បាតុករ​នៅ​ប្រេស៊ីល​គាំទ្រ​​ការ​ប្រឆាំង​របស់​ប្រធានាធិបតី​នឹង​គោលការណ៍​ណែនាំ​ឲ្យ​នៅ​ផ្ទះ​របស់​រដ្ឋ​ខ្លះ

អ្នកគាំទ្រប្រធានាធិបតី Jair Bolsonaro ធ្វើបាតុកម្មប្រឆាំងនឹងវិធានការរក្សាគម្លាតក្នុងសង្គម និងវិធានការឲ្យពលរដ្ឋនៅផ្ទះ នៅទីក្រុង Brasilia ប្រទេសប្រេស៊ីល ថ្ងៃទី៣ ខែឧសភា​ ឆ្នាំ២០២០។

អ្នក​គាំទ្រ​របស់​លោក​ប្រធានាធិបតី​ប្រេស៊ីល បាន​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​រដ្ឋធានី​ប្រាស៊ីលីយ៉ា (Brasilia) ប្រឆាំង​ទៅ​នឹង​គោលការណ៍​ណែនាំ​របស់​រដ្ឋ​ខ្លះ​ឲ្យ​ពលរដ្ឋ​នៅ​ផ្ទះ ដើម្បី​ទប់ស្កាត់​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី។​

លោក​ប្រធានាធិបតី Jair Bolsonaro បាន​ប្រឆាំង​ម្តងហើយ​ម្តង​ទៀត​ទៅ​នឹង​ការ​អះអាង​អំពី​ហានិភ័យ​ខ្ពស់​បង្ក​ឡើង​ដោយ​វីរុស​រាតត្បាត​នេះ និង​វិធានការ​បិទ​សកម្មភាព​សង្គម​នានា ដោយ​លោក​ថ្លែង​ថា ពលរដ្ឋ​ប្រេស៊ីល​ចង់​ទៅ​ធ្វើ​ការ​វិញ ហើយ​ការ​បិទ​តំបន់របស់​អភិបាល​រដ្ឋ​នឹង​អាច​នាំ​ទៅ​ដល់​គ្រោះ​អត់​ឃ្លាន ការ​បាត់បង់​ការងារ​និង​ទុក្ខ​វេទនា​របស់​ពលរដ្ឋ។​

លោក​ប្រធានាធិបតី​ Bolsonaro ទើប​បាន​ដក​ប្រធាន​នគរបាល​សហព័ន្ធ​ចេញ​ពី​តំណែង ដោយ​បាន​នាំ​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​និង​សន្តិសុខ​សាធាណៈ​លោក Sérgio Moro លាលែង​ពី​តំណែង ក្នុង​អំឡុង​ពេល​ដែល​មាន​រឿង​ចម្រូងចម្រាស់​ច្រើន​ទាក់ទង​នឹង​របៀប​គ្រប់គ្រងប្រទេស​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ១៩​នេះ។ លោក​ប្រធានាធិបតី​កំពុង​ស្នើ​ឈ្មោះតែងតាំង​ប្រធាននគរបាល​ថ្មី ប៉ុន្តែ​រដ្ឋសភា​ប្រេស៊ីល​មិន​យល់​ព្រម ដែល​ធ្វើ​ឲ្យ​លោក​ ​ប្រធានាធិបតី​ចោទ​ប្រកាន់​រដ្ឋសភា​ថា​បាន​ជ្រៀតជ្រែក​អំណាច។​

លោក Bolsonaro មិន​បាន​ពាក់​ម៉ាស់មុខ​ទេ​ នៅ​ពេល​លោក​ជួប​អ្នក​គាំទ្រ​ដែល​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​វិមាន​ប្រធានាធិបតី។​

បាតុកម្ម​កាល​ពី​ថ្ងៃ​អាទិត្យ​កើតមាន​ឡើង​ ខណៈ​ដែល​ប្រទេស​ប្រស៊ីល​ហាក់​កំពុង​ឈាន​ទៅ​ដល់វិបត្តិ​សុខាភិបាល​សាធារណៈ​ធ្ងន់ធ្ងរ​មួយ​ព្រម​ជាមួយ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច៕