រដ្ឋអាជ្ញាកូរ៉េខាងត្បូងបាននិយាយនៅក្នុងការអះអាងពេលសន្និដ្ឋានចុងក្រោយរបស់ពួកគេកាលពីថ្ងៃចន្ទថា ពួកគេចង់ឲ្យកាត់ទោសប្រធានក្រុមហ៊ុន Samsung លោក Lee Jae-yong ឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ដោយចោទប្រកាន់ពីបទពុករលួយ ពាក់ព័ន្ធនឹងរឿងអាស្រូវនយោបាយដែលបាននាំឲ្យមានការទម្លាក់និងបណ្តេញអតីតប្រធានាធិបតីកូរ៉េខាងត្បូងគឺលោកស្រី Park Geun-hye ចេញពីតំណែង។
ក្រុមរដ្ឋអាជ្ញានិយាយថា លោក Lee បានផ្តល់ប្រាក់រាប់លានដុល្លារដល់មូលនិធិមិនស្វែងរកប្រាក់កម្រៃចំនួនពីរដែលដំណើរការដោយលោកស្រី Choi Soon-sil ដែលជាមិត្តភក្តិជិតស្និទ្ធម្នាក់របស់លោកស្រីប្រធានាធិបតី Park ដើម្បីជាថ្នូរនឹងការសម្រេចចិត្តមួយដោយទីភ្នាក់ងារប្រាក់បៀរវត្សន៍ជាតិទៅលើការរួមបញ្ចូលសាខាក្រុមហ៊ុន Samsung ចំនួនពីរ បើទោះជាអាចមានការខាតបង់ប្រាក់ជាង១០០លានដុល្លារក៏ដោយ។
ការរួមបញ្ចូលគ្នានេះនឹងជួយត្រួសត្រាយផ្លូវដល់លោក Lee ក្នុងការកាន់កាប់កេរមរតកទាំងមូលពីឳពុករបស់លោកដែលកំពុងមានជំងឺ។ ប៉ុន្តែលោក Lee បានបដិសេធចំពោះការចោទប្រកាន់នេះ។
គេរំពឹងថា រដ្ឋអាជ្ញានឹងចេញសាលក្រមនៅចុងខែនេះ៕