ​កាន់​ប្រជាពលរដ្ឋ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​ការ​បោះឆ្នោត​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​សារ​ព័ត៌មាន​លើក​ឡើង​ថា​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​និង​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន។

សាលា​ដំបូង​ខេត្ត​រតនគិរី ចេញ​ដីកា​កោះ​ជា​លើក​ទី២ ដល់​អ្នក​សារព័ត៌មាន​កាសែត​ The Cambodia Daily ចំនួន​ពីរ​រូប​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​ការ​ «ញុះញង់​និង​គំរាមកំហែង»​ អ្នក​បោះឆ្នោត​ កាល​ពី​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​កន្លង​ទៅ។​ នេះ​បើ​តាម​ការ​លើកឡើង​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគិរី។​

លោក ​ជា ពេជ្រ​ ​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​រតនគិរី​ ​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​សុក្រ​ថា លោក​បាន​ចេញ​ដីកា​ជា​លើក​ទី២​ ​កាល​ពី​ថ្ងៃទី២៨​ ​ខែ​មិថុនា​ ​ដោយ​កោះហៅ​អ្នក​សារ​ព័ត៌មាន​របស់​កាសែត The Cambodia Daily ​ទាំង​ពីរ​រូប​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃទី២០​ ​ខែ​កក្កដា​ខាងមុខ។​ ​លោក​បន្ថែម​ថា ​លោក​បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​អ្នក​កាសែត​ទាំង​ពីរ​រូប​នោះ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ម្តង​រួច​មក​ហើយ​ ​ប៉ុន្តែ​លោក​ថា ​អ្នក​ទាំង​ពីរ​នោះ​មិន​បាន​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ។​

លោក​ ជា ពេជ្រ​ មិន​បាន​បញ្ជាក់​ថា ​តុលាការ​នឹង​មាន​ចំណាត់​ការ​បែប​ណា​ជា​បន្ត​ ​ប្រសិន​បើ​អ្នក​កាសែត​ទាំង​ពីរ​រូប​នោះ​មិន​ចូល​បំភ្លឺ​ជា​លើក​ទី​ពីរ​នោះ​ទេ​ ​ដោយ​លោក​គ្រាន់​តែ​ប្រាប់​ថា៖​

​«ប្រសិន​បើ​មាន​ព័ត៌មាន​ណា​មួយ​ថា​ គាត់​បាន​ទទួល​ ​មាន​ភស្តុតាង​ណា​មួយ​គាត់​ថា​ គាត់​បាន​ទទួល​ហើយ គាត់​មិន​បាន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តំណាង​អយ្យការ​ទេ នោះ​លទ្ធផល​នៃ​ចំណាត់​ការ​ខ្ញុំ​មិន​ទាន់​ជម្រាប​ជូន​បាន​ទេ។ ខ្ញុំ​មិន​ទាន់​គិត​ដល់​ចំណុច​ហ្នឹង»។

កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​នេះ​ ​ពោល​គឺ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៤ អ្នក​សារព័ត៌មាន​ពីរ​រូប​របស់​កាសែត​ The Cambodia Daily​ ​រួម​មាន​លោក Zsombor Peter ជនជាតិ​កាណាដា​ ​និង​លោក​ ​អូន ភាព​ ​បាន​ដើរ​សួរ​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​អូរយ៉ាដាវ​ ​ខេត្ត​រតនគិរី​ អំពី​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ​ថា​ តើ​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ ​បាន​បោះឆ្នោត​ឲ្យ​គណបក្សមួយ​ណា​កាល​ពី​ឆ្នាំ​២០១២។

​បន្ទាប់​ពី​ការ​សួរ​នាំ​របស់​អ្នកកាសែត​ទាំង​ពីរ​រូប​នោះ​ ​បណ្ដឹង​មួយ​ពី​មេឃុំ​ ​និង​ពលរដ្ឋ​នៅ​ឃុំ​ប៉ាតេ ត្រូវ​បាន​ដាក់​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរយ៉ាដាវ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា។​ ពាក្យ​បណ្ដឹង​បាន​ចោទ​ថា សកម្មភាព​របស់​អ្នក​សារព័ត៌មាន​ទាំង​២​រូប​ គឺ​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត ​ដែល​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អ្នក​កាសែត​ The Cambodia Daily និង​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ស្ថាប័ន​ព័ត៌មាន​របស់​ពួកគេ​បាន​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

អត្ថបទ​ជា​ភាសា​អង់គ្លេស​របស់​កាសែត​ The Cambodia Daily ចេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ផ្សាយ​ថា ការិយាល័យ​កាសែត​ The Cambodia Daily ​ទទួល​បាន​ដីកា​មួយ​ពី​តុលាការ​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​ព្រះ​រាជអាជ្ញា​ឈ្មោះ ជា ពេជ្រ កោះ​ហៅ​ឲ្យ​អ្នកសារព័ត៌មាន​របស់​ពួកគេ​២​រូប ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃ​ទី​២០ ខែ​កក្កដា​នេះ។​ អ្នក​ចាត់​ការ​ទូទៅ​នៃ​កាសែត The Cambodia Daily លោក Douglas Steele​ ​ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​អត្ថបទ​ដដែល​ថា៖ «ពួក​យើង​ ជា​ការពិត នឹង​ទៅ​ពិភាក្សា​ជាមួយ​នឹង​ព្រះរាជអាជ្ញា​ និង​បញ្ចេញ​យោបល់​ជា​សាធារណៈ​ ​នៅ​ពេល​ដ៏​សមស្រប​មួយ»។

យោង​តាម​បណ្តឹង​ដែល​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម​នា​ចុងខែ​ឧសភា​ ​ឲ្យ​ដឹង​ថា​ ​បណ្ដឹង​ចុះ​ថ្ងៃ​ទី​២២​ ខែ​ឧសភា​ ​មេឃុំ​ប៉ាតេ​ លោក​ រម៉ាម យួត​ ​មកពី​គណបក្ស​ សម​ រង្ស៊ី​ និង​អ្នក ភូមិ​ឈ្មោះ​ សេវ បន​ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ​ រចំ យ៉ិ​ រស់​នៅ​ក្នុង​ឃុំ​នេះ​ បាន​ចោទ​អ្នក​យក​ព័ត៌មាន​ទាំងពីរ​នាក់​របស់​កាសែត​ The Cambodia Daily គឺ​លោក​ Zsombor Peter ​ជនជាតិ​កាណាដា​ ​និង​លោក​ ​អូន ភាព​ពី​បទ «ញុះញង់​ឲ្យ​គាំទ្រ​គណបក្ស​ប្រឆាំង»​ ​និង​រំលោភ​សិទ្ធិ​ស្វ័យ​សម្រេច​ ​តាម​រយៈ​ការ​សួរ​សំណួរ​ថា​ តើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​នៅ​ក្នុង​ឆ្នាំ​ ២០១២?

ឃុំ​ប៉ាតេ​ ​គឺ​ជា​ឃុំ​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​រតនគិរី​ ​ដែល​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ធ្វើ​ជា​មេឃុំ កាល​ពី​ប្រាំ​ឆ្នាំ​មុន។​ ​ប៉ុន្តែ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី៤​កាលពី​ពេល​ថ្មីៗ​នេះ ឃុំ​ប៉ាតេ​ ​ត្រូវ​បាន​មេឃុំ​ថ្មី​របស់​គណបក្ស​កាន់​អំណាច​ដែល​ជា​អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប ដណ្តើម​បាន​យក​មក​គ្រប់គ្រង។

ភ្លាមៗ​បន្ទាប់​ពីមាន​ករណី​ប្តឹង​អ្នក​កាសែត​ទាំង​ពីរ​រូប​នោះ​ ​លោក​ ​ខៀវ កាញារីទ្ធ​ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ព័ត៌មាន​ ​បាន​បង្ហោះ​លើ​ទំព័រ​ Facebook ​របស់​លោក​នូវ​រូបថត ​និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ក្នុង​លិខិត​ឆ្លង​ដែន​របស់​អ្នក​កាសែត​ ​The Cambodia Daily​ ម្នាក់​គឺ​លោក​ Zsombor Peter។

ក្រោយ​ការ​បង្ហោះ​របស់​លោក ​ខៀវ កាញារីទ្ធ​ ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា​ ​(Overseas Press Club of Cambodia)​ ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ​ដោយ​ថ្កោលទោស​ការ​បង្ហោះ​អត្ត​សញ្ញាណ​របស់​អ្នក​កាសែត​បរទេស​របស់​កាសែត​ The Cambodia Daily លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។​ ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា ​បាន​ទទូច​ឲ្យ​មាន​ការ​លុបចោល​នូវ​ព័ត៌មាន​ទាំង​នោះ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​លើក​ឡើង​ថា​ ការ​បង្ហោះ​របស់​លោក​ ​ខៀវ កាញារីទ្ធ ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ និង​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ដល់​អ្នក​កាសែត​បាន។​ ​លោក​ ខៀវ កាញារីទ្ធ​ ក្រោយ​មក​បាន​លុបចោល​ការ​បង្ហោះ​នោះ។

​ពាក់ព័ន្ធ​នឹង​ករណី​ប្តឹង​អ្នក​កាសែត​ដែល​បាន​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នេះ​ ​លោក​ ​មឿន ឈានណារិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​លើក​ឡើង​ថា​ ​ប្រជា​ពលរដ្ឋ​ ​ជាពិសេស​អ្នក​សារព័ត៌មាន មាន​សិទ្ធិ​ក្នុង​ការ​សួរ​ព័ត៌មាន​គ្រប់​បែប​យ៉ាង​ស្រប​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ ​និង​ច្បាប់​អន្តរជាតិ។ ​លោក​បន្ថែម​ថា​ ​អ្នក​សារ​ព័ត៌មាន​អាច​ត្រូវ​ប្រឈម​មុខ​ច្បាប់​ ​លុះ​ត្រា​តែ​សំណួរ​ដែល​ពួកគេ​សួរ គឺ​ជា​សំណួរ​ដែល​មាន​លក្ខណៈ​ចាប់​បង្ខំ ឬ​គំរាម​កំហែង​ផ្សេងៗ។

លោក​ មឿន ឈានណារិទ្ធ​ មាន​ប្រសាសន៍​ប្រាប់ VOA ​ថា៖​

«ការ​សួរ​សំណួរ​គឺ​ជា​អាជីព​មួយ​របស់​អ្នក​សារព័ត៌មាន​ ​ហើយ​ត្រង់​ថា​ ​អ្នក​ផ្តល់​ព័ត៌មាន​គាត់​ឆ្លើយ​មិន​ឆ្លើយ​នោះ​ជា​សិទ្ធិ​របស់​គាត់។​ អញ្ចឹង​ខ្ញុំ​គិត​ថា​ ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​ហ្នឹង​ដូច​ជា​ធ្ងន់ធ្ងរ​ពេក ព្រោះ​អី​គ្រាន់​តែ​សួរ​ព័ត៌មាន​ទូទៅ​ ​ទោះបីជា​សួរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អ្វី​ក៏​ដោយ​ ក្នុង​តួនាទី​ជា​អ្នក​សារ​ព័ត៌មាន​ ​មិន​គួរ​មាន​ទោស​ទេ មិន​គួរ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សាក​សួរ​អញ្ចឹង​ទេ»។

លោក ​មឿន ឈានណារិទ្ធ​ បន្ថែម​ថា​ ​ការ​កោះ​ហៅ​អ្នក​សារ​ព័ត៌មាន​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ការងារ​របស់​អ្នក​សារព័ត៌មាន​ ​និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ជាទូទៅ។

កាសែត​ The Cambodia Daily គឺ​ជា​ស្ថាប័ន​ព័ត៌មាន​បោះពុម្ព​ផ្សាយ​ជា​ភាសាខ្មែរ​ ​និង​អង់គ្លេស​ជិត ៣០​ឆ្នាំ​មក​ហើយ។​ ជា​រឿយៗ​កាសែត​នេះ​ ​បាន​រិះគន់​ធ្ងន់ៗ​ទៅ​លើ​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​កាន់អំណាច​អស់​រយៈពេល​ជាង​៣០ឆ្នាំ។​ ​នេះ​មិនមែន​ជា​លើក​ទី១​ទេ​ ដែល​អ្នក​សារព័ត៌មាន​របស់​កាសែត​ ​The Cambodia Daily​ ​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ដែល​គេ​ដឹង​ថា​ មាន​ភាព​ជិត​ដិត​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ៕