នៅក្នុងជំនួបលើកទីបីរបស់អស់លោកក្នុងរយៈពេលមួយខែ ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានធ្វើជាម្ចាស់ផ្ទះទទួលលោក Vladimir Putin សមភាគីរុស្ស៊ីរបស់លោកនៅក្នុងក្រុង Ankara។ កិច្ចចរចាគ្នានេះផ្តោតការយកចិត្តទុកដាក់ជាចម្បងលើបញ្ហាប្រទេសស៊ីរី ក៏ប៉ុន្តែទស្សនកិច្ចរបស់លោក Putin ត្រូវចំពេលគ្នាជាមួយទំនាក់ទំនងគ្នារវាងស.រ.អា. និងប្រទេសតួកគីដែលមានការរអាក់រអួលដោយសារវិបត្តិមួយបណ្តាលមកពីប្រធានាធិបតីស.រ.អា. Donald Trump ទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមថាជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល។
លោក Erdogan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាសែតរួមគ្នាមួយជាមួយលោក Putin ថា «ស្តីពីបញ្ហាក្រុងហ្ស៊េរុយសាឡិម ខ្ញុំបានសង្កេតថាយើងមានមតិដូចគ្នាជាមួយលោក Putin ហើយយើងបានសម្រេចកិច្ចព្រមព្រៀងមួយថាយើងនឹងរក្សាទុកដដែលនូវសេចក្តីសម្រេចដាច់ណាត់របស់យើងអំពីបញ្ហានេះ»។ នៅក្នុងសេចក្តីថ្លែងនេះលោក Erdogan បានហៅប្រធានាធិបតីនៃប្រទេសរុស្ស៊ីថា ជា «ប្រិយមិត្ត» របស់ខ្ញុំ។
លោក Putin បាននិយាយថា «ដំណោះស្រាយដោយស.រ.អា.ក្នុងការប្តូរទីតាំងស្ថានទូតអាមេរិកាំងទៅកាន់ក្រុងហ្ស៊េរុយសាឡិមមិនបានជួយដល់ការដោះស្រាយស្ថានការណ៍ក្នុងភូមិភាគមជ្ឈឹមបូព៌ាទេ។ ការណ៍នេះធ្វើឱ្យមានអស្ថិរភាពដល់ស្ថានភាពដែលសាំញ៉ាំរួចស្រេចហើយនៅក្នុងភូមិភាគនោះ ដែលមានការពិបាកដូចនៅពេលសព្វថ្ងៃនេះ»។
នៅក្នុងចំណាត់ការមួយដែលនឹងមានបន្ថែមលើភាពរកាំរកូសរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយប្រទេសតួកគីអំពីទំនាក់ទំនងកក់ក្តៅជាងមុនរបស់រដ្ឋាភិបាលក្រុង Ankara ជាមួយរដ្ឋាភិបាលក្រុង Moscou ប្រធានាធិបតីនៃប្រទេសតួកគីបានប្រកាសអំពីការទិញមានភាពចម្រូងចម្រាសមួយនៃប្រព័ន្ធកាំជ្រួចមីស៊ីលរុស្ស៊ីដែលនឹងមានការសម្រេចចុងក្រោយបង្អស់នៅក្នុងសប្តាហ៍នេះ។ អង្គការអូតង់បានប្រឆាំងយ៉ាងខ្លាំងនឹងការលក់អាវុធនេះ ដោយអះអាងថាវាមិនត្រូវគ្នានឹងប្រព័ន្ធរបស់ផងខ្លួន៕