សហគមន៍ខ្មែរនៅតាមបណ្តាប្រទេសធំៗមួយចំនួនរួមទាំងសហរដ្ឋអាមេរិកនិងកាណាដានឹងរៀបចំបាតុកម្មជាច្រើនកន្លែងនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ខាងមុខនេះ ដើម្បីទាមទារឱ្យដោះលែងក្រុមអ្នកការពារសិទ្ធិមនុស្សនិងសកម្មជននយោបាយដែលកំពុងជាប់ឃុំឃាំងក្នុងប្រទេសកម្ពុជា។
ការតវ៉ានឹងត្រូវរៀបចំឡើងក្នុងពេលជាមួយគ្នានៅថ្ងៃសុក្រនៅប្រទេសកាណាដានិងតាមរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក ដូចជារដ្ឋធានីវ៉ាស៊ីនតោន (Washington, DC) រដ្ឋកាលីហ្វ័រញ៉ា (California) រដ្ឋវ៉ាស៊ីនតោន (Washington state) និងរដ្ឋម៉ាស្សាឈូសិត (Massachusetts)។
លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងដែលនឹងដឹកនាំបាតុកម្មនៅរដ្ឋធានី វ៉ាស៊ីនតោនសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់ VOA ខេមរភាសាថា តាមរយៈបាតុកម្មនេះ ក្រុមអ្នកតវ៉ានឹងជំរុញឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងការទូតលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតទាល់តែមានការដោះលែងក្រុមអ្នកការពារសិទ្ធិមនុស្សនិងសកម្មជននយោបាយដែលកំពុងជាប់ឃុំឃាំងទាំងនោះ។
លោកបានបន្ថែមថា៖
«គោលបំណងយើងដែលថា យើងជំរុញឱ្យមានការដាក់ទណ្ឌកម្មខាងផ្នែកសេដ្ឋកិច្ចនេះនិងការទូតទៅលើរដ្ឋាភិបាលបច្ចុប្បន្នដោយសារតែស្ថានភាពនយោបាយជាពិសេសពាក់ព័ន្ធនឹងស្ថានភាពរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរទៅៗ ចឹងយើងមានជម្រើសដែលល្អដើម្បីបញ្ចៀសសង្គ្រាមស៊ីវិលនៅកម្ពុជាហើយដើម្បីកុំឱ្យកម្ពុជាធ្លាក់ទៅក្នុងស្ថានភាពវឹកវរកាន់តែធ្ងន់ធ្ងរទៅៗ ជម្រើសដែលល្អជាពិសេសដែលសហរដ្ឋអាមេរិកអាចធ្វើបាន គឺការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនេះនឹងអាចនាំឱ្យរដ្ឋាភិបាលបច្ចុប្បន្នងាកមករកផ្លូវត្រូវវិញ»។
មានអ្នកការពារសិទ្ធិមនុស្សចំនួនបួននាក់នៃសមាគមសិទ្ធិមនុស្សអាដហុកនិងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារពាក់ព័ន្ធនឹងការសូកប៉ាន់សាក្សីក្នុងសំណុំរឿងស្នេហាលួចលាក់រវាងនាង ខុម ចាន់តារ៉ាទី ជាមួយនឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ មានសកម្មជននយោបាយនិងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងជាង១០នាក់ទៀតក៏កំពុងជាប់ពន្ធនាគារពាក់ព័ន្ធនឹងការតវ៉ាក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣និងបញ្ហាឯកសារព្រំដែន។ ក្នុងចំណោមនេះមានពលរដ្ឋខ្មែរអាមេរិកាំងចំនួនពីរនាក់ផងដែរ គឺលោក មាជ សុវណ្ណារ៉ា និងលោកអ៊ុំ សំអាន។
លោកស្រី ណាវ៉ាន ចិត្រ អ្នករៀបចំបាតុកម្មនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ាបានបញ្ជាក់ថា បាតុករនឹងមកជួបជុំគ្នានៅសាលាក្រុងដើម្បីសម្តែងការឈឺចាប់របស់ពួកគេចំពោះស្ថានការណ៍ក្នុងប្រទេសកម្ពុជា៖
«ទឹកចិត្តរបស់គាត់ គឺគាត់មានការឈឺចាប់នូវអ្វីដែលកើតនៅស្រុកខ្មែររាល់ថ្ងៃនេះ។ គាត់ឃើញអំពើដែលគាត់មិនអាចទទួលយកបាន ម្ល៉ោះហើយគឺគាត់នឹងទៅគាំទ្រ»។
រីឯនៅក្នុងប្រទេសបារាំងនិងអូស្រ្តាលីវិញ បាតុកម្មនឹងកើតឡើងនៅថ្ងៃសៅរ៍។
លោក ហម ប៊ុនឆាយ អ្នកសម្របសម្រួលរៀបចំបាតុកម្មនៅប្រទេសបារាំងបានប្រាប់ VOA ថា ក្រុមអ្នកតវ៉ារាប់រយនាក់នឹងមកជួបជុំគ្នានៅទីលានត្រូកាដេរ៉ូក្នុងទីក្រុងប៉ារីសដើម្បីសម្តែងការមិនពេញចិត្តរបស់គេនឹងរដ្ឋាភិបាលកម្ពុជា៖
«យើងថ្កោលទោសនូវការរំលោភយ៉ាងជាក់ស្តែងលើរដ្ឋធម្មនុញ្ញដោយចាប់សកម្មជនស៊ីវិល ចាប់សមាជិកគណបក្សនយោបាយ ចាប់អ្នកតំណាងរាស្រ្តធ្វើការគាបសង្កត់យ៉ាងខ្លាំងដាក់គុកដោយអត់មានការកាត់ទោសឱ្យបានត្រឹមត្រូវ រំលោភលើសិទ្ធិសេរីភាពរបស់បងប្អូនខ្មែរនិងលើសិទ្ធិរបស់អ្នកតំណាងរាស្ត្រមួយចំនួន»។
ក្រុមអ្នករៀបចំបាតុកម្មក៏នឹងស្នើសុំឱ្យសហរដ្ឋអាមេរិកដឹកនាំមុខក្នុងការបង្កើត«ក្រុមទាក់ទងកម្ពុជា» (Cambodia Contact Group) ដែលមានសមាជិកចំនួន៦ប្រទេស គឺ សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌូនេស៊ី អូស្ត្រាលី បារាំងនិងអង់គ្លេសដើម្បីធានាឱ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ក្នុងប្រទេសកម្ពុជានិងការផ្ទេរអំណាចដោយសន្តិវិធីក្នុងពេលខាងមុខ។
លោក ទូច វិបុល នៃសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងបានបញ្ជាក់បន្ថែមថា៖
«ក្រុមទាក់ទងកម្ពុជាហ្នឹងគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌គឺតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ ដែលយើងយល់ថា សហរដ្ឋអាមេរិកជាហត្ថលេខីសន្តិភាពទីក្រុងប៉ារីសហើយមានកាតព្វកិច្ចតាមឃ្លាំមើលការវិវត្តលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះមានពលរដ្ឋខ្មែរអាមេរិកាំងកាន់តែច្រើនបានយល់ដឹងពីសិទ្ធិរបស់ពួកគេហើយបានចូលរួមប្រឡូកក្នុងកិច្ចការនយោបាយសហរដ្ឋអាមេរិកនិងបញ្ហាទាក់ទងនឹងប្រទេសកំណើតកាន់តែច្រើនឡើង។
លោក គុជ ចាន់លី អ្នកវិភាគមួយរូបនៅក្នុងរដ្ឋម៉ារីឡែន (Maryland) យល់ថា នេះជាវិធីល្អក្នុងការជំរុញអ្នកនយោបាយសហរដ្ឋអាមេរិកឱ្យមានការយកចិត្តទុកដាក់ដល់ប្រទេសកម្ពុជា៖
លោក គុជ ចាន់លី បញ្ជាក់ប្រាប់ VOA ថា៖
«បើសិនជាខ្លួនមានដើមកំណើតខ្មែររត់ចោលប្រទេសរបស់ខ្លួនដោយសារតែខ្លួនគ្មានសមត្ថភាពការពារ ហើយបើសិនជាខ្លួនមិនការពារប្រទេសដែលជិតរលត់បាត់ទៅហើយហ្នឹងក្តី ឬមួយមិនការពារប្រទេសដើមកំណើតរបស់ខ្លួនកំពុងត្រូវការអ្នកទេ សហរដ្ឋអាមេរិកក៏គេមិនឱ្យតម្លៃជនភៀសខ្លួនឬក៏អាណិកជនបែបហ្នឹងដែរ ព្រោះថាអ្នកឯងគ្មានសតិសម្បជញ្ញៈ មនសិការនឹងអាណិតអាសូរដល់ប្រទេសជាតិរបស់ខ្លួនផង ទម្រាំដល់ប្រទេសដែលខ្លួនមកជ្រកកោននេះ ក៏គេអត់ទុកចិត្តគេអត់ឱ្យតម្លៃប្រជាពលរដ្ឋខ្មែរណាដែលមកជ្រកកោនប្រទេសគេ ហើយអត់ជ្រោងប្រទេសកំណើតខ្លួននោះទេ»។
ក្នុងពេលថ្មីៗនេះ សហគមន៍ខ្មែរអាមេរិកាំងទាមទារសម្រេចបានដោយជោគជ័យសុំឱ្យរដ្ឋសភាសហរដ្ឋអាមេរិកបង្កើតក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា (Bipartisan Congressional Cambodia Caucus)។ ក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជាដែលមកពីគណបក្សទាំងពីរនេះត្រូវបានបង្កើតឡើងកាលពីចុងខែមីនា៕