សម្តេច​ក្រុម​ព្រះ​ស្នើ​ឱ្យ​​​រក្សា​កេរដំណែល​ព្រះបាទ​សីហនុ​និង​សុំ​ឱ្យ​រាជវង្សានុវង្ស​ដក​ខ្លួន​​ពី​នយោបាយ

សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​ នៅ​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរមសព​ព្រះមហាវីរក្សត្រ កាល​ពី​ថ្ងៃ​សុក្រ​ទី​០១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣។ (រូបថត៖ ហេង រស្មី)


ភ្នំពេញ៖ ការ​យាង​ចូលទិវង្គត​របស់​ព្រះ​បាទ​នរោត្តម​ សីហនុ​បាន​នាំ​ឱ្យ​មាន​សំណួរ​ថ្មី​ជា​ច្រើន​អំពី​អនាគត​នៃ​របប​រាជានិយម​និង​តួរ​នាទី​របស់​ស្ថាប័ន​រាជបល្ល័ង្គក្នុង​ការ​គ្រប់គ្រង​ពលរដ្ឋ​កម្ពុជា។ ប្រទេស​កម្ពុជា​មាន​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ។ ​ព្រះបាទ​សីហនុ​បាន​សោយរាជ្យ​រហូត​ដល់​ឆ្នាំ​២០០៤​ហើយ​មុន​ពេល​ព្រះ​អង្គ​បាន​យាង​ចូល​និវត្តន៍ ​ព្រះ​អង្គ​បាន​ចូល​រួម​ប្រឡូក​ក្នុង​ឆាក​នយោបាយ​យ៉ាង​សកម្ម។ ព្រះរាជ​បុត្រ​របស់​ព្រះ​អង្គ​គឺ​ព្រះករុណា​នរោត្តម​ សីហមុនី មិន​ធ្លាប់​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ទេ។

យ៉ាង​ណា​ក៏ដោយ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​ ដែល​ជា​ព្រះរាជបុត្រ​មួយ​អង្គ​ដែរ​បាន​បញ្ជាក់​ក្នុង​បទ​សម្ភាសន៍​ពិសេស​ជាមួយ​វីអូអេ​ថា​ កេរដំណែល​របស់​ព្រះ​បាទ​នរោត្តម សីហនុ​គួរ​តែ​រក្សា​ឱ្យ​បាន​នៅ​គង់វង្ស។ ខាងក្រោម​នេះ​ជា​សម្រង់​បន្ទូល​ខ្លះ​ដែល​សម្តេច​ក្រុម​ព្រះ​បាន​ផ្តល់​ឱ្យ​វីអូអេ៖

«ខ្ញុំ​សង្ឃឹម​ថា​ប្រជានុរាស្ត្រ​ខ្មែរ​ លោក​ចេះ​រួបរួម​គ្នា​ជុំវិញ​ព្រះ​រាជបល្ល័ង្គ​ ជុំវិញ​ព្រះ​ករុណា​ជាអង្គ​ម្ចាស់​ ជុំវិញ​សម្តេច​ម៉ែ​របស់​យើង​និង​រាជរដ្ឋាភិបាល​ផងដែរ​ ដើម្បី​ថែរក្សា​នូវ​កេរដំណែល​ដ៏​ធំធេង​របស់​រាជបិតា​ជាតិ​គឺ​ ឯករាជ្យ​បូរណភាព​ទឹកដី​ អធិបតេយ្យ​ពិត​ប្រាកដ​នៃ​ជាតិ​ និង​ការ​បង្រួបបង្រួម​ជាតិ»។

សម្តេច​ក្រុម​ព្រះ បាន​បន្ថែម​ទៀត​ថា៖​

«ល្គឹកណា​រាជវង្សានុវង្ស​ចេះ​រួម​គ្នា​ជុំវិញ​ព្រះមហាក្សត្រ​ ជុំវិញ​សម្តេច​យាយ​ ជុំវិញ​ព្រះរាជ​បល្ល័ង្គ​ហើយ​ល្គឹកណា​ដូច​សម្តេច​នាយករដ្ឋមន្ត្រី លោក​បាន​ស្បថ​ជា​ឱឡារិក​ចំពោះ​ព្រះ​សព​របស់​ព្រះ​រាជបិតា​របស់​ខ្ញុំ​ថា​នឹង​ថែរ​ក្សា​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ឱ្យ​បាន​គង់​វង្ស​ស្ថិតស្ថេរ ខ្ញុំ​យល់​ថា​អនាគត​យើង​មិន​ត្រូវ​បារម្ភ​ទេ»។ ​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​សម្តេច​ក្រុម​ព្រះ​បាន​ស្នើ​សុំ​ឱ្យ​សមាជិក​រាជវង្សានុវង្ស​ឈប់​ធ្វើ​នយោបាយ​និង​រក្សា​គោល​ជំហរ​អព្យាក្រឹត្យ។ ព្រះ​អង្គ​បាន​បញ្ជាក់​ថា៖

«យោបល់​របស់​ខ្ញុំ​គឺ​ថា​បើ​សិន​ជា​យើង​ចង់​ឱ្យ​របប​រាជានិយម​គង់វង្ស​ស្ថិតស្ថេរ​ខ្ញុំ​យល់​ថា​គួរ​តែ​អ្នក​រាជានិយម​ឈប់​ធ្វើ​នយោបាយ​ មិន​ចូល​ជាមួយ​អ្នក​នោះ​បាន​យើង​អាច​បន្ត​នូវ​អ្វី ដែល​យើង​ចង់​បាន​បំផុត​គឺ​អ្នក​រាជានិយម​ពិត​ប្រាកដ​ដែល​ជា​កម្លាំង​របស់​ជាតិ»។

នៅ​ពេល​ដែល​វីអូអេ​បាន​សាកសួរ​ថា​តើ​ព្រះ​អង្គ​អាច​នឹង​សម្រេច​ព្រះ​ទ័យ​យាង​ចូល​ឆាក​នយោបាយ​វិញ​ឬទេ សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិបាន​មាន​បន្ទូលថា៖

«ខ្ញុំ​យល់​ថា​ពេលនេះ​យើង​ត្រូវ​ប្រកាន់​ឥរិយាបទ​អព្យាក្រឹត្យ​នយោបាយ​សិន»៕

តើអ្នកយល់យ៉ាងណាដែរចំពោះអនាគតនៃ​រាជានិយម​ខ្មែរ?