ការផ្អាកការប្រយុទ្ធគ្នាក្នុងបុព្វហេតុមនុស្សធម៌ដែលភាសាអង់គ្លេសហៅថា «humanitarian pause» ប្រចាំថ្ងៃមួយត្រូវប្រកាសដោយប្រទេសរុស្ស៊ីចូលជាធរមាននៅថ្ងៃអង្គារនេះនៅក្នុងប្រទេសស៊ីរីដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថារយៈពេលផ្អាកការប្រយុទ្ធគ្នាចំនួន៥ម៉ោងបានបង្កើតឡើងសម្រាប់ឱ្យពួកជនស៊ីវិលរត់គេចខ្លួនពីការប្រយុទ្ធគ្នានៅជិតក្រុងដាម៉ាស់។
រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី Sergei Shoigu បាននិយាយថាកងកម្លាំងរុស្ស៊ីផ្អាកការវាយប្រហារពីម៉ោង៩ព្រឹកដល់ម៉ោង២រសៀលតាមម៉ោងក្នុងមូលដ្ឋាន។
បទបញ្ជានេះមានឡើងតែប៉ុន្មានថ្ងៃក្រោយពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានបញ្ជាឱ្យមានកិច្ចឈប់បាញ់គ្នា៣០ថ្ងៃនៅទូទាំងប្រទេសស៊ីរី។ ផែនការនេះបានចាប់ផ្តើមដោយមានការរអាក់រអួលជាដំបូងដោយពួកសកម្មជនបានរាយការណ៍ថាមានការវាយប្រហារតាមអាកាសនិងការប្រយុទ្ធគ្នានៅក្នុងតំបន់ Ghouta ខាងកើតដែលជាតំបន់ជាយក្រុងដាម៉ាស់កាន់កាប់ដោយពួកឧទ្ទាមដែលបានបណ្តាលឱ្យមនុស្សជាង៣០នាក់ស្លាប់កាលពីថ្ងៃចន្ទ។
នៅក្នុងការហៅទូរសព្ទមួយកាលពីថ្ងៃចន្ទ លោកប្រធានាធិបតីបារាំង Emmanuel Macron បានមានប្រសាសន៍ប្រាប់ប្រធានាធិបតីតួកគី Recep Tayyip Erdogan អំពី «កង្វល់យ៉ាងខ្លាំង» របស់លោកស្តីពីការវាយប្រហារតាមអាកាសដែលកំពុងមានធ្វើដោយយកពួកជនស៊ីវិលនិងមន្ទីរពេទ្យក្នុងតំបន់ Ghouta ខាងកើតជាទីដៅនៃការវាយប្រហារ។
ក៏ប៉ុន្តែមេដឹកនាំបារាំងរូបនេះក៏បានអំពាវនាវដែរដល់លោក Erdogan ឱ្យបញ្ឈប់ការវាយប្រហារតាមអាកាសដោយកងយន្តហោះចម្បាំងតួកគី នៅក្នុងតំបន់ Afrin ក្នុងប៉ែកខាងជើងនៃប្រទេសស៊ីរី ដែលកងកម្លាំងតួកគី បានបើកធ្វើការវាយប្រហារកាលពីខែមុនប្រឆាំងនឹងកងជីវពល Kurde ស៊ីរីគាំទ្រដោយស.រ.អា.ដែលតួកគីចាត់ទុកថាជាពួក «ភេរវជន» ជាសម្ព័ន្ធមិត្តរបស់ពួកបះបោរ Kurde ដែលបានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលតួកគីបីទសវត្សរ៍មកហើយនោះ។ កាលពីថ្ងៃអាទិត្យ ប្រទេសតួកគីបាននិយាយថាការឈប់បាញ់គ្នាប្រកាសដោយអ.ស.ប.គ្មានផលប៉ះពាល់ដល់កិច្ចប្រតិបត្តិការរបស់ខ្លួនក្នុងផ្នែកខាងជើងនៃប្រទេសស៊ីរីទេ៕