មនុស្សរាប់រយនាក់បានធ្វើបាតុកម្មនៅក្នុងក្រុង New Delhi ប្រឆាំងនឹងការដោះលែងកាលពីថ្ងៃអាទិត្យនៃមនុស្សវ័យក្មេងបំផុតដែលបានត្រូវរកឃើញថាមានទោសនៅក្នុងការរំលោភសេពសន្ធវៈដ៏ប្រល័យកាលពីឆ្នាំ២០១២លើស្ត្រីម្នាក់ដែលបាននាំឱ្យមានការខឹងសំបារយ៉ាងខ្លាំងដល់អន្តរជាតិនិងនាំឱ្យមានការកែប្រែច្បាប់ស្តីពីការរំលោភសន្ធវៈនៃប្រទេសឥណ្ឌា។
នៅក្នុងចំណោមពួកបាតុករទាំងនោះគឺឪពុកម្តាយនៃស្ត្រីរងគ្រោះដែលបានត្រូវវាយដំនិងត្រូវបានរំលោភសេពសន្ធវៈដោយបុរស៦នាក់នៅលើឡានក្រុងមួយគ្រឿង។ ពួកប៉ូលិសបាននិយាយថាអ្នកធ្វើការវាយប្រហារវ័យក្មេងបំផុតដែលកាលពេលនោះមានអាយុត្រឹមតែ១៧ឆ្នាំជាអ្នករំលោភសេពសន្ធវៈឃោរឃៅបំផុតក្នុងបណ្តាពួកអ្នករំលោភសេពសន្ធវៈទាំងនេះ។ យុវជននេះបានវាយដំស្ត្រីរងគ្រោះជាមួយព្រនង់ដែកនៅមុនពេលរំលោភលើរាងកាយនាង។
នៅក្រោយការកាត់ក្តីដែលបានប្រព្រឹត្តទៅដោយបិទទ្វារដើម្បីការពារអត្តសញ្ញាណជនជាប់ចោទ យុវជននេះត្រូវបានផ្តន្ទាទោសឱ្យជាប់ឃុំឃាំង៣ឆ្នាំដែលជាទោសធ្ងន់បំផុតអនុញ្ញាតដោយច្បាប់។បុរសបួននាក់ទៀតដែលបានត្រូវចាប់ខ្លួនបានត្រូវកាត់ទោសប្រហារជីវិត។ បុរសទីប្រាំបានចងកខ្លួនឯងនៅក្នុងគុក។ ពួកប៉ូលិសបាននិយាយថាជនជាប់ទោសឥលូវនេះមានអាយុ២០ឆ្នាំត្រូវបានប្រគល់ខ្លួនទៅឱ្យអង្គការសប្បុរសធ៌មមួយ។
កាលពីពេលមុននេះតុលាការជាន់ខ្ពស់ក្រុង Delhi បានបដិសេធការជំទាស់ខាងផ្លូវច្បាប់ប្រឆាំងនឹងការដោះលែងយុវជននេះ។ តុលាការកំពូលកំណត់នឹងពិចារណាអំពីញតិ្តប្រឆាំងនឹងការដោះលែងយុវជននេះនៅថ្ងៃច័ន្ទ៕