ចលនា​ស្វែងរក​យុត្តិធម៌​ពូជសាសន៍ ទទួល​បាន​ការគាំទ្រ​មុន​ការ​បោះឆ្នោត​ឆ្នាំ ២០២០ ចូល​មក​ដល់

រូបឯកសារ៖ បាតុករ​ម្នាក់ (ខាងមុខគេ) ស្រែក​ទទូច​ឲ្យ​អ្នកតវ៉ា​ផ្សេង​ឲ្យ​ក្រោកឈរ​ឡើង ដើម្បី​ក្លាយជា​សកម្មជន​ក្នុង​អំឡុងពេល​ជួបជុំ​នៃ​ចលនា Black Lives Matter ដែល​ធ្វើ​ឡើង​នៅ​ទីលាន Grand Army Plaza ក្នុង​សង្កាត់ Brooklyn ទីក្រុង​ញូវយ៉ក។

តើ​ការតវ៉ា​ដែល​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ និង​នៅ​ច្រើន​កន្លែង​ទូទាំង​សហរដ្ឋ​អាមេរិក​ដើម្បី​ទាមទារ​យុត្តិធម៌​ពូជសាសន៍​នោះ នឹង​អាច​បន្ត​ទៅ​មុខ និង​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​នយោបាយ ដើម្បី​ផ្លាស់ប្តូរ​ច្បាប់ និង​មូលដ្ឋានគ្រឹះ​របស់​សង្គម​អាមេរិក​បាន​ដែរ ឬទេ?

ការតវ៉ា​ដែល​បាន​ធ្វើឡើង​នៅ​ជា​ច្រើន​កន្លែង និង​នៅតែ​បន្ត​ធ្វើ​នៅ​ឡើយ ដើម្បី​ទាមទារ​យុត្តិធម៌​ពូជសាសន៍​នោះ បាន​ធ្វើឲ្យ​មាន​ការដកចោល​នូវ​រូបសំណាក​ដែល​ពាក់ព័ន្ធ​នឹង​ការប្រកាន់​ពូជសាសន៍ បាន​ធ្វើ​ឲ្យ​ទីក្រុង​មួយ​ចំនួន​ដាក់បម្រាម​មិន​ឲ្យ​ប៉ូលិស​សង្កត់​ក​ជន​ដែល​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ខ្លួន និង​បាន​ជំរុញ​ឲ្យ​មាន​ការទទួលស្គាល់​កាន់តែ​ខ្លាំង​ឡើង​នូវ​ទិវា ១៩ មិថុនា ឬ ហៅ​ថា Juneteenthដែល​ជា​ទិវា​កត់​សម្គាល់​ថ្ងៃ​ដែល​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក បាន​រួចផុត​ពី​ទាសភាព កាលពី ១៥៥ ឆ្នាំ​មុន។

ក៏ប៉ុន្តែ តើ​ចលនា Black Lives Matter ដែល​មាន​ន័យ​ថា ជីវិត​ពលរដ្ឋ​ស្បែកខ្មៅ​មាន​តម្លៃ​នោះ បាន​ទាក់ទាញ​អ្នក​ដែល​មាន​ការប្តេជ្ញាចិត្ត​ឲ្យ​បាន​គ្រប់គ្រាន់​ទេ ដើម្បី​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​ទូលំទូលាយ និង​កំណែទម្រង់​មូលដ្ឋាន នៅក្នុង​ប្រទេស​មួយ​ដែល​បាន​វិលត្រឡប់​រកសភាព​ធម្មតា​វិញ នៅពេល​ការតវ៉ា​បាន​ថមថយ​នោះ?

លោក Jay Brown អ្នកតវ៉ា​ម្នាក់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ជឿ​ថា ចម្លើយ​ទៅ​នឹង​សំណួរ​ខាង​លើ​នេះ គឺ​ពិតជា​អាច​ទៅ​រួច។

លោក Jay Brown ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​មួយ​រូប បាន​ប្រាប់​វីអូអេ នៅក្នុង​អំឡុង​ពេល​តវ៉ា​នៅ​ទីលាន​មួយ​កន្លែង ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថ្មី​ថា «Black Lives Matter Plaza» ស្ថិត​នៅ​ក្បែរ​សេតវិមាន​នោះ ក្នុង​សម្តី​ដើម​យ៉ាង​ដូច្នេះ​ថា៖ «ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ដូច​ខ្ញុំ​នេះ នឹង​ងើប​ឈរ​ឡើង ហើយនឹង​បន្ត​ប្រយុទ្ធ»។

ទីលាន «Black Lives Matter Plaza» នេះ គឺជា​ចំណុច​សំខាន់​នៃ​ការធ្វើ​បាតុកម្ម​តវ៉ា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ចាប់តាំង​ពីថ្ងៃ​ទី ២៥ ខែឧសភា​មក គឺ​ចាប់ពី​ពេល​ដែល​លោក George Floyd ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ម្នាក់ បាន​ស្លាប់​នៅ​ពេល​ដែល​លោក​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ប៉ូលិស​នៅ​ទីក្រុងMinneapolis រដ្ឋ Minnesota ដែល​នោះ​ជា​ឧប្បត្តិហេតុ​មួយ ដែល​បាន​ដាស់​មនសិការ​របស់​ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាសន៍ ហើយ​បាន​ធ្វើឲ្យ​អ្នក​ដែល​សោកសង្រេង និង​មាន​កំហឹង ចេញ​ទៅ​តវ៉ា​នៅ​តាម​ដងផ្លូវ​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Jay Brown បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ទៀត​ថា៖ «នេះ​គឺ​ជា​ចលនា​ជាតិ​មួយ ដែល​នឹង​នាំ​ឲ្យ​មាន​ច្បាប់​ថ្មី ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ដែល​មិនមែន​ជា​ជាតិ​សាសន៍​ស្បែកស»។

នៅពេល​ដែល​សួរ​ថា តើ​សហរដ្ឋ​អាមេរិក​បាន​ឈាន​ដល់​ចំណុច​ផ្លាស់ប្តូរ​មួយ​នៅក្នុង​ការស្វែងរក​យុត្តិធម៌​ពូជសាសន៍​ហើយ​ឬ​នៅ​នោះ? លោក Jay Brown បាន​ឆ្លើយ​ថា «ប្រាកដណាស់! ប្រទេស​នេះ ឈាន​ដល់​ចំណុច​នេះ​ហើយ»។

អ្នកសង្កេតការណ៍​ជាច្រើន​យល់ស្រប​ទៅនឹង​ការយល់ឃើញ​របស់​លោក Jay Brown ដោយ​កត់សម្គាល់​ថា ចលនា Black Lives Matter ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៣ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​អំពើ​ឃោរឃៅ​របស់​ប៉ូលិស បាន​ទទួល​នូវ​សន្ទុះ​គាំទ្រ​គួរ​ឲ្យ​កត់សម្គាល់ និង​មាន​ការគាំទ្រ​យ៉ាងទូ​លំទូលាយ​ពី​សង្គម​អាមេរិក នៅក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

លោក Allan Lichtman ប្រវត្តិវិទូ​ផ្នែក​នយោបាយ​នៃ​សាកល​វិទ្យាល័យ American University បាន​ប្រាប់​វីអូអេ​ក្នុងសម្តី​ដើម​ថា៖ «ការធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌​ពូជសាសន៍​ទាំងនេះ មើលទៅ វា​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ ដូច​ការតវ៉ា​ទាមទារ​សិទ្ធិ​ពលរដ្ឋ​នៅ​ទសវត្សរ៍ ១៩៦០ ដែរ»។

លោក Lichtman កត់សម្គាល់​ថា សកម្មភាព​ទាមទារ​ជា​បន្ត​បាន​ផ្លាស់ប្តូរ​ទស្សនៈ​សាធារណជន និង​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ពលរដ្ឋ​នៅ​ឆ្នាំ ១៩៦៤ ដោយ​ច្បាប់​នោះ បាន​ចាត់ទុក​ការ​រើសអើង​ផ្អែក​លើ​ជាតិ​សាសន៍ ពណ៌សម្បុរ សាសនា ភេទ និង​ដើមកំណើត​ថា ជា​អំពើ​ខុសច្បាប់។

ក៏ប៉ុន្តែ អ្វី​ដែល​ពី​ដំបូង​មើល​ទៅ​ដូចជា​ការសម្រេច​បាន​នូវ​ការផ្លាស់ប្តូរ​ដ៏​ធំធេង​នៅ​សហរដ្ឋ​អាមេរិក​នោះ ជាញឹកញាប់ វា​បរាជ័យ​ក្នុង​ការផ្តល់​លទ្ធផល​ជាក់ស្តែង ឬ យូរអង្វែង។

លោក Lichtman បានថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖ «ដូច​ដែល​យើង​បាន​រៀន​សូត្រ​អំពី​ចលនា​តវ៉ា​ទាក់ទិន​នឹង​រឿង​ប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​កាំភ្លើង​ជាដើម គឺ​មិនមែន​ត្រូវការ​ការគាំទ្រ​របស់​សាធារណជន​តែ​មួយ​ភ្លែត​នោះ​ទេ គឺ​ត្រូវការ​លើស​ពី​នេះ។ វា​ត្រូវការ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ភាគច្រើន ដើម្បី​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​យូរអង្វែង​មួយ»។

សំណួរ​អំពី​ថា​តើ​ចលនា Black Lives Matter និង​អ្នកគាំទ្រ​របស់​ខ្លួន នឹង​អាច​បន្ត​ទៅមុខ និង​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​នយោបាយ ដើម្បី​ផ្លាស់ប្តូរ​ច្បាប់ និង​ផ្លាស់ប្តូរ​មូលដ្ឋានគ្រឹះ​របស់​សង្គម​អាមេរិក​បាន​ដែរ ឬ​ក៏​យ៉ាងណា​នោះ គឺ​មានតែ​ពេល​វេលា​ប៉ុណ្ណោះ​ដែល​អាច​បញ្ជាក់​បាន។

កាលពី​ដើម​ខែមិថុនា​កន្លង​ទៅ​នេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​រាយការណ៍​អំពី​ការ​កើនឡើង​នូវ​ការគាំទ្រ​ជា​សាធារណៈ​ចំពោះ​ចលនា​នេះ ដោយ​មាន​ពលរដ្ឋ​អាមេរិកាំង​ចំនួន ៦៧% គាំទ្រ​ចលនា​នេះ ក្នុង​កម្រិត​ណា​មួយ ដែល​ក្នុង​នោះ​រួម​មាន​ពលរដ្ឋ​ស្បែក​ស​ចំនួន ៦០% ផង​ដែរ៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់