យន្តហោះមួយគ្រឿងរបស់ប្រទេសកាតា បានចុះចតនៅរដ្ឋធានីកាប៊ុលក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ ដោយបានដឹកក្រុមអ្នកបច្ចេកទេសដើម្បីពិភាក្សាអំពីការបន្តប្រតិបត្តិការនៅក្នុងព្រលានយន្តហោះ បន្ទាប់ពីក្រុមតាលីបង់ចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានមក។ នេះតាមប្រភពដែលបានដឹងអំពីបញ្ហានេះ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
ប្រភពនោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «យន្តហោះមួយគ្រឿងរបស់ប្រទេសកាតាដែលដឹកក្រុមអ្នកបច្ចេកទេស បានចុះចតក្នុងរដ្ឋធានីកាប៊ុលកាលពីព្រឹកថ្ងៃពុធដើម្បីពិភាក្សាពីការបន្តកិច្ចប្រតិបត្តិការនៅចំណតអាកាសយានដ្ឋានមួយនេះ»។
ខណៈពេលដែលមិនទាន់មានកិច្ចព្រមព្រៀងចុងក្រោយមួយ ស្តីពីការផ្តល់ជំនួយឧបត្ថម្ភខាងបច្ចេកទេសនោះ ក្រុមអ្នកបច្ចេកទេសរបស់ប្រទេសកាតា បានផ្តួចផ្តើមនូវការពិភាក្សានេះ ដោយផ្អែកលើសំណើរបស់ភាគីម្ខាងទៀត។ «ការពិភាក្សានៅកំពុងបន្តធ្វើឡើងក្នុងកម្រិតសន្តិសុខ និងប្រតិបត្តិការ»។
ប្រភពនោះបានបញ្ជាក់ថា គោលដៅ គឺបន្តជើងហោះហើរសម្រាប់ទាំងជំនួយមនុស្សធម៌ និងផ្តល់សេរីភាពនៃការធ្វើដំណើរ រួមទាំងការបន្តកិច្ចខំប្រឹងប្រែងជម្លៀសមនុស្សផងដែរ។
ជនបរទេស និងពលរដ្ឋអាហ្វហ្គានីស្ថានជាង ១២៣.០០០ នាក់ បានរត់គេចចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រតិបត្តិការតាមអាកាសដែលមានភាពវឹកវរដែលបានបញ្ចប់កាលពីថ្ងៃអង្គារ ក៏ប៉ុន្តែមនុស្សជាច្រើនអ្នកទៀត នៅតែចង់ចាកចេញយ៉ាងខ្លាំងពីប្រទេសនេះ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ចំណតអាកាសយានដ្ឋានក្រុងកាប៊ុល ស្ថិតក្នុងស្ថានភាពទ្រុឌទ្រោម ដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន បានត្រូវបំផ្លាញ។
ពួកសកម្មប្រយុទ្ធតាលីបង់ បានអបអរសាទរដោយការបាញ់កាំភ្លើងទៅលើអាកាសកាលពីថ្ងៃអង្គារ បន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកចុងក្រោយ បានចាកចេញពីរដ្ឋធានីកាប៊ុល បន្ទាប់ពីសង្គ្រាមអស់រយៈពេល២ទសវត្សរ៍កន្លងមក។
ប្រទេសកាតា បានធ្វើជាម្ចាស់ផ្ទះរៀបចំការចរចារវាងក្រុមតាលីបង់ និងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងជាចំណុចឆ្លងកាត់សម្រាប់ពួកអ្នកភៀសខ្លួនប្រហែល ៤ម៉ឺន ៣ពាន់នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន៕