រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ប៉ូលិស ៣ នាក់​ទៀត​ក្នុង​ករណី​ស្លាប់​របស់​លោក George Floyd

រូបថតផ្តល់ឲ្យដោយការិយាល័យប៉ូលិសប្រចាំសង្កាត់ Hennepin រដ្ឋមីនីសូតា កាលពីថ្ងៃទី៣ ខែមិថុនា បង្ហាញឲ្យឃើញរូបរបស់អតីតមន្ត្រីប៉ូលិស៣នាក់ គឺលោក J. Alexander Kueng (ឆ្វេង) លោក Thomas Lane (កណ្តាល) និងលោក Tou Thao (ស្តាំ) ដែលត្រូវបានចោទប្រកាន់ពីបទជួយ និងសមគំនិតបទឃាតកម្មក្នុងករណីស្លាប់របស់លោក George Floyd នៅទីក្រុង Minneapolis រដ្ឋមីនីសូតា។

រដ្ឋ​អាជ្ញា​បាន​ចោទ​ប្រកាន់​ប៉ូលិស​បី​នាក់​ទៀត កាលពី​ថ្ងៃ​ពុធ នៅ​ក្នុង​ករណី​ស្លាប់​របស់​លោក George Floyd ហើយ​បាន​ចោទ​ប្រកាន់​បទ​ចោទ​ថ្មី​មួយ​ទៀត​លើ​លោក Derek Chauvin ដែល​ជា​ជនជាប់​ចោទ​ចម្បង​ក្នុង​ករណី​នេះ។

ការ​សម្រេច​ចោទ​នេះ​បាន​ផ្តល់​ជា​ស្មារតី​ជ័យជម្នះ​មួយ​ដល់​ក្រុម​បាតុករ​ដែល​បាន​ចេញ​តវ៉ា​តាម​ដង​ផ្លូវ​ប្រឆាំង​នឹង​ភាព​ឃោរឃៅ​របស់​ប៉ូលិស និង​អយុត្តិធម៌​ជាតិ​សាសន៍​នៅ​តាម​ទីក្រុង​ជាច្រើន​ទូទាំង​សហរដ្ឋ​អាមេរិក។

លោក Derek Chauvin បាន​រង​បទ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ជាង​គេ បន្ទាប់​ពី​វីដេអូ​ឃ្លីប​នៃ​ហេតុការណ៍​ឃាត់​ខ្លួន​លោក Floyd បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក Chauvin បាន​ដាក់​ជង្គង់​សង្កត់​លើ​ក​របស់​លោក Floyd។ បទ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​នោះ គឺ​បទ​ឃាតកម្ម​កម្រិត​ទី​ពីរ ដែល​ជា​បទ​ឃាតកម្ម​ដោយ​ចេតនា​ដោយ​មិន​បាន​គិត​ទុក​ជា​មុន ដែល​លោក Chauvin ត្រូវការពារ​ខ្លួន​នៅ​មុខ​តុលាការ។

មន្ត្រី​ប៉ូលិស​បីនាក់​ទៀត ដែល​មាន​វត្តមាន​ក្នុង​ករណី​កើត​ហេតុ​នោះ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ជួយ និង​សម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​កម្រិត​ទី២ និង​មនុស្ស​ឃាត​កម្រិត​ទី២។ មន្ត្រី​ប៉ូលិស​ទាំង​បួន​នាក់​នេះ ត្រូវបាន​បញ្ឈប់​ពី​ការងារ​កាលពី​សប្តាហ៍​កន្លង​ទៅ។ បើ​សិន​ជា​រក​ឃើញ​ថា​មាន​ទោស ពួកគេ​អាច​ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដល់​ទៅ ៤០ ឆ្នាំ។

ដំបូង​ឡើយ លោក Chauvin ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត​ទី ៣ និង​មនុស្ស​ឃាត​កម្រិត​ទី២។ បទ​ចោទ​ទាំង​ពីរ​នេះត្រូវបាន​ចោទ​លើ​រូប​លោក​ដដែល។

រូបថតរបស់លោក Derek Chauvin ក្នុងសម្លៀកបំពាក់ជាអ្នកទោស ត្រូវបានផ្តល់ឲ្យដោយការិយាល័យប៉ូលិសប្រចាំសង្កាត់ Hennepin រដ្ឋមីនីសូតា ដែលសារព័ត៌មាន AFP ទទួលបាន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

បទ​ចោទ​ប្រកាន់​ថ្មី គឺ​បទ​ឃាតកម្ម​កម្រិត​ទី​២ នេះ បាន​ចោទ​ថា លោក Chauvin បាន​ធ្វើ​ឲ្យ​លោក Floyd ស្លាប់​ដោយ​អចេតនា ខណៈ​មន្ត្រី​ប៉ូលិស​រូប​នេះ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​មួយ​ទៀត គឺ​អំពើហិង្សា​កម្រិត​ទី៣។ បទ​ឧក្រិដ្ឋ​នេះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​យូរ​បំផុត ៤០ ឆ្នាំ បើ​ធៀប​នឹង​ទោស​ជាប់​ពន្ធនាគារ​យូរ​បំផុត ២៥ ឆ្នាំ សម្រាប់​បទ​ឃាតកម្ម​កម្រិត​ទី៣។

មន្ត្រី​ប៉ូលិស​បី​នាក់​ផ្សេង​ទៀត រួម​មាន​លោក Thomas Lane លោក J. Kueng និង​លោក Tou Thao ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទោស​សម្រាប់​បទ​ជួយ និង​បទ​សម​គំនិត។ ពួកគេ​ត្រូវបាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​កន្លង​ទៅ។ រី​ឯ​លោក Chauvin ត្រូវបាន​ឃាត់​ខ្លួន​កាល​ពី​សប្តាហ៍​មុន ហើយ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ផង​ដែរ។

សេចក្តី​សម្រេច​ចោទ​ប្រកាន់​របស់​ក្រុម​រដ្ឋ​អាជ្ញា លើ​មន្ត្រី​ប៉ូលិស​បី​នាក់​ទៀត និង​បទ​ចោទ​ប្រកាន់​ថ្មី​មួយ​ទៀត​លើ​លោក Chauvin កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ក្នុង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​សហរដ្ឋ​អាមេរិក។

ការ​ធ្វើ​បាតុកម្ម​ទាំង​នោះ​ដែល​ភាគ​ច្រើន​អហិង្សា បាន​កើត​មាន​ឡើង​នៅ​តាម​សហគមន៍​ជា​ច្រើន ក៏​ប៉ុន្តែ​នៅ​ក្នុង​នោះ​ក៏​មាន​អំពើ​ហិង្សា​កើត​ឡើង​តាម​កន្លែង​ផង​ដែរ ដូចជា​ការ​វាយប្រហារ​លើ​មន្ត្រី​ប៉ូលិស ការ​គាស់​លួច និង​ការ​ដុត​បំផ្លាញ​នៅ​តាម​ទីកន្លែង​ខ្លះ។

នៅ​ទូទាំង​សហរដ្ឋ​អាមេរិក មនុស្ស​ជាង ៩ ពាន់​នាក់ ត្រូវបាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បង្ក​ចលាចល។ យ៉ាងហោច​ណាស់ មនុស្ស ១២ នាក់ ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់ ខណៈ​ស្ថានការណ៍​ឃាត់ខ្លួន​នៅ​ក្នុង​ករណី​ជា​ច្រើន​ទៀត កំពុង​ត្រូវបាន​កំណត់​ជា​បន្ត​បន្ទាប់៕