ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនដើម្បីចាត់«វិធានការបច្ចេកទេសយោធា» ក្នុងការឆ្លើយតបទៅនឹងសកម្មភាព«បែបអមិត្ត»របស់បស្ចិមប្រទេស ទាក់ទិននឹងបញ្ហាអ៊ុយក្រែន។ នេះ បើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Putin បានចោទប្រកាន់សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តយោធារបស់អង្គការអូតង់ (NATO) អស់រយៈពេលជាច្រើនសប្តាហ៍មកហើយថា បានបង្កើនភាពតានតឹងនៅជិតព្រំដែនប្រទេសរុស្ស៊ីជាប់នឹងប្រទេសអ៊ុយក្រែន។
លោក Putin បានប្រាប់ក្រុមមន្ត្រីក្រសួងការពារជាតិរុស្ស៊ីថា ប្រសិនបើបស្ចិមប្រទេសនៅតែបន្ត «គោលជំហរដ៏គឃើ្លនជាក់ស្ដែង» របស់ខ្លួនបន្តទៀត នោះរុស្ស៊ី នឹងចាត់ «វិធានការសងសឹកដ៏សមស្របបែបបច្ចេកទេសយោធា»។
លោកបានបន្ថែមថា រុស្ស៊ី «នឹងមានប្រតិកម្មតបតវិញខ្លាំងក្លាទៅលើសកម្មភាពបែបអមិត្ត» ហើយ«រុស្ស៊ីមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើដូចនេះ»។
សហរដ្ឋអាមេរិក បានព្រមានតាំងពីពាក់កណ្តាលខែវិច្ឆិកាមកថា ប្រទេសរុស្ស៊ី អាចមានផែនការវាយលុកទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន ហើយរដ្ឋាភិបាលអាមេរិក ក៏ធ្លាប់បានព្រមានលោក Putin ផងដែរអំពីទណ្ឌកម្មមិនធ្លាប់មានពីមុនមកដែលសហរដ្ឋអាមេរិក អាចដាក់លើរុស្ស៊ី។
កន្លងមក រដ្ឋាភិបាលបស្ចិមប្រទេសនានា បានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ីថា បានបញ្ជូនកងទ័ពប្រមាណ ១០០.០០០ នាក់ ទៅជិតព្រំដែនរបស់ខ្លួនជាប់នឹងភាគខាងកើតប្រទេសអ៊ុយក្រែន ដែលនៅទីនោះ រដ្ឋាភិបាលអ៊ុយក្រែន កំពុងប្រយុទ្ធជាមួយក្រុមផ្ដាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីតាំងពីឆ្នាំ ២០១៤ មក។
ប្រទេសរុស្ស៊ី បានច្រានចោលការចោទប្រកាន់នេះ និងបានទាមទារឲ្យសហរដ្ឋអាមេរិក និងអង្គការអូតង់ បញ្ឈប់ការបង្កើនភាពតានតឹងនៅជិតព្រំដែនរុស្ស៊ីជាប់ប្រទេសអ៊ុយក្រែន៕