ពលរដ្ឋមកពីសហគមន៍ចំនួនប្រាំនៅខេត្តកោះកុង និងសហគមន៍បឹងកក់ក្រុងភ្នំពេញ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងមានសមត្ថកិច្ចខេត្តកោះកុងកាលពីព្រឹកថ្ងៃអង្គារ នៅគ្រាដែលពួកគេដើរហែរក្បួនសំដៅទៅផ្ទះលោកអភិបាលខេត្តនិងសាលាខេត្តដើម្បីសុំឲ្យដោះលែងសកម្មជនបរិស្ថានបីរូបដែលកំពុងជាប់ក្នុងពន្ធនាគារ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស និងក្រុមអ្នកតវ៉ា។
ការប៉ះទង្គិចគ្នានេះ បានកើតឡើងតែមួយថ្ងៃ បន្ទាប់ពីតុលាការនៃសាលាដំបូងខេត្តកោះកុងបដិសេធការសុំឲ្យនៅក្រៅឃុំនៃសកម្មជនទាំងបីរូប រួមមានលោក សាន់ ម៉ាឡា អាយុ២៣ឆ្នាំ ជាសហស្ថាបនិកនៃចលនាមាតាធម្មជាតិ លោក ទ្រី សុវិគា អាយុ២៤ឆ្នាំ និងលោក ស៊ីម សំណាង អាយុ២៦ឆ្នាំ។ សកម្មជនបរិស្ថានទាំងបីនាក់ត្រូវបានសាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំនៅខេត្តកោះកុង មានប្រសាសន៍ប្រាប់វីអូអេថា អាជ្ញាធរនិងប្រជាពលរដ្ឋជាង២០នាក់បានទង្គិចប៉ះគ្នា ដោយមានការប្រតាយប្រតប់គ្នាទៅវិញទៅមក តែមិនបង្កឲ្យមានរបួសស្នាមធ្ងន់ធ្ងរនោះឡើយ។
លោកបន្ថែមថា៖
«ព្រឹកមិញគាត់ព្យាយាមទម្លុះរបាំងសមត្ថកិច្ចដែលឈរជាច្រើននាក់ហ្នឹង មានការប្រតាយប្រតប់គ្នាហ្នឹងទម្លុះ ឆ្ពោះទៅ ខាងមុខផ្ទះអភិបាលខេត្ត ហើយទៅមុខសាលាខេត្ត ហើយព្រឹកមិញពួកគាត់បានដាក់ញ្ញតិសុំឲ្យអាជ្ញាធរខេត្ត ធ្វើការអន្តរាគមន៍ ឲ្យមានការទម្លាក់ការចោទប្រកាន់ និងការដោះលែង»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានហៅការរារាំងរបស់អាជ្ញាធរថា ជាការបំបិទសិទ្ធិសេរីភាពក្នុងការតស៊ូមតិ និងបានចាត់ទុកការសម្រេចរបស់តុលាការមិនឲ្យសកម្មជនទាំងបីនាក់ស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ននេះ ថាជាការបង្អាក់ដល់កិច្ចការពារបរិស្ថាន។
អ្នកស្រីផាវ ញ៉ឺង មកពីឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចបានប្រើកម្លាំងរុញច្រានក្រុមអ្នកតវ៉ានៅក្នុងគ្រាដែលអ្នកតវ៉ាព្យាយាមដើរកាត់របារសន្តិសុខ។ អ្នកស្រីថា សកម្មជនបរិស្ថានទាំងបីមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។
ទោះបីជាយ៉ាងក៏ដោយ លោកប៉ែន ប៊ុនឈួយ អភិបាលរងក្រុងខេមរៈភូមិន្ទបានច្រានចោលរាល់ការប្រកាន់ទាំងអស់ទាក់ទងនឹងការរារាំងពីសំណាក់អាជ្ញាធរ ដោយលោកមានប្រសាសន៍ថា៖
«មិនមានប៉ះទង្គិចអ្វីទេ យើងមើលទៅអត់ គ្រាន់តែគាត់ស្រែក ព្រោះយើងព្យាយាមអត់ធ្មត់ណាស់មិនឲ្យមានការប៉ះទង្គិចទេ»។
ចលនាមាតាធម្មជាតិបានធ្វើការយ៉ាងសកម្មនៅក្នុងកិច្ចការការពារបរិស្ថាននៅក្នុងខេត្តកោះកុង។ ក្រៅពីការតវ៉ាឲ្យបញ្ឈប់ការបូមខ្សាច់ដ៏មហន្តរាយដល់បរិស្ថាននេះ ក្រុមការពារបរិស្ថាននេះក៏បានទប់ស្កាត់មិនឲ្យមានការវិនិយោគទំនប់វារីអគ្គិសនីលើស្ទឹងអារ៉ែងនៃជួរភ្នំក្រវ៉ាញ ដែលវិនិយោគដោយក្រុមហ៊ុនចិន Sinohydro ផងដែរ។
សកម្មភាពរបស់ពួកគេមិនបានធ្វើឱ្យអាជ្ញាធរនិងអ្នកពាក់ព័ន្ធមួយចំនួនសប្បាយចិត្តទេ។ ក្នុងពេលថ្មីៗនេះ មានការធ្វើលិខិតតវ៉ាដែលអះអាងថាជាតំណាងឱ្យសហគមន៍មូលដ្ឋាន ដើម្បីបណ្តេញក្រុមចលនាមាតាធម្មជាតិចេញពីមូលដ្ឋាននេះ។
ការសម្រចឃុំខ្លួនសកម្មជននៃចលនាមាតាធម្មជាតិទាំងបីនាក់កើតមានឡើង បន្ទាប់ពីពួកគេបើកយុទ្ធនាការកាលពីខែកក្កដាដើម្បីបណេ្តញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនពីរ គឺក្រុមហ៊ុន Direct Access និង International Rainbow Company ដែលបានដំណើរការជាច្រើនខែមកហើយ នៅក្នុងតំបន់ជីផាត់ និងព្រែកអណ្តូងទឹក ដែលស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង។
ទាក់ទិននឹងការតវ៉ារបស់ពលរដ្ឋដែលមកពីសហគមន៍នានាក្នុងខេត្តកោះកុង អាជ្ញាធរបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃច័ន្ទ ដោយទុកឱសានវាទជូនអ្នកតវ៉ាចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២កញ្ញា ដើម្បីឲ្យពួកគេវិលត្រឡប់ទៅកាន់មូលដ្ឋានរៀងៗខ្លួនវិញ៕