ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងកាលពីថ្ងៃពុធថា ការបន្ដសន្ធិសញ្ញានុយក្លេអ៊ែរដ៏សំខាន់មួយ គឺជាដំណើរវិវត្តន៍ដ៏វិជ្ជមានមួយ នៅក្នុងការកាត់បន្ថយភាពតានតឹងជាសាកល។
លោកបានថ្លែងដូច្នេះ ខណៈដែលក្រុមតំណាងរាស្ត្របានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីផ្ដល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងដើម្បីបន្ដសន្ធិសញ្ញានុយក្លេអ៊ែរ New START នៅក្នុងកិច្ចសហប្រតិបត្តិការដ៏កម្រមួយរវាងរដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
លោក Putin បានថ្លែងលើកដំបូងចាប់តាំងពីឆ្នាំ២០០៩ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលត្រូវបានរៀបចំឡើងតាមអនឡាញនៅឆ្នាំនេះថា៖ «ច្បាស់ណាស់ នេះគឺជាជំហានមួយទៅកាន់ទិសដៅដ៏ត្រឹមត្រូវ»។
ប៉ុន្តែមេដឹកនាំរុស្ស៊ីរូបនេះបានព្រមានថា៖ «ស្ថានភាពនេះនៅតែអាចវិវត្តទៅមុខដោយមិនអាចទាញទុកជាមុន និងមិនអាចគ្រប់គ្រងបាន ប្រសិនបើយើងមិនធ្វើអ្វីសោះនោះ»។
កាលពីមុននេះបន្ដិចនៅថ្ងៃដដែលនេះ សមាជិករដ្ឋសភារុស្ស៊ីចំនួន ៣៩៩ នាក់បានបោះឆ្នោតគាំទ្រដល់ការបន្ដកិច្ចព្រមព្រៀងនេះ ដោយគ្មានសំឡេងបោះឆ្នោតជំទាស់ទាល់តែសោះ។
ព្រឹទ្ធសភារុស្ស៊ីបានផ្ដល់សច្ចាប័នដល់សន្ធិសញ្ញានេះកាលពីល្ងាចថ្ងៃពុធ។
សន្ធិសញ្ញានុយក្លេអ៊ែរនេះ គឺជាសន្ធិសញ្ញាសព្វាវុធចុងក្រោយបង្អស់ដែលនៅសេសសល់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលជាអតីតសត្រូវនឹងគ្នាកាលពីសម័យសង្គ្រាមត្រជាក់៕