ការ​ធ្វើ​នគរូបនីយកម្ម​យ៉ាង​ឆាប់​រហ័ស​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ថ្មីៗ​សម្រាប់​ទ្វីប​អាហ្វ្រិក

រូបភាព​ឯកសារ៖ នេះ​ជា​ទិដ្ឋភាព​នៃ​សហគមន៍ Makoko ដែល​សង់​នៅ​មាត់​សមុទ្រ។ វា​បង្ហាញ​ពី​ភាព​ក្រីក្រ​ខ្លាំង និង​អសមភាព​រវាង​អ្នក​មាន​ និង​អ្នក​ក្រ នៅ​ក្នុង​ក្រុង Lagos ប្រទេស​នីហ្សេរីយ៉ា។

ទ្វីប​អាហ្វ្រិក​បាន​ក្លាយ​ជា​ទ្វីប​ដែល​មាន​ការ​ធ្វើ​នគរូបនីយកម្ម​យ៉ាង​ឆាប់​រហ័ស​បំផុត​នៅ​ក្នុង​ពិភពលោក។ អង្គការ​សហប្រជាជាតិ​ទស្សន៍​ទាយ​ថា​ នៅ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ទៀត​ ទីក្រុង​ទាំង​១០​ដែល​មាន​ការ​រីក​ចម្រើន​លឿន​បំផុត​គឺ​ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

នៅ​តំបន់​ភាគ​ខាង​ត្បូង​វាល​ខ្សាច់​សាហារ៉ា​ក្នុង​ទ្វីប​អាហ្វ្រិក ចំនួន​ប្រជាជន​ក្នុង​ក្រុង​បាន​កើន​ឡើង​ទ្វេ​ដង​ចាប់​តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​១៩៩០។ ចំនួន​ប្រជាជន​បាន​កើន​ឡើង​ដល់​៤០០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៦។ បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ ​៤០%​នៃ​ប្រជាជន​សរុប​នៅ​ក្នុង​តំបន់​នេះ​រស់​នៅ​ទីក្រុង បើ​ធៀប​នឹង​ឆ្នាំ​២០០០ ​ដែល​មាន​តែ​៣១%​ប៉ុណ្ណោះ។​

ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ឧស្សាហកម្ម​ផ្សេងៗ​មិន​ទាន់​រីក​ចម្រើន​ដូច​ទៅ​នឹង​កំណើន​ប្រជាជន​ក្នុង​ទីក្រុង​នោះ​ទេ។

៦០%​នៃ​អ្នក​រស់​នៅ​ក្នុង​ទីក្រុងនៅ​ក្នុងតំបន់​ភាគ​ខាង​ត្បូង​វាល​ខ្សាច់​សាហារ៉ា​ក្នុង​ទ្វីប​អាហ្វ្រិក ​រស់​នៅ​ក្នុង​សំណង់​អនាធិបតេយ្យ​ ហើយ​មាន​តែ​២៥%​ប៉ុណ្ណោះ​មាន​ទឹក​ស្អាត​មាន​សុវត្ថិភាព​សម្រាប់​ប្រើ

រូបភាព​ឯកសារ៖ រថយន្ត​មួយ​បើក​កាត់​លូ​ទឹក​ស្អុយ នៅ​ក្នុង​ក្រុង Dakar​ កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។

ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​មិន​ល្អ ​និង​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​ជំនន់​ខ្សោយ​គឺ​ជា​បញ្ហា​ប្រឈម​មួយ​ទៀត។ ព្រះ​នាង Kouman Kossia Tamia ជា​ព្រះ​មហាក្សត្រយានី​តាម​បែប​ប្រពៃណី ​នៅ​ប្រទេស​កូតឌីវ័រ (Ivory Coast)។ ព្រះ​នាង​ព្រួយ​ព្រះទ័យ​នៅ​ពេល​ដល់​រដូវ​ភ្លៀង​ម្តងៗ​ និង​ទឹក​ជំនន់​ដែល​អាច​កើត​មាន​ឡើង។

ព្រះ​នាង​មាន​ព្រះរាជ​បន្ទូល​ត្អួញត្អែរ​ថា នៅ​ពេល​ដល់​រដូវ​ភ្លៀង​ម្តងៗ ​ព្រះ​នាង​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ។ អ្វីៗ​ទាំង​អស់​ត្រូវ​បាន​ជាប់​គាំង។​

លោក ​Amadou Diarra ​គឺជា​អភិបាល​ក្រុង ​North Pikine​ ដែល​ជា​ក្រុង​ស្ថិត​នៅ​ជាយ​រដ្ឋធានី​ដាកា របស់​ប្រទេស​សេណេហ្គាល់ (Senegal)។ លោក​យល់​ថា ​ការ​គ្រប់​គ្រង​កាក​សំណល់​របស់​មនុស្ស​គឺ​ជា​បញ្ហា​ដែល​មាន​កាន់​តែ​ច្រើន​ឡើងៗ។

លោក ​Amadou Diarra បាន​ថ្លែង​ថា លោក​មាន​ការ​សោក​ស្តាយ​ដែល​មាន​បញ្ហា​ត្រូវ​កប់​កាក​សំណល់​ចោល ​ដោយសារ​តែ​ពួក​គេ​មិន​មាន​រោងចក្រ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ មាន​កន្លែង​ចាក់សំរាម​តែ​មួយ​ប៉ុណ្ណោះ​ ដែល​ត្រូវ​ទទួល​យក​កាក​សំណល់​ពី​គ្រប់​ផ្ទះ​សម្បែង​ទាំង​អស់​នៅ​ក្នុង​តំបន់ Dakar។ បញ្ហា​នេះ​បាន​បង្ក​ឲ្យ​មាន​ផល​វិបាក​ផ្សេងៗ​ទៀត។ លោក​បាន​និយាយ​ថា បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​គឺ​ត្រូវ​បំលែង​កាក​សំណល់​ទាំង​នោះ​ឲ្យ​ទៅ​ជិត​កន្លែង​ផលិត​វា​ ជា​ជាង​កប់វា​ចោល។ លោក​និយាយ​ថា ការ​កប់​សំរាម​បែប​នេះ​មាន​គ្រោះថ្នាក់​សម្រាប់​មនុស្ស។

ការរីកលូត​លាស់​នៃ​តំបន់​ទីក្រុង​ក្នុង​ទ្វីប​អាហ្វ្រិក​ភាគច្រើន​កើត​មាន​នៅ​ក្នុង​ទីក្រុង​តូចៗ និង​មធ្យម។ អ្នក​រស់​នៅ​ទីក្រុង​ជាង​ពាក់​កណ្តាល​ក្នុង​ទ្វីប​អាហ្វ្រិក ​រស់​នៅ​ក្នុង​ទីក្រុង​ដែល​មាន​ប្រជាជន​តិច​ជាង​២៥០.០០០​នាក់។

អ្នក​ស្រី ​Maggie Chazal ​គឺ​ជា​ស្ថាបនិក​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ​ថា​ Urbanists Without Borders។ អ្នក​ស្រី​និយាយ​ថា ទីក្រុង​ទំហំ​មធ្យម​ទាំង​នោះ​មាន​សារៈ​សំខាន់​ចំពោះ​អនាគត​របស់​ទ្វីប​អាហ្វ្រិក។

អ្នក​ស្រី ​Maggie Chazal ថ្លែង​ថា លោកស្រី​បាន​សង្កត់​បញ្ជាក់ថា ប្រសិន​បើ​មិន​មាន​ទីក្រុង​មធ្យមនោះ​ទេ​ យើង​មិន​អាច​ភ្ជាប់​ទីក្រុង​ធំៗ​ជាមួយ​នឹង​តំបន់​ជនបទ​នោះ​ទេ។ ក្នុង​ករណី​បែប​នេះ តំបន់​ជនបទ​នឹង​មិន​មាន​ទាំង​ការងារ​និង​ឧបករណ៍​នានា​សម្រាប់​ប្រើ​ប្រាស់។ លោកស្រី​បន្ថែម​ថា​ មនុស្ស​វ័យ​ក្មេង​នឹង​ចាក​ចេញ​ពី​តំបន់​ទាំង​នេះ​ទៅ​កាន់​ទីក្រុង​ក្នុង​ចំនួន​ដ៏​ច្រើន។ ទីក្រុង​ធំៗ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បញ្ហា​សេដ្ឋកិច្ច​ និង​បញ្ហា​សង្គម​ប៉ុណ្ណោះ ដូចជា​សំណង់​អនាធិបតេយ្យ​ជា​ដើម។

ប៉ុន្តែ​ទ្វីប​អាហ្វ្រិក​មាន​ទីក្រុង​ធំៗ​ជា​ច្រើន​រួច​ទៅ​ហើយ​ ហើយ​ទីក្រុង​ទាំង​នោះ​កាន់​តែ​ធំ​ទៅៗ។ ទីក្រុង​ Lagos ដែល​ជា​ទីក្រុង​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា នឹង​ក្លាយ​ជា​ទីក្រុង​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​ ដែល​មាន​មនុស្សរស់​នៅ​ចំនួន ​៨៨,៣លាន​នាក់ នៅ​ត្រឹម​ឆ្នាំ​២១០០។ នេះ​បើ​យោង​តាម​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ឬ World Economic Forum៕​

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ