អ្នក​តវ៉ា​នៅ​ជុំវិញ​ពិភពលោក​បង្ហាញ​ការគាំទ្រ​ដល់​អ្នក​តវ៉ា​នៅ​ស.រ.អា ទាក់ទិន​នឹង​ការស្លាប់​របស់​លោក Floyd

ពលរដ្ឋ​ចូលរួម​ធ្វើបាតុកម្ម​ដែល​ផ្តោត​ទៅ​លើ Black Lives Matter ដែល​មាន​ន័យ​ថា ជីវិត​ពលរដ្ឋ​ស្បែកខ្មៅ​មាន​សារៈសំខាន់ នៅ​ក្នុង​ទីក្រុង Amsterdam ប្រទេស​ហូឡង់​នៅ​ថ្ងៃច័ន្ទ ទី១ ខែមិថុនា ឆ្នាំ ២០២០ ដើម្បី​ធ្វើការ​តវ៉ា​អំពី​ការស្លាប់​របស់​លោក George Floyd។ (AP)

ការ​តវ៉ា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​តវ៉ា​អំពី​រឿង​នេះ​ដែរ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ប្រទេស​ប្រេស៊ីល កាណាដា និង​ប្រទេស​ផ្សេងៗ​ទៀត។

នៅ​ថ្ងៃ​ច័ន្ទ​នេះ មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​នូវែលហ្សេឡង់​បាន​ដើរ​ក្បួន​តវ៉ា​ដើម្បី​ជា​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​នឹង​ក្រុម​បាតុករ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​តវ៉ា​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក George Floyd។

លោក Floyd ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​អាយុ ៤៦ ឆ្នាំ បាន​ស្លាប់​ក្រោយ​ពី​មន្ត្រី​ប៉ូលិស​ឈ្មោះ Derek Chauvin សង្កត់​ជង្គង់​ពី​លើ​ក​របស់​លោក​អស់​ជាង ៨ នាទី នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន។

ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​ទីក្រុង Auckland បាន​ដើរក្បួន​ទៅ​កាន់​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក និង​បាន​ស្រែក​បន្ទោរ​ពាក្យ​មួយ​ចំនួន​ដូច​ទៅ​នឹង​ពាក្យ​ស្រែក​បន្ទោរ​របស់​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​នោះ​មាន​ដូចជា «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ» និង «គ្មាន​យុត្តិធម៌ គ្មាន​សន្តិភាព» ជា​ដើម។

កម្រងរូបភាព VOA៖ ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ក្នុង​ពិភពលោក​តវ៉ា​អំពី​ការស្លាប់​របស់​លោក George Floyd


ការ​តវ៉ា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​តវ៉ា​អំពី​រឿង​នេះ​ដែរ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ប្រទេស​ប្រេស៊ីល កាណាដា និង​ប្រទេស​ផ្សេងៗ​ទៀត។

នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ក្បួន​ទៅ​កាន់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង Copenhagen កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​កាន់​បដា​ដែល​មាន​សរសេរ​អក្សរ​ថា «ឈប់​សម្លាប់​ពលរដ្ឋ​ស្បែក​ខ្មៅ»។

ចំណែក​ឯ​នៅ​ប្រទេស​អាល្លឺម៉ង់​វិញ ក្រុម​អ្នក​តវ៉ា​កាន់​បដា​សរសេរ​អក្សរ​ថា «ប៉ូលិស​ត្រូវ​ទទួល​ខុស​ត្រូវ» និង «តើ​យើង​ពឹង​លើ​អ្នក​ណា​នៅ​ពេល​ដែល​ប៉ូលិស​ប្រព្រឹត្តិ​អំពើ​ឃាតកម្ម?»។

នៅ​តាម​ប្រទេស​ដែល​មាន​រដ្ឋាភិបាល​ផ្ដាច់ការ មន្ត្រី​រដ្ឋាភិបាល​នានា​បាន​រិះគន់​លើ​ទង្វើ​របស់​ប៉ូលិស​នេះ ស្រប​ពេលដែលប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នៃ​ប្រទេស​ទាំង​នោះ​បាន​ចាក់​ផ្សាយ​អំពី​ការ​តវ៉ា​ទាំង​នេះ ដោយ​ផ្ដោត​លើ​បរិបទ​នៃ​ការ​រិះគន់​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​លើ​ការ​បង្ក្រាប​អ្នក​តវ៉ា​នៅ​តាម​ប្រទេស​ផ្សេងៗ​ដូចជា​វិធានការ​របស់​ចិន​ចំពោះ​ក្រុម​អ្នក​តវ៉ា​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ជា​ដើម។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ភាព​ចលាចល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី «ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​ពូជសាសន៍ និង​អំពើ​ហិង្សា​របស់​ប៉ូលិស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

លោក Zhao Lijian បាន​បញ្ជាក់​ដូច្នេះ បន្ទាប់ពី​មាន​ការ​លើក​ឡើង​របស់​លោក Hu Xijin និពន្ធ​កាសែតGlobal Times របស់​គណបក្ស​កុម្មុយនិស្ត​ចិន ដែល​បាន​និយាយ​ថា ឥឡូវ​នេះ មន្ត្រី​សហរដ្ឋ​អាមេរិក​អាច​មើល​ឃើញ​ការ​តវ៉ា​ដោយ​ផ្ទាល់​ភ្នែក​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

លោក Hu Xijin លើក​ឡើង​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​សួរ​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថា តើ​រដ្ឋាភិបាល​ចិន​គួរ​គាំទ្រ​ការ​តវ៉ា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដូច​សហរដ្ឋ​អាមេរិក​គាំទ្រ​ក្រុម​កុប្បករ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ដែរ​ឬ​ទេ?»។

ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​វិញ ដែល​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​អនុវត្ត​វិធានការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ គេ​ឃើញ​ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​នេះ​បាន​ចាក់​ផ្សាយ​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​ទិដ្ឋភាព​នៃ​ភាព​ចលាចល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Abbas Mousavi បាន​អំពាវនាវ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ឲ្យ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក «បញ្ឈប់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​អាមេរិក និង​ទុក​ឲ្យ​ពួកគេ​អាច​ដក​ដង្ហើម​បាន»៕