លោក Alexei Navalny ដែលជាមេដឹកនាំក្រុមប្រឆាំងនៅក្នុងប្រទេស រុស្ស៊ី និយាយថា លោកបានទទួលជ័យជម្នះនៅក្នុងវគ្គដំបូង ដែលចាំបាច់សម្រាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ដើម្បីប្រកួតប្រជែងនឹងលោក Vladimir Putin ដែលជាប្រធានាធិបតីរុស្ស៊ីនាពេលបច្ចុប្បន្ន។
លោក Navalny ដែលជាអ្នករិះគន់ជាយូរមកហើយទៅលើលោក Putin បានទទួលការគាំទ្រពីមនុស្សចំនួន៧៤២នាក់កាលពីថ្ងៃអាទិត្យ ដែលតម្រូវឲ្យទទួលបានត្រឹមតែ៥០០ប៉ុណ្ណោះ ដើម្បីអាចចាប់ផ្តើមដំណើរការឈរឈ្មោះជាផ្លូវការបាន។ ក៏ប៉ុន្តែលោកNavalny ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់រុស្ស៊ីប្រកាសថា លោកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីឈរឈ្មោះបាននោះទេ ដោយសារតែលោកពាក់ព័ន្ធនឹងការកាត់ទោសដាក់ពន្ធនាគារ។ លោក Navalny និយាយថា ការរារាំងនេះមានលក្ខណៈនយោបាយ។
លោក Navalny វ័យ៤១ឆ្នាំ បាននិយាយកាលពីថ្ងៃអាទិត្យថា «មិនមានការគាំទ្រទ្រង់ទ្រាយធំដល់លោក Putin និងការដឹកនាំរបស់លោកនៅក្នុងប្រទេសនេះនោះទេ»។ លោក Navalny បាននិយាយដូច្នេះ ដោយពណ៌នាខ្លួនឯងថាជា «បេក្ខជនពិតប្រាកដ»សម្រាប់ការបោះឆ្នោតនេះ ហើយលោកក៏បានគំរាមថា លោកនឹងធ្វើពហិការមិនព្រមចូលរួមបោះឆ្នោតទេ ប្រសិនបើលោកត្រូវបានគេហាមឃាត់មិនឲ្យឈរឈ្មោះជាប្រធានាធិបតីនោះ។
អ្នកគាំទ្រលោក Navalny បានប្រមូលផ្តុំគ្នាក្នុងទីក្រុងមួយចំនួននៅទូទាំងប្រទេស ដោយរួមទាំងទីក្រុង មូស្គូ និងទីក្រុង St. Petersburg ផងដែរ។ ពួកគេបាននាំគ្នាដាក់បង្ហាញសន្លឹកឆ្នោតពណ៌ក្រហម ដើម្បីជ្រើសរើសលោក Navalny ឲ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនៅឆ្នាំក្រោយ ដែលគ្រោងនឹងធ្វើឡើងក្នុងខែមីនា ឆ្នាំ២០១៨ខាងមុខនេះ។ លោក Putin ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងឈ្នះនៅក្នុងបោះឆ្នោតនេះ។
លោក Navalny ត្រូវបានគេចាប់ដាក់ពន្ធនាគារចំនួន៣ដង កាលពីឆ្នាំមុន ចំពោះការរៀបចំការប្រជុំសាធារណៈនិងការប្រមូលផ្តុំនានា ដែលបំពាននឹងច្បាប់រុស្ស៊ីនាពេលបច្ចុប្បន្ន។ ក៏ប៉ុន្តែលោក Navalny និយាយថា ការចាប់ខ្លួនទាំងនេះគឺមានគោលបំណងបំបាត់មហិច្ឆតានយោបាយរបស់លោកទៅវិញទេ។
ការស្ទង់មតិបង្ហាញថា លោកប្រធានាធិបតី Putin ទទួលបានការគាំទ្រចំនួន៨០ភាគរយ។ ប៉ុន្តែការប្រមូលផ្តុំសាធារណៈកាលពីថ្ងៃអាទិត្យបង្ហាញថា ការគាំទ្រចំពោះលោក Navalny បានកើនឡើង ជាពិសេសក្រោយពីយុទ្ធនាការរយៈពេលមួយឆ្នាំនៅតាមមូលដ្ឋានក្នុងតំបន់ជនបទនៃប្រទេសរុស្ស៊ី៕