ភាពតានតឹងបានកើនឡើងរវាងប្រទេសចិននិងប្រទេសជិតខាងនៅក្នុងតំបន់ ក្រោយពីទីក្រុងប៉េកាំងបានសាកល្បងឲ្យយន្តហោះចិនមួយចុះចតនៅលើផ្លូវយន្តហោះមួយខ្សែនៅលើកោះសិប្បនិមិត្តមួយក្នុងចំណោមកោះសិប្បនិមិត្តជាច្រើនដែលប្រទេសចិន បានបង្កើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង។
យន្តហោះស៊ីវិលមួយគ្រឿងបានចុះចតនៅនៅកោះ Fiery Cross Reef ក្នុងតំបន់ប្រជុំកោះស្ព្រែតលី (Spratly) ក្នុងសមុទ្រចិនខាងត្បូង ដែលទាមទារដោយប្រទេសចិននិងប្រទេសក្នុងតំបន់អាស៊ីបាស៊ីហ្វ្រិកផ្សេងៗទៀត រូមទាំងតៃវ៉ាន់ វៀតណាមនិងប្រទេសហ្វីលីពីនផងដែរ។
ប្រទេសវៀតណាមបានតវ៉ាខាងផ្លូវទូតជាផ្លូវការជាមួយចិនជុំវិញទង្វើរបស់ប្រទេសចិននេះ រីឯអ្នកនាំពាក្យម្នាក់របស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ហ្វីលីពីនគ្រោងនឹងចាត់វិធានការស្រដៀងនឹងចំណាត់ការរបស់វៀតណាមដែរ។
អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិនបានមានប្រសាសន៍ថា យន្តហោះនោះត្រូវបានបញ្ជូនទៅកាន់កោះនោះដើម្បីឲ្យដឹងថាតើផ្លូវយន្តហោះនោះ សមស្របទៅនឹងបទដ្ឋានអាកាសចរណ៍ស៊ីវិលដែរឬអត់។
រដ្ឋាភិបាលក្រុងប៉េកាំងបានចាប់ផ្តើមគម្រោងដ៏ធំមហិមាកាលពីឆ្នាំមុន ក្នុងការប្រែក្លាយតំបន់ថ្មប៉ប្រះទឹកឲ្យទៅជាកោះ ដែលអាចទ្រទ្រង់ផ្លូវយន្តហោះនិងសំណង់អាគារផ្សេងៗទៀតបាន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kirby បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ការហោះសាកល្បងរបស់យន្តហោះចិននៅលើកោះនោះ បង្កឲ្យមានភាពតានតឹងនិងគំរាមដល់ស្ថេរភាពក្នុងតំបន់។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាពិឃាតបំពាក់គ្រាប់មីស៊ីលមួយគ្រឿង ស្ថិតក្នុងចម្ងាយ២២គីឡូម៉ែត្រពីកោះ Subi ក្នុងតំបន់ប្រជុំកោះស្ព្រែតលី (Spratly) កាលពីខែតុលាឆ្នាំមុន នៅក្នុងបេសកកម្មមួយដើម្បីបង្កើតវិធាននានាអំពី«សេរីភាពនៃការធ្វើនាវាចរណ៍» តាមផ្លូវទឹកអន្តរជាតិ៕