កិច្ច​សហប្រតិបត្តិការ​ស្ងប់ស្ងាត់​ជួយ​បន្ធូរ​បន្ថយ​ហានិភ័យ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

  • Ralph Jennings

រូបភាពឯកសារ៖​ នាវាដឹក​យន្តហោះ​ចម្បាំង​ចិន Liaoning រួម​ជាមួយ​នឹង​កងនាវាដើម្បី​ធ្វើ​សមយុទ្ធ​មួយ​នៅ​មហាសមុទ្រ​ចិន​ខាងត្បូង​កាលពី​ខែធ្នូ​ ២០១៦។

កប៉ាល់​ឯកជន​នានា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កប៉ាល់​ដឹក​ប្រេង​ផង​ដែរ បាន​ប្រើ​ផែនទី​សមុទ្រ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នានា នៅ​ពេល​ដែល​នាវា​ទាំង​នោះ​ធ្វើ​ដំណើរ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ណា​ដែល​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នានា។

ការ​តាមដាន​យ៉ាង​តឹងតែង នាវិក​ដែល​មាន​បទ​ពិសោធន៍ និង​ក្ដី​រំពឹង​នៃ​ក្រម​ប្រតិបត្តិ​ពហុ​ភាគី បាន​ធ្វើ​ឲ្យ​សមុទ្រ​ចិន​ខាង​ត្បូង​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​កប៉ាល់​ដឹក​ជញ្ជូន​ទំនិញ​តាម​សមុទ្រ​នានា ដែល​ក្នុង​នោះ​មាន​ទាំង​កប៉ាល់​មួយ​ចំនួន​ផង​ដែរ​ដូចជា​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់​ដែល​បាន​បុក​ជាមួយ​នឹង​កប៉ាល់​ដឹក​ទំនិញ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​ជា​ដើម ទោះបីជា​ជម្លោះ​ផ្នែក​នយោបាយ​នៅតែ​បន្ត​កើត​ឡើង​ក៏​ដោយ។

កប៉ាល់​ឯកជន​នានា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កប៉ាល់​ដឹក​ប្រេង​ផង​ដែរ បាន​ប្រើ​ផែនទី​សមុទ្រ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នានា នៅ​ពេល​ដែល​នាវា​ទាំង​នោះ​ធ្វើ​ដំណើរ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ណា​ដែល​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នានា។

សូម្បីតែ​ពេល​ដែល​កប៉ាល់​ទាំង​នោះ​ធ្វើ​ដំណើរ​ចូល​ក្នុង​ដែន​ទឹក​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ដោយ ក៏​ការ​តាមដាន​បែប​ជឿនលឿន​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​តាម​ដាន​មើល​ឃើញ​ហេតុការណ៍​ណា​មួយ​ដែល​បាន​កើត​ឡើង​បាន ហើយ​រដ្ឋាភិបាល​ទាំង ៦ ភាគី​ដែល​ទាមទារ​កាន់កាប់​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ជា​ទូទៅ​ផ្ដល់​តម្លៃ​លើ​បញ្ហា​មនុស្ស​ធម៌​ជាង​បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នានា។

ក្រុម​អ្នក​ជំនាញ​បាន​បន្ថែម​ទៀត​ថា ក្រុម​ប្រតិបត្តិ​ដែល​កំពុង​ពិភាក្សា​ដោយ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ទាំង ១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា​អាស៊ាន នឹង​ផ្ដោត​អាទិភាព​លើ​បញ្ហា​មនុស្សធម៌ និង​ការ​ការពារ​មិន​ឲ្យ​មាន​ឧបទ្ទវហេតុ​ណា​មួយ​កើត​ឡើង។ ប្រទេស​ចិន និង​សមាគម​អាស៊ាន​បាន​ឯកភាព​គ្នា​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ក្នុង​ការ​ធ្វើ​ការ​លើ​ក្រម​ប្រតិបត្តិ​នេះ​នៅ​ក្នុង​ឆ្នាំ​នេះ។ ប្រទេស​ចំនួន ៤ នៅ​ក្នុង​សមាគម​អាស៊ាន គឺ​ជា​ភាគី​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ផង​ដែរ។

លោក Oh Ei Sun សាស្ត្រាចារ្យ​ផ្នែក​សិក្សា​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Nanyang នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​និយាយ​ដល់​ស្ថានភាព​មនុស្សធម៌​ដូច​នេះ រឿង​នេះ​អាច​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​ទាំង​នេះ​ទុក​ទស្សនៈ​ខ្វែង​គំនិត​គ្នា​របស់​ពួកគេ​មួយ​ឡែក​ក្នុង​រយៈពេល​ខ្លី​មួយ និង​ព្យាយាម​ធ្វើ​ការ​រួម​គ្នា‍»។

កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ផ្ទុះ​ក្លាយជា​អណ្ដាត​ភ្លើង​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មករា​កន្លង​ទៅ​នេះ និង​បាន​លិច​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​នៃ​ទីក្រុង​សៀងហៃ បន្ទាប់ពី​កប៉ាល់​នេះ​បាន​បុក​ជាមួយ​នឹង​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​របស់​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ និង​រុករក មាន​ក្ដី​សង្ឃឹម​តិចតួច​បំផុត​ក្នុង​ការ​ស្វែង​រក​នាវិក​ណា​ម្នាក់​ដែល​នៅ​រស់រាន​មាន​ជីវិត​ក្នុង​ចំណោម​នាវិក​ទាំង ៣២ នាក់​នៃ​កប៉ាល់​ដឹក​ប្រេង​នេះ។ អាជ្ញាធរ​នៅតែ​បន្ត​ស្វែង​រក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​នេះ​កើត​ឡើង​ដដែល។

ប្រទេស​ចិន និង​ជប៉ុន​មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។ ការ​គ្រប់គ្រង​ដ៏​មាន​ប្រសិទ្ធភាព​របស់​ប្រទេស​ជប៉ុន និង​ការ​ហោះហើរ​របស់​យន្តហោះ​យោធា​ចិន​ដើម្បី​តតាំង​នឹង​ការ​គ្រប់គ្រង​របស់​ជប៉ុន​នេះ បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​តានតឹង​ឡើង។

ភាព​តានតឹង​នេះ​បាន​ធ្វើ​ឲ្យ​អាប់អួ​ដល់​បរិយាកាស​ដែល​អាច​ជំរុញ​ឲ្យ​ប្រទេស​ចិន និង​ជប៉ុន​ដោះស្រាយ​ឧបទ្ទវហេតុ​ផ្សេងៗ​បាន ដូចជា​ហេតុការណ៍​បុក​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់​ជា​ដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Huang Kwei-bo ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ជាតិ Chengchi នៅ​កោះ​តៃវ៉ាន់។

បទ​ពិសោធន៍​រួម​គ្នា

នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ផ្លូវ​ទឹក​សម្រាប់​ចរាចរ​ដឹក​ជញ្ជូន​តាម​សមុទ្រ​មួយ​ភាគ​បី​នៅ​លើ​ពិភពលោក រដ្ឋាភិបាល​នៃ​ភាគី​ទាំង ៦ បាន​ប្រជែង​គ្នា​ដើម្បី​អធិបតេយ្យភាព​ដែន​សមុទ្រ។ ទំនិញ​ដែល​ដឹក​ជញ្ជូន​កាត់​តាម​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​នៅ​ក្នុង​ឆ្នាំ ២០១៦ មាន​ទឹក​ប្រាក់ ៣,៣៧ លាន​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

អ្នក​បើក​កប៉ាល់​មាន​បទ​ពិសោធន៍​ក្នុង​ការ​បើក​កប៉ាល់​ជៀស​ពី​ដែន​ទឹក​ដែល​មាន​ជម្លោះ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Collin Koh អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី។

ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ខ្យល់​ព្យុះ រលក​ធំៗ ឬ​ក៏​ការ​ធ្វើ​នាវាចរណ៍​ភ្លាមៗ​របស់​នាវា​យោធា​ណា​មួយ នាវា​ដឹក​ទំនិញ​នៅតែ​អាច​ប្រឈម​នឹង​ហានិភ័យ​គ្រោះ​មហន្តរាយ​ទាំង​នោះ​ដដែល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ដែន​សមុទ្រ។

ប៉ុន្តែ ភាគី​ជម្លោះ​មួយ​ចំនួន ដោយ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក បាន​បង្កើន​ការ​តាមដាន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​អាច​ឲ្យ​ពួកគេ​ងាយស្រួល​ឃើញ​គ្រោះថ្នាក់​ណា​មួយ​កើត​ឡើង​បាន។ គេ​កម្រ​ឃើញ​មាន​ចោរ​ប្លន់​តាម​សមុទ្រ និង​ភេរវជន​ធ្វើ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ណាស់ ដែល​ចំណុច​នេះ​មាន​លក្ខណៈ​ខុស​ពី​ស្ថានការណ៍​នៅ​តាម​មហា​សមុទ្រ​ដទៃ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Huang Kwei-bo។

ប្រទេស​ចិន ដែល​ជា​ភាគី​ជម្លោះ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​បំផុត ដោយ​បាន​ពង្រីក​ការ​ត្រួតត្រា​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​តាំង​ពី​ឆ្នាំ ២០១០ មក ជា​ទូទៅ​បាន​បញ្ជូន​នាវា​ការពារ​ដែន​សមុទ្រ​ធ្វើ​ដំណើរ​នៅ​ពាសពេញ​ផ្លូវ​ទឹក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។ នា​ពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សាងសង់​ប្រព័ន្ធ​រ៉ាដា​នៅ​លើ​កោះ​តូចៗ​ចំនួន ៣ នៅ​ក្នុង​ប្រជុំ​កោះ Spratly នៃ​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​ដែន​សមុទ្រ​អាស៊ី (Asia Maritime Transparency Initiative)។

ប្រទេស​ចិន​មាន​គម្រោង​ដាក់​ផ្កាយ​រណប​ចំនួន ១០ នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២១។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន។

សុវត្ថិភាព ឬ​ក៏​អធិបតេយ្យភាព

ទោះបីជា​ភាគី​ជម្លោះ​ដទៃ​ទៀត​ដែល​មាន​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​កោះ​តៃវ៉ាន់ ប្រឆាំង​នឹង​ការ​ពង្រីក​ខ្លួន​របស់​ចិន​ចូល​ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​នៃ​ដែន​សមុទ្រ​របស់​ខ្លួន​ក៏​ដោយ ក៏​ជា​ទូទៅ ប្រទេស​ទាំង​នេះ​ទុក​ការ​ខ្វែង​គំនិត​គ្នា​មួយ​ឡែក​នៅ​ពេល​ដែល​មាន​វិបត្តិ​កើត​ឡើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Collin Koh។

លោក Collin Koh បាន​និយាយ​ថា ការ​ការពារ​មិន​ឲ្យ​មាន​ឧបទ្ទវហេតុ​កើត​ឡើង «គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​របស់​ប្រទេស​នីមួយ‍ៗ‍»។ ជា​ទូទៅ រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ផ្ដល់​ដំណឹង​ដល់​នាវា​មុជ​ទឹក និង​នាវា​ផ្សេងៗ​ទៀត​ចំ​ពេល​ដែល​មាន​ស្ថានការណ៍​ណា​មួយ​កើត​ឡើង​ភ្លាមៗ​តែ​ម្ដង។

កោះ​តៃវ៉ាន់ ដែល​កាន់កាប់​កោះ​ធំ​ជាង​គេ​បំផុត​នៃ​ប្រជុំ​កោះ Spratly នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង បាន​ជួយ​សង្គ្រោះ​នាវា​ដែល​ជួប​បញ្ហា​របស់​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​មួយ​កាន់កាប់​កោះ​តូចៗ​នៅ​ក្បែរ​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឆ្មាំ​ការពារ​ដែន​សមុទ្រ​តៃវ៉ាន់។ កោះ​តៃវ៉ាន់​បាន​បញ្ជាក់​កាល​ពី​ឆ្នាំ ២០១៥ ថា សំណង់​ថ្មី​មួយ​នៅ​លើ​កោះ Taiping ឬ​ក៏​កោះ Itu Aba នេះ អាច​ប្រើ​សម្រាប់​ជំនួយ​មនុស្ស​ធម៌ និង​ជំនួយ​គ្រោះ​មហន្តរាយ​នានា។

នៅ​តាម​តំបន់​ផ្សេង​ទៀត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ទាហាន​ជើង​ទឹក​មក​ពី​សហរដ្ឋ​អាមេរិក​ដែល​មិន​មែន​ជា​ភាគី​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ និង​ទាហាន​ជើង​ទឹក​មក​ពី​ប្រទេស​វៀតណាម​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​កាល​ពី​ឆ្នាំ ២០១៦ ដើម្បី​រារាំង​មិន​ឲ្យ​មាន​ជម្លោះ​ជា​យថាហេតុ​ណា​មួយ​កើត​ឡើង​ក្នុង​ចំណោម​នាវា​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Stars and Stripes។

កាល​ពី​ឆ្នាំ ២០១៦ ប្រទេស​ចិន និង​វៀតណាម​បាន​បន្ថែម​ផ្នែក​រុករក និង​ជួយ​សង្គ្រោះ​ទៅ​លើ​ការ​ល្បាត​យោធា​ជើង​ទឹក​រួម​គ្នា​ដែល​មាន​អាយុ​កាល​មួយ​ទសវត្សរ៍​របស់​ពួកគេ​នៅ​ក្នុង​ឈូង​សមុទ្រ​តុងកឹង។ ប្រទេស​វៀតណាម​បាន​ជួប​ប្រទះ​ព្រឹត្តិការណ៍​បុក​នាវា​ដ៏​ជូរចត់​មួយ​កាល​ពី​ឆ្នាំ ២០១៤ ពាក់ព័ន្ធ​នឹង​ការ​សាងសង់​សំណង់​រុករក​ប្រេង​របស់​ចិន។

កាល​ពី​ខែ​សីហា ឆ្នាំ​មុន ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី​បាន​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​នៅ​ក្នុង​គ្រោះថ្នាក់​បុក​នាវា​រវាង​កប៉ាល់​ពិឃាដ​នៃ​ទាហាន​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក USS John S McCain និង​កប៉ាល់​មួយ​គ្រឿង​ដែល​ចុះ​បញ្ជី​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ទោះបីជា​ប្រទេស​ទាំង​ពីរ​បាន​ប្រកែក​គ្នា​អំពី​ថា​តើ​អ្នក​ណា​ជា​អ្នក​គ្រប់គ្រង​កន្លែង​កើត​ហេតុ​នោះ​ក៏​ដោយ។

ក្រម​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

ក្រម​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​ធ្វើ​ការ​កែ​សម្រួល​បន្តិចបន្តួច​ចំពោះ​ការ​ការពារ​មិន​ឲ្យ​មាន​ឧបទ្ទវហេតុ​ណា​មួយ​កើត​ឡើង​បាន និង​ការ​ឆ្លើយតប​ក្នុង​គ្រា​អាសន្ន ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្លោះ​អធិបតេយ្យភាព​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អាស៊ាន​កាល​ពី​ឆ្នាំ​មុន។ លោក Huang Kwei-bo បាន​បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ក្រម​ប្រតិបត្តិ​នេះ​នឹង​ផ្ដោត​លើ​កប៉ាល់​ឯកជន និង​កប៉ាល់​ដឹក​ទំនិញ​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

លោក Huang Kwei-bo បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា​វា​ជា​រឿង​សមហេតុសមផល​បំផុត​ដែល​កប៉ាល់​ដឹក​ប្រេង​ប្រើ​វិធីសាស្ត្រ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឬ​វិធីសាស្ត្រ​គ្រប់គ្រង​វិបត្តិ​ដែល​មាន​ចែង​នៅ​ក្នុង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង‍»។

ក្រម​ប្រតិបត្តិ​នេះ​ផ្អែក​លើ​សេចក្ដី​ថ្លែងការណ៍​របស់​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​កាល​ពី​ឆ្នាំ ២០០២ ប៉ុន្តែ​រង​ការ​ជំទាស់​ពី​ប្រទេស​ចិន​រហូត​មក​ដល់​ឆ្នាំ​មុន។ លោក Collin Koh បាន​ប្រមើល​មើល​ថា ក្រម​ប្រតិបត្តិ​នេះ​នឹង​ផ្ដោត​លើ​បញ្ហា​មនុស្ស​ធម៌។

លោក Collin Koh បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា បញ្ហា​មនុស្ស​ធម៌​គឺ​ជា​រឿង​ដ៏​ងាយស្រួល​បំផុត​មួយ​ដែល​បណ្ដា​ប្រទេស​អាស៊ាន និង​ប្រទេស​ចិន​កំពុង​ផ្ដោត​លើ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ខ្ញុំ​គិត​ថា បញ្ហា​មនុស្ស​ធម៌​នេះ​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​នោះ​ទេ​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ដោយ​ហេតុ​ថា ដំណោះស្រាយ​បែប​មនុស្សធម៌​គឺ​ជា​ចំណុច​សំខាន់​សម្រាប់​ហេតុការណ៍​ណា​មួយ​ដែល​កើត​ឡើង​ជា​យថាហេតុ មុន​ពេល​ដែល​យើង​និយាយ​អំពី​អធិបតេយ្យ​ភាព និង​បញ្ហា​ផ្សេងៗ​ទៀត‍»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា