នាយទាហានជាន់ខ្ពស់ថា្នក់ឧត្តមសេនីយ៍ទោចំនួន៤រូប ដែលជាអង្គរក្សរបស់នាយករដ្ឋមន្រ្តី ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក(ផ្កាយ៣) ទៅតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមព្រះរាជក្រឹត្យចេញផ្សាយកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។
ការដំឡើងឋានន្តរស័ក្តិដល់នាយទាហានរបស់កងយោពលខេមរភូមិន្ទ៤រូបខាងលើនេះ នាំឱ្យអ្នកឃ្លាំមើលសង្គមកម្ពុជាចោទសួរអំពីគុណសម្បតិ្តនៃការបម្រើជាតិក្នុងវិស័យកងទ័ព ខណៈនាយទាហានទាំង៤រូបនោះត្រូវគេដឹងថាស្ថិតក្នុងកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាការដំឡើងឋានន្តរស័ក្តិដល់នាយទាហានណាមួយ គឺជាការផ្តល់តម្លៃ និងកិត្តិយសដល់ក្រុមគ្រួសារនៃនាយទាហានរូបនេះ ក្រោមហេតុផលថា កងទ័ពប្រឈមមុខនឹងគ្រោះថ្នាក់ច្រើនជាងកិច្ចការងារបម្រើប្រទេសជាតិផ្សេងទៀត។
ប៉ុន្តែលោកបារម្ភថាប្រសិនបើការដំឡើងឋានន្តរស័ក្តិនោះធ្វើឡើងដោយគ្មានការវាយតម្លៃពីគុណសម្បត្តិ និងស្នាដៃទេនោះ វា អាចធ្វើឱ្យទឹកចិត្តក្នុងជួរកងទ័ពចុះខ្សោយ ព្រោះកន្លងមកមានការរិះគន់ថា នាយទាហានវ័យក្មេងមួយចំនួនមានផ្កាយពាក់លើស្មាទៅហើយ។
លោកនិយាយថា៖ «សម្រាប់ខ្ញុំ ខ្ញុំមើលនៅក្នុងរូបភាពពីរ។ បើសិនជាការដំឡើងនោះ ជាការដំឡើងដោយផ្អែកទៅលើអតីតភាពការងារ ផ្អែកទៅលើស្នាដៃការងារ អាហ្នឹងវាជារឿងល្អ ជាពិសេសវានឹងបង្ហាញអំពីភាពជោគជ័យនៃបុគ្គលដែលធ្វើកិច្ចការងារកងទ័ពហ្នឹង ហើយវាជាកិត្តិយសសម្រាប់គ្រួសារពួកគាត់ផងដែរ»។
លោកបន្ថែមថា៖ «ចំណុចមួយទៀត ភាពកម្សោយដែលកើតឡើង នៅក្នុងវិស័យយោធាកម្ពុជាហ្នឹងក៏កើតឡើងដោយសារតែការដំឡើងឋានន្តរស័ក្តិដោយមិនមានតម្លាភាព ដោយមិនយុត្តិធម៌ ដោយមិនស្មើភាពហ្នឹងដែរ ឬក៏ដោយសែស្រឡាយហ្នឹង វាធ្វើឱ្យបាក់ទឹកចិត្តទ័ព»។
បើតាមលោក សេង សារី ថា នៅក្នុងប្រទេសជឿនលឿន កិច្ចការកងទ័ពត្រូវបានគេផ្តល់តម្លៃខ្ពស់ ដែលការណ៍នេះនាំឱ្យប្រទេសទាំងនោះមានការប្រយ័ត្នប្រយែងក្នុងការដំឡើងឋានន្តរស័ក្តិ ដោយមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ឬបក្ខពួកនិយម ដើម្បីរក្សាទឹកចិត្តកងទ័ព។
យោងតាមព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហមុនីចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នាយទាហានថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដំឡើងឋានន្តរស័ក្តិឱ្យពាក់ផ្កាយ៣នោះ រួមមានឧត្តមសេនីយ៍ទោ ណាំ ភិរុណ ឧត្តមសេនីយ៍ទោ ឡុង ជា ឧត្តមសេនីយ៍ទោអ៊ន សុទ្ទីរ័ត្ន និងឧត្តមសេនីយ៍ទោ ឃុត សុខុន។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំ សំអាត យល់ថា នាយទាហានខាងលើត្រូវគេដឹងថា ស្ថិតក្នុងកងកម្លាំងទទួលបន្ទុកការពារសុវត្ថិភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី។ ហេតុដូច្នេះ ការដំឡើងឋានន្តរស័ក្តិដល់នាយទាហានទាំង៤រូបនេះ ទំនងជាមានទំនាក់ទំនងនឹងគុណសម្បត្តិនៃការការពារនាយករដ្ឋមន្ត្រី ឬគ្រួសាររបស់នាយករដ្ឋមន្ត្រី។
លោកបញ្ជាក់ថា៖ «ការដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកទៅលើឧត្តមសេនីយ៍ទាំង៤រូបនេះ គេមើលឃើញថា សុទ្ធតែជាឧត្តមសេនីយ៍ដែលនៅក្នុងកងអង្គរក្ស ដែលការពារប្រមុខរាជរដ្ឋាភិបាល និងក្រុមគ្រួសារប្រមុខរាជរដ្ឋាភិបាល។ អ៊ីចឹង ប្រហែលជាគេពឹងផ្អែកទៅលើស្នាដៃ ក្នុងកិច្ចការការពារសុវត្ថិភាពទៅលើប្រមុខរាជរដ្ឋាភិបាលហ្នឹង និងក្រុមគ្រួសាររបស់ប្រមុខរាជរដ្ឋាភិបាលហ្នឹង»។
អ្នកការពារសិទ្ធិមនុស្សរូបនេះ ឱ្យដឹងទៀតថា ការដំឡើងឋានន្តរស័ក្តិក៏ត្រូវបានធ្វើឡើង ដោយមើលទៅលើប្រវត្តិការងារ ដែលមិនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសណាមួយ ក៏ប៉ុន្តែកន្លងមកនាយទាហានមួយចំនួនបានប្រព្រឹត្តខុសវិន័យកងទ័ព តែបែរជាទទួលបានការដំឡើងឋានន្តរស័ក្តិទៅវិញ ដូចយ៉ាងករណីវាយដំអ្នកតំណាងរាស្ត្រពីររូបរបស់អតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៥។
លោកថ្លែងថា៖ «កន្លងមកគេមើលឃើញថា អ្នកខ្លះមានការប្រព្រឹត្ត ឬក៏វាយទៅលើអតីតតំណាងរាស្ត្រហើយ ក្រោយមកស្រាប់តែមានការដំឡើងឋានន្តរស័ក្តិអីជាដើម ដែលអាហ្នឹងធ្វើឱ្យមានការរិះគន់ទៅលើបញ្ហាទាំងអស់ហ្នឹង ពីព្រោះការដំឡើងឋានន្តរស័ក្តិ គឺអ្នកដែលមានស្នាដៃល្អសម្រាប់បម្រើជាតិមាតុភូមិ ហើយនឹងមាន ការងារល្អ ហើយនឹងមានប្រវត្តិល្អមិនដែលមានការប្រព្រឹត្តនូវទង្វើកំហុសឆ្គងណានោះទេ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត ទាំងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងទូរស័ព្ទ។ វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីនាយទាហានទាំង៤រូប និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែមិនអាចទាក់ទងទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ការដំឡើងឋានន្តរស័ក្តិនាយទាហានទាំង៤រូបខាងលើ កើតមានឡើងក្រោយការចេញរបាយការណ៍ថ្មីមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមរិកស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២១ដែលបង្ហាញថា កងកម្លាំងប្រដាប់អាវុធដែលជាផ្នែកមួយនៃកងកម្លាំងការពារសន្តិសុខប្រទេសមានជាប់ទាក់ទងនឹងការប្រើប្រាស់អំពើហិង្សាជាច្រើនលើក្រុមជនស៊ីវិល និងក្រុមអ្នកជំទាស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងបានធ្វើសកម្មភាពតាមដានឯកជនភាពរបស់ពលរដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជា ការធ្វើឱ្យពលរដ្ឋអស់លទ្ធភាពផ្លាស់ប្តូររដ្ឋាភិបាលដោយសន្តិវិធីតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ជាដើម៕