នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់មួយដើម្បីធ្វើឱ្យការដាក់បញ្ចូលតំបន់ ៤ របស់ប្រទេសអ៊ុយក្រែនជាផ្នែកមួយរបស់ប្រទេសរុស្ស៊ីក្លាយជាផ្លូវការ ដែលនេះជាវិធានការមួយដែលត្រូវបានគេថ្កោលទោសជាទូទៅថាខុសច្បាប់។
វិធានការរបស់ប្រទេសរុស្ស៊ីនេះត្រូវបានរដ្ឋសភានិងព្រឹទ្ធសភារុស្ស៊ីអនុម័តកាលពីដើមសប្ដាហ៍នេះ ដោយអះអាងថា តំបន់ Donetsk តំបន់ Luhansk តំបន់ Zaporizhzhia និងតំបន់ Kherson របស់ប្រទេសអ៊ុយក្រែនគឺជាដែនដីរបស់ប្រទេសរុស្ស៊ី។
អាជ្ញាធរនៅតំបន់ទាំង ៤ ដែលតែងតាំងដោយរុស្ស៊ីបានរៀបចំការធ្វើប្រជាមតិនៅក្នុងតំបន់ទាំងនោះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានផ្សាយកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋភាគច្រើនដែលបានចូលរួមនៅក្នុងការធ្វើប្រជាមតិទាំងនោះគាំទ្រឱ្យមានការដាក់បញ្ចូលតំបន់ទាំងនោះជាផ្នែកមួយរបស់រុស្ស៊ី។
ប្រទេសអ៊ុយក្រែននិងសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់ខ្លួន ក៏ដូចជាអង្គការសហប្រជាជាតិផងដែរ បានច្រានចោលការធ្វើប្រជាមតិនិងដំណើរការភ្ជាប់យកតំបន់ទាំងនេះ ដោយបានបញ្ជាក់ថា ការធ្វើប្រជាមតិទាំងនេះត្រូវបានធ្វើឡើងនៅក្រោមស្ថានការណ៍បង្ខិតបង្ខំនិងមិនតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋ។
មហាសន្និបាតអង្គការសហប្រជាជាតិគ្រោងនឹងបោះឆ្នោតនៅសប្ដាហ៍ក្រោយអំពីសេចក្ដីព្រាងសេចក្ដីសម្រេចមួយដើម្បីថ្កោលទោសការភ្ជាប់យករបស់រុស្ស៊ីនេះ។ កាលពីសប្ដាហ៍មុន រុស្ស៊ីបានប្រើសិទ្ធិវេតូរបស់ខ្លួនដើម្បីរារាំងវិធានការស្រដៀងគ្នានេះដែរនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។