ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃពុធបានសរសើរ«ទំនាក់ទំនង»របស់រុស្ស៊ីជាមួយចិននៅក្នុងជំនួបវីដេអូជាមួយមេដឹកនាំចិនលោក Xi Jinping ហើយបានបញ្ជាក់ថា លោក នឹងចូលរួមការប្រកួតកីឡាអូឡាំពិកនៅក្នុងទីក្រុងប៉េកាំងនៅពេលដែលប្រទេសទាំង ២ បានប្រឈមការរិះគន់កាន់តែខ្លាំងឡើងពីប្រទេសលោកខាងលិចនោះ។ នេះបើតាមសេច ក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ជំនួបតាមវីដេអូនេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនG-7 បានពិភាក្សាការដាក់ពង្រាយយោធារបស់រដ្ឋាភិ បាលក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែននិងការបង្ក្រាបរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងក្រុងហុងកុងនិងតំបន់ Xinjiang។
លោក Putin បាននិយាយនៅក្នុងការសន្ទនាផ្សាយតាមទូរទស្សន៍ជាតិបន្ទាប់ពីលោកបាននិយាយថា លោក នឹងចូលរួមការប្រកួតកីឡាដោយលោកបានហៅលោក Xi ថាជា«មិត្តសំឡាញ់» លោកថា «នៅខែកុម្ភៈ នៅទីបញ្ចប់ យើង នឹងអាចជួបមុខគ្នាដោយផ្ទាល់នៅក្នុងទីក្រុងប៉េកាំង»។
ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការរបស់ចិនបានដកស្រង់សម្តីរបស់លោក Xi មកចុះផ្សាយថា «ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានអត់ធន់នឹងការសាកល្បងគ្រប់ប្រភេទទាំងអស់ ហើយកំពុងបង្ហាញនូវថាមពលនិងភាពក្លៀវក្លាថ្មី»។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដានិងប្រទេសអូស្ត្រាលី នឹងមិនបញ្ជូនតំណាងនយោបាយទៅចូលរួមការប្រកួតកីឡាអូឡាំពិកដោយសារការរំលោភធ្វើបាបរបស់ចិនលើជនជាតិភាគតិច Uyghurs និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមជាច្រើនទៀតនៅក្នុងតំបន់ Xinjiang។
រដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងមូស្គូ បានរិះគន់ការធ្វើពហិការខាងការទូតនេះហើយលោក Putin កាលពីថ្ងៃពុធបាននិយាយថា មេដឹកនាំទាំង២ បានជំទាស់ប្រឆាំង«ការប៉ុនប៉ងណាមួយដើម្បីយករឿងកីឡានិងចលនាអូឡាំពិកនេះក្លាយជាបញ្ហានយោបាយ»។ នេះជាការរិះគន់ដែលរុស្ស៊ីបានធ្វើម្តងហើយម្តងទៀតចំពោះប្រទេសលោកខាងលិច។
ទាំងចិននិងរុស្ស៊ី បានឃើញទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសលោកខាងលិចមានការ យ៉ាប់យ៉ឺនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះហើយបានស្វះស្វែងធ្វើការរួបរួមគ្នាកាន់តែខ្លាំងឡើង៕