លោកប្រធានាធិបតីរុស្សី Vladimir Putin និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានយល់ស្របគ្នាសម្របសម្រួលសកម្មភាពរបស់កងកម្លាំងរបស់ប្រទេសទាំងពីរនៅខាងក្នុង និងនៅជុំវិញប្រទេសស៊ីរីដើម្បីបញ្ចៀសកុំឱ្យមានការប្រឈមមុខដាក់គ្នាខាងយោធាដោយអចេតនា។
លោកទាំងពីរបានជួបគ្នានៅកន្លែងស្នាក់នៅរបស់ប្រធានាធិបតីរុស្សីនៅ Novo-Ogaryovo នៅខាងក្រៅក្រុងមូស្គូ។ នៅពេលបន្ទាប់មកលោក Netanyahu បាននិយាយប្រាប់ក្រុមអ្នកកាសែតថា លោកនិងលោក Putin បាន «យល់ស្របគ្នាអំពីយន្តការមួយសម្រាប់បញ្ចៀសកុំឱ្យមានការយល់ខុសបែបនេះ»។
លោក Netanyahu បានថ្លែងថា កិច្ចចរចាបានប្រព្រឹត្តទៅក្នុង «បរិយាកាសមួយនៃការគោរពគ្នាទៅវិញទៅមក»។
ការជួបគ្នាកាលពីថ្ងៃច័ន្ទរវាងឥស្សរជនទាំងពីរនាក់នេះកើតមានឡើងក្រោយមានរបាយការណ៍ថា រដ្ឋាភិបាលក្រុងមូស្គូកំពុងបង្កើនចំនួនកងយន្តហោះយោធា និងកងកម្លាំងយោធានៅក្នុងប្រទេសស៊ីរី ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជួយរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងឧទ្ទាមដែលបានប្រឹងប្រែងទម្លាក់លោកពីតំណែង៕