សន្តិសុខ​ត្រូវ​បាន​រឹង​បន្តឹង​នៅ​ទីលាន Tiananmen ប្រទេស​ចិន នៅ​ចំ​ខួប​ទី ៣០ នៃ​ការ​សម្លាប់​រង្គាល​បង្ហូរ​ឈាម

ប៉ូលិស​ឈរ​យាម​នៅ​ពី​មុខ​ទីលាន Tiananmen នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។

សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​នៅ​ជុំវិញ​ទីលាន Tiananmen នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​អង្គារ​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ចិន​មាន​បំណង​បំបិទ​ចោល​នូវ​ការ​ចងចាំ​ណា​មួយ​អំពី​ការ​បង្ក្រាប​ដ៏​ប្រល័យ​លើ​ការ​តវ៉ា​ដែល​ដឹកនាំ​ដោយ​និស្សិត​កាល​ពី ៣០ ឆ្នាំ​មុន។

អ្នក​ទេសចរ​តម្រូវ​ឲ្យ​កង​កម្លាំង​សន្តិសុខ​ឆែកឆេរ​អត្តសញ្ញាណ​តឹងតែង នៅ​ពេល​ដែល​ពួកគេ​មក​ដល់​ទីលាន Tiananmen ដើម្បី​មើល​ពិធី​គោរព​ទង់​ជាតិ​ជា​រៀងរាល់​ព្រឹក។ អ្នក​កាសែត​បរទេស​នានា​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​ទៅ​ទីលាន Tiananmen នោះ និង​ត្រូវ​បាន​ព្រមាន​មិន​ឲ្យ​ថត​រូប​ទិដ្ឋភាព​នៅ​កន្លែង​នោះ។

មនុស្ស​រាប់​រយ​នាក់ ឬ​ក៏​ប្រហែល​ជា​អាច​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់ នៅ​ពេល​ដែល​ទាហាន និង​រថក្រោះ​របស់​រដ្ឋាភិបាល​ចិន​បាន​សម្រុក​ចូល​ទីលាន Tiananmen កាល​ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ១៩៨៩ ដើម្បី​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​ជិត​ពីរ​ខែ​របស់​និស្សិត និង​កម្មករ ដែល​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទៅ​រក​ប្រជាធិបតេយ្យ និង​បញ្ចប់​អំពើ​ពុករលួយ។

ដូច​ខួប​កាល​ពី​លើក​មុនៗ​ដែរ គណបក្ស​កុម្មុយនិស្ត​ចិន បាន​បង្កើន​ការ​លុប​បំបាត់​ការ​ចងចាំ​ណា​មួយ​នៃ​ហេតុការណ៍​នេះ​ពី​ប្រវត្តិសាស្ត្រ​ផ្លូវការ។ រដ្ឋាភិបាល​ចិន​បាន​ហាម​ឃាត់​ការ​ប្រារព្ធ​ខួប​សាធារណៈ​ណា​មួយ​អំពី​ការ​បង្ក្រាប​នេះ ដោយ​បាន​ត្រួត​ពិនិត្យ​តឹងតែង​លើ​អ៊ីនធឺណិត ដោយ​លុប​ចោល​អត្ថបទ មតិ​យោបល់ និង​រូបភាព​ណា​មួយ​អំពី​ព្រឹត្តិការណ៍​នេះ និង​បាន​ចាប់​ខ្លួន​សកម្មជន មេធាវី និង​អ្នក​កាសែត​ជា​រៀងរាល់​ឆ្នាំ នៅ​ពេល​ដែល​ខួប​នៃ​ព្រឹត្តិការណ៍​នេះ​ជិត​ចូល​មក​ដល់។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​សរសើរ​អ្នក​តវ៉ា​ដែល​ជា​និស្សិត​ថា​ជា «វីរបុរស​របស់​ប្រជាពលរដ្ឋ​ចិន‍‍»។ ការ​លើក​ឡើង​របស់​លោក Pompeo នេះ បាន​ធ្វើ​ឲ្យ​ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ជំទាស់​យ៉ាង​ខ្លាំងក្លា។

លោក Pompeo បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង «បញ្ជាក់​ជា​សាធារណៈ​អំពី​ចំនួន​អ្នក​ដែល​បាន​ស្លាប់ ឬ​បាត់​ខ្លួន​ទាំង​អស់ [ក្នុង​ហេតុការណ៍​នោះ] ដើម្បី​ឲ្យ​ជន​រងគ្រោះ​ភាគ​ច្រើន​នៃ​ព្រឹត្តិការណ៍​ដ៏​ខ្មៅ​ងងឹត​ក្នុង​ប្រវត្តិសាស្ត្រ​នេះ បាន​ស្ងប់​ចិត្ត‍»៕