បាតុករ​រិះគន់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​​ដែល​ទទួល​ស្គាល់ Jerusalem ជារដ្ឋ​ធានី​របស់​អ៊ីស្រាអែល

បាតុករ​​លើក​ទង់ជាតិ​ប៉ាឡេស្ទីន​និង​រូប Mustafa Kemal Ataturkស្ថាបនិក​តួកគី​ទំនើប​ប្រឆាំង​នឹងការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង​ Jerusalem ជា​រដ្ឋធានី​អ៊ីស្រាអែល។

បាតុករ​ដ៏​ច្រើន​ណែនណាន់​តាន់តាប់​នៅទូទាំង​ពិភព​ឥស្លាម​បាន​ធ្វើបាតុកម្មប្រ​ឆាំងតវ៉ាសហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃសុក្រ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ទីក្រុងJerusalem ​ជារដ្ឋ​ធានី​របស់​អ៊ីស្រាអែល​ដែល​ការ​តវ៉ា​ប្រឆាំង​នៅ​ក្នុង​តំបន់​ហ្គាហ្សា​បាន​នាំឲ្យបុរស​ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​ស្លាប់។

Mahmoud al-Masri អាយុ​៣០​ឆ្នាំ​ជាជន​ជាតិ​ប៉ាឡេស្ទីន​បាន​ត្រូវ​ទាហាន​អ៊ីស្រា​អែល​សម្លាប់​ក្នុង​អំឡុង​នៃការ​ប៉ះទង្គិច​នៅតាម​បណ្តោយ​ព្រំ​ដែល​តំបន់​ហ្គាហ្សា​និង​អ៊ីស្រាអែល​បន្ទាប់​ពី​ជន​ជាតិ​ប៉ាឡេស្ទីន​បាន​អំពាវនាវ​ឲ្យ​មាន«ទិវា​ចង​កំហឹង‍»​ដើម្បី​តវ៉ា​ប្រឆាំង​ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក។ យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ​ខ្លួន​បាន​បាញ់​មនុស្ស​២​នាក់​នៅ​ក្នុង​ទីក្រុង Khan Yunisភាគ​ខាង​ត្បូង​តំបន់​ហ្គាហ្សា​ដោយ​បាន​ចោទ​ប្រកាន់​ពួកគេ​ថា​ជា​អ្នក​ញុះញង់ឲ្យ​មាន​កូបកម្ម​ហិង្សា។

យន្តហោះ​ចំបាំង​អ៊ីស្រាអែល​ក៏​បាន​វាយ​ប្រហារ​ទៅ​លើ​ទីដៅ​របស់​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស​នៅ​ក្នុង​តំបន់ហ្គាហ្សា​ក្នុងការ​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់គ្រាប់​រ៉ុកកែត​ចេញពី​តំបន់​នោះ។ ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​បាន​ប្រាប់​ឲ្យ​ដឹងថា ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១៥​នាក់​ដែរ​បាន​រងរបួស​នៅក្នុង​ការវាយ​ប្រហារ​នេះ។

​បាតុកម្ម​ក៏​បានផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ហ្ស៊កដានី ​ស៊ីរី ​ប៉ាគីស្ថាន លីបង់ ​ម៉ាឡេស៊ី​និង​ប្រទេស​ឥណ្ឌូណេស៊ី ​ដែល​ជា​ប្រទេស​មាន​អ្នកកាន់​សាសនា​ឥស្លាម​ដ៏​ច្រើន​បំ​ផុត​នៅ​ក្នុង​ពិភពលោក។

សម្ព័ន្ធភាព​អារ៉ាប់​ដែល​រួមមាន​ប្រទេស​ជិត​២០ ​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុងការ​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​ធ្វើ​ឲ្យ​ជំហរ​រួម​គ្នា​អំពី​បញ្ហា​នេះ៕