រដ្ឋអាជ្ញាក្រុង New York បានកោះហៅគណៈវិនិច្ឆ័យពិសេសដើម្បីពិនិត្យភ័ស្តុតាងនិងសម្រេចថាតើត្រូវចេញសេចក្ដីចោទប្រកាន់ទាក់ទងទៅនឹងការស៊ើបអង្កេតលើការធ្វើជំនួញរបស់លោកអតីតប្រធានាធិបតី Donald Trump ឬយ៉ាងណា។
កាសែត Washington Post ទីភ្នាក់ងារព័ត៌មាន AP និងបណ្តាញទូរទស្សន៍ ABC News បានរាយការណ៍អំពីព្រឹត្តិការណ៍នេះដោយស្រង់សម្តីប្រភពដែលដឹងរឿងនេះ។
លោក Cyrus Vances Jr.ដែលជារដ្ឋអាជ្ញាសង្កាត់ Manhattan បានចំណាយពេលពីរឆ្នាំស៊ើបអង្កេតរឿងបង់ប្រាក់បំបិតមាត់ឲ្យទៅស្ត្រីម្នាក់ជំនួសឲ្យលោក Trump នៅពេលលោកធ្វើយុទ្ធនាការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ការស្នើសុំបន្ថយពន្ធដោយក្រុមហ៊ុនរបស់លោកនិងទំនាក់ទំនងរបស់លោក Trump ជាមួយនឹងអ្នកផ្ដល់កម្ចីហិរញ្ញវត្ថុ។
ការស៊ើបអង្កេតរួមបញ្ចូលការទទួលបានបញ្ជីពន្ធជាច្រើនឆ្នាំរបស់លោកTrump បន្ទាប់ពីជម្លោះផ្លូវច្បាប់ឈានដល់តុលាការកំពូល។
លោក Trump បានច្រានចោលការស៊ើបអង្កេតថាជា «ការធ្វើទុក្ខបុកម្នេញ»។
លោកTrump បានបញ្ចាក់នៅក្នុងសេចក្ដីការណ៍កាលពីថ្ងៃអង្គារថា៖ «នេះជារឿងនយោបាយសុទ្ធសាធនិងជាការជេរប្រមាថដល់អ្នកបោះឆ្នោតជិត ៧៥ លាននាក់ដែលបានគាំទ្រខ្ញុំក្នុងការបោះឆ្នោតប្រធានាធិបតីហើយវាត្រូវបានធ្វើឡើងដោយរដ្ឋអាជ្ញាមកពីគណបក្សប្រជាធិបតេយ្យ។
មិនដែលមានអតីតប្រធានាធិបតីរូបណាធ្លាប់ត្រូវរងការចោទប្រកាន់បែបនេះឡើយពីមុនមក៕