តុលាការឧទ្ធរណ៍នៅថ្ងៃទី៨ ខែឧសភាបានសម្រេចតាមសំណើរបស់រដ្ឋាភិបាលទីក្រុងហុងកុងក្នុងការហាមឃាត់បទចម្រៀងតវ៉ាដ៏ពេញនិយមមួយ ដោយលុបចោលសេចក្តីសម្រេចពីមុន ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការលុបបំបាត់សេរីភាពនៅក្នុងទីក្រុងនេះដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលដែលធ្លាប់មានសេរីភាព។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន The Associated Press រាយការណ៍នៅថ្ងៃទី ៨ ខែឧសភា។
បទចម្រៀង Glory to Hong Kong ជារឿយៗត្រូវបានក្រុមបាតុករ ច្រៀងក្នុងអំឡុងពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំក្នុងឆ្នាំ ២០១៩។ បទចម្រៀងនេះក្រោយមកត្រូវបានគេលេងច្រឡំថា ជាចម្រៀងជាតិរបស់ទីក្រុងនេះនៅឯព្រឹត្តិការណ៍កីឡាអន្តរជាតិជំនួសចម្រៀងMarch of the Volunteers របស់ប្រទេសចិនដែលធ្វើឱ្យមន្ត្រីក្រុងខកចិត្តជាខ្លាំង។
វាជាលើកទីមួយហើយដែលបទចម្រៀងនេះត្រូវបានហាមប្រាមនៅក្នុងទីក្រុងនេះ ចាប់តាំងពីចក្រភពអង់គ្លេសបានប្រគល់ទឹកដីនេះទៅឱ្យការគ្រប់គ្រងរបស់ចិនក្នុងឆ្នាំ ១៩៩៧។
ក្រុមអ្នករិះគន់បាននិយាយថា ការហាមឃាត់ការផ្សាយ ឬការចែកចាយបទចម្រៀងនេះ កាន់តែកាត់បន្ថយសេរីភាពនៃការបញ្ចេញមតិ ចាប់តាំងពីទីក្រុងប៉េកាំងបានចាប់ផ្តើមការបង្រ្កាបនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីមានការតវ៉ានៅឆ្នាំ ២០១៩។ ពួកគេក៏បានព្រមានផងដែរថា ការហាមឃាត់នេះអាចរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងប៉ះពាល់ដល់ការអំពាវនាវរបស់ទីក្រុងក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។
ចៅក្រម Jeremy Poon បានសរសេរថា អ្នកនិពន្ធមានចេតនាប្រែក្លាយឱ្យបទចម្រៀងនេះជា«អាវុធ» ដោយចង្អុលបង្ហាញពីឥទ្ធិពលរបស់ចម្រៀងនេះក្នុងការដាស់អារម្មណ៍អ្នកស្រុកមួយចំនួនក្នុងទីក្រុង។
ការហាមប្រាមនេះនឹងកំណត់គោលដៅលើអ្នកដែលផ្សាយ ឬចែកចាយបទចម្រៀង ដើម្បីតស៊ូមតិសម្រាប់ការបំបែកហុងកុងពីប្រទេសចិន។ បម្រាមនេះក៏នឹងហាមឃាត់រាល់សកម្មភាពដែលបន្លំយកបទចម្រៀងជាចម្រៀងភ្លេងជាតិក្នុងចេតនាប្រមាថ ចម្រៀងភ្លេងជាតិផងដែរ។
បទចម្រៀងនេះនៅតែអាចចាក់បានសម្រាប់សកម្មភាពសារព័ត៌មាន និងសកម្មភាពសិក្សាស្របច្បាប់។
ការខកខានមិនបានអនុវត្តតាមដីការបស់តុលាការអាចចាត់ទុកថា ជាការមាក់ងាយតុលាការ ហើយអាចត្រូវទទួលទោសពិន័យជាប្រាក់ ឬដាក់ពន្ធនាគារ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កន្លងមកអាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋមួយចំនួនដែលលេងបទចម្រៀងនៅទីសាធារណៈ ដោយចោទថាជាបទល្មើសផ្សេងៗ ដូចជាការលេងឧបករណ៍ភ្លេងនៅទីសាធារណៈដោយគ្មានច្បាប់អនុញ្ញាត។
ក្រុមហ៊ុន Google បាននិយាយនៅក្នុងអ៊ីមែលទៅកាន់ AP ថា ខ្លួនកំពុង«ពិនិត្យមើលការវិនិច្ឆ័យរបស់តុលាការ»។ ក្រុមហ៊ុន Spotify និង Apple មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។
លោក George Chen សហប្រធាននៃការអនុវត្តឌីជីថលនៅ The Asia Group ដែលជាក្រុមហ៊ុនប្រឹក្សាពាណិជ្ជកម្ម និងគោលនយោបាយដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ទំនងណាស់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យារឹតបន្តឹងការទទួលបានខ្លឹមសារ នេះនៅក្នុងតំបន់ជាក់លាក់មួយដើម្បីអនុវត្តតាមបទបញ្ជា។
លោក Chen បានអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាពីវិធីបន្ធូរបន្ថយកង្វល់របស់សាធារណជន ជុំវិញឥទ្ធិពលដ៏អាក្រក់នៃបទបញ្ជានេះទៅលើសេរីភាពនិយាយស្តី។
លោកបាននិយាយថា លោកសង្ឃឹមថាការហាមឃាត់បែបនេះនឹងមិនក្លាយជា «ទម្លាប់ថ្មី» ហើយបង្កើតជាលំនាំមួយ។ លោកបានបន្តថា៖ «នេះនឹងធ្វើឲ្យមនុស្សមានការព្រួយបារម្ភយ៉ាងខ្លាំងថា តើសេរីភាពអ៊ីនធឺណិតនៅទីក្រុងហុងកុងនឹងទៅជាយ៉ាងណាទៅថ្ងៃអនាគត»។
ក្រុងប៉េកាំងបានដាក់ច្បាប់សន្តិសុខជាតិដ៏ធំមួយនៅឆ្នាំ ២០២០ ដើម្បីបំបាត់ភាពចលាចលរយៈពេលច្រើនខែ។ ច្បាប់នោះត្រូវបានគេប្រើដើម្បីចាប់ខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យឈានមុខគេជាច្រើនក្នុងទីក្រុងនេះ។ កាលពីខែមីនា ទីក្រុងនេះបានបង្កើតច្បាប់សន្តិសុខ ដោយធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងថា សេរីភាពស៊ីវិលតាមបែបលោកខាងលិចនៅទីក្រុងនេះនឹងត្រូវបានកាត់បន្ថយបន្ថែមទៀត។ ច្បាប់ទាំងពីរនេះជាធម្មតាផ្តោតទៅលើអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាងនេះ។
បន្ទាប់ពីការសម្រេចនេះ លោក Lin Jian អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បាននិយាយថា ការរារាំងនរណាម្នាក់មិនឱ្យប្រើប្រាស់បទចម្រៀងនេះដើម្បីញុះញង់ឱ្យមានការបែកបាក់ និងប្រមាថបទចម្រៀងភ្លេងជាតិ គឺជាវិធានការចាំបាច់សម្រាប់ទីក្រុងរក្សាសន្តិសុខជាតិ។
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ