អង្គការ​សហប្រជាជាតិ​តែងតាំង​បញ្ញវន្ត​ថៃ​ជើង​ចាស់ ឱ្យ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

រូបឯកសារ៖ លោក​សាស្ត្រាចារ្យ Vitit Muntarbhorn អ្នកជំនាញការពារសិទ្ធិមនុស្ស ថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៧។

លោក​សាស្ត្រាចារ្យ Vitit Muntarbhorn អ្នកជំនាញ​ច្បាប់​ថៃ​ដែល​មាន​ពិសោធន៍ នៅ​អង្គការ​សហប្រជាជាតិ ​លើកិច្ចការ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េខាងជើង ​និង​ស៊ីរី ត្រូវបាន​តែងតាំង​ផ្លូវការជា​អ្នក​រា​យការណ៍​ពិសេស អ.ស.ប.​ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ចាប់ផ្ដើម​អាណត្តិ​ការងារ​ពីថ្ងៃទី ១ ​ខែឧសភា​ទៅ សាស្ត្រាចារ្យ Muntarbhorn នឹងជា​អ្នក​ជំនាញ អ.ស.ប.ទី ៧​ ហើយ​ដែល​ទទួល​បន្ទុកឃ្លាំមើល​រាយការណ៍​លើស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោកស្រី Nazhat Shameem Khan ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប. បាន​ប្រកាសឧទ្ទេស​នាម​សាស្ត្រាចារ្យ Muntarbhorn ក្នុងបញ្ជី​ជាមួយ​នឹង​អ្នកជំនាញការ ​៥ នាក់​ផ្សេង ជា​បេក្ខភាព​ដាក់​ជូន​សម័យ​ប្រជុំពេញអង្គ​លើកទី ៤៦ ​នៃ​ក្រុមប្រឹក្សា​បោះឆ្នោត​យល់ព្រម​តែង​តាំង។

សម័យ​ប្រជុំ​ពេញអង្គ​លើកទី៤៦​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប. បាន​អនុម័ត​យល់ព្រម​លើ​ការតែងតាំង​សាស្ត្រាចារ្យ Muntarbhorn និង​អ្នកជំនាញការ​ទាំង​ ៥ ផ្សេង​ទៀត សម្រាប់​តំណែង​ដែល​នៅ​ទំនេរ​ទាំង​អស់ កាល​ពី​ថ្ងៃពុធ។

លោកស្រី Nazhat Shameem Khan បាន​ឡើង​ថ្លែង​ថា

«ខ្ញុំសូម​អំពាវនាវ​ដល់ភាគីរដ្ឋ​និង​ភាគីពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​អ្នកស្ថិត​ក្នុងអណ្ណត្តិទើប​តែង​តាំងថ្មី​ទាំ​ងនេះ ​ក្នុង​ការ​អនុវត្ត​អាណត្តិ​ការងារ​ចំពោះ​មុខ​របស់​ពួកគេ»។

ឯកអគ្គរាជ​ទូតកម្ពុជា​លោក អាន សុខខឿន តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សឺណែវ បាន​ឡើងថ្លែងភ្លាមៗ​ ក្រោយការ​តែងតាំង​សាស្ត្រាចារ្យ Muntarbhorn ថា​ ការ​បន្តទទួល​យក​ប្រេសិត​សិទ្ធិមនុស្ស អ.ស.ប. ជា​ «ការប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ» របស់ទីក្រុង​ភ្នំពេញ​លើបញ្ហា​សិទ្ធិមនុស្ស។

«ខណៈដែល​បង្ហាញអំពី​កិច្ចសហ​ប្រតិបត្តិការ​ជាថ្មី​នឹង​អ្នក​រាយការណ៍​ថ្មី សាស្ត្រាចារ្យ Vitit Muntarbhorn រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ជឿជាក់ថា ​អ្នកបន្តអាណត្តិថ្មី​រូបនេះ​នឹង​បំពេញ​មុខងារ ដោយ​ប្រកាន់​ខ្ជាប់​យ៉ាង​តឹងរ៉ឹង​ទៅនឹង​ «ក្រមប្រតិបត្តិ» ​និង ​«សេចក្ដី​ណែនាំ​ទូទៅ​នៃ​នីតិវិធី​ពិសេស» ​ដែល​គូស​បញ្ជាក់​អំពីសារៈ​សំខាន់​នៃ​ការកសាង​អង្គហេតុ​ ផ្អែក​ទៅ​លើព័ត៌មាន​ប្រកប​ដោយ​សត្យានុម័តិ​ភាព​និង​ជឿទុកចិត្ត​បាន ដែល​ដកស្រង់​ពី​ប្រភព​ត្រឹមត្រូវ និង​ក៏​ដូច​ជា​មាន​ការ​អង្កេតពិចារណា​លើ​ច្បាប់​ប្រទេស​ម្ចាស់​ស្រុកនិង​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ»។

លោក​សាស្ត្រាចារ្យ Muntarbhorn នឹង​ត្រូវ​ជំនួស​លោកស្រី​សាស្ត្រាចារ្យ Rhona Smith ដែល​កាន់តួនាទី​ជាប្រេសិត​ពិសេស​នេះ ​តាំង​តែ​ពី​ឆ្នាំ ២០១៥ ​មក ហើយ​លោកស្រី​ក៏​ត្រូវបាន​រិះគន់​ដោយ​រដ្ឋាភិបាល​កម្ពុជា​ជាបន្តបន្ទាប់ ជា​ការ​ប្រតិកម្ម​នឹង​ក្តី​បារម្ភ​របស់​លោកស្រី​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្នុងកំណត់​ផ្សាយមួយ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន លោកស្រី​សាស្ត្រាចារ្យ Rhona Smith បាន​កោត​សរសើរ​លោក Muntarbhorn ថា៖

«ខ្ញុំមានកិត្តិយស​ដែល​បាន​ជួប​លោក​ជាច្រើន​លើក ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ ហើយ​យើង​នឹងពិភាក្សា​អំពីការ​ប្រគល់​អាណត្តិ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។ លោក​គឺជាបុគ្គល​ដែលមាន​ពិសោធន៍ខ្ពស់ ក្នុង​តួនាទីជា​មេធាវី​អន្តរជាតិ​ ជាអតីត​អ្នករាយការណ៍​ពិសេស ​អ.ស.ប. និង​ជា​បញ្ញវន្ត​លើ​កិច្ចការ​អាស៊ី​អាគ្នេយ៍»។

លោក​សាស្ត្រាចារ្យ Muntarbhorn ធ្លាប់ជា​អ្នករាយការណ៍​ពិសេស​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុងប្រទេស​កូរ៉េខាងជើង ពី​ឆ្នាំ​ ២០០៤ ដល់​ឆ្នាំ​ ២០១០។ ក្នុងគ្រា​ផ្សេង​ទៀត លោក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ជាមួយ អ.ស.ប. លើ​សិទ្ធិ​អ្នក​ស្រឡាញ់ភេទ​ដូច​គ្នា សិទ្ធិ​កុមារ ករណី​ឧក្រិដ្ឋកម្ម​នៅ​ស៊ីរី។

លោក​សាស្ត្រាចារ្យ Muntarbhorn ត្រូវ​បានគេស្គាល់​ថា​ជា​អ្នកតស៊ូមតិលើ​បញ្ហា​សិទ្ធិ​យូរ​ឆ្នាំ​មក​ហើយ​។

អំឡុង​វិបត្តិកូវីដ១៩ ​លោក Muntarbhorn បាន​បញ្ចេញមតិ​ឱ្យមាន​ការគាំទ្រ​គិតគូរ​ដល់សិទ្ធិសេរីភាព​ប្រជាជន​ខណៈបណ្ដា​រដ្ឋាភិបាល​នានា​ទូទាំង​សកល​លោក បានអនុវត្ត​វិធានការ​បិទ​ខ្ទប់ រឹត​ត្បិត​សកម្មភាព​នានា ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង។

ក្នុងសំណេរកាល​ពីពេលថ្មីៗនេះ សាស្ត្រាចារ្យ Muntarbhorn បានស្នើ​ឱ្យ​មាន​ការ​រក្សា​ការពារ​ជា​ផ្លូវការ​អាសនៈ​នៅ​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ជូន​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​ភូមា​ដែល​ត្រូវ​បាន​ទម្លាក់​ដោយ​រដ្ឋប្រហារ​យោធា។

លោកបាន​បដិសេធ​មិនផ្ដល់​បទសម្ភាស​ន៍​ដល់​ VOA ​នោះ​ទេ នៅពេល​ត្រូវបាន​ទាក់ទង​នា​ថ្ងៃព្រហស្បតិ៍​នេះ តែ​លោក​ថា​ លោក​នឹង​ធ្វើ​អត្ថាធិប្បាយ​ពីតំណែងថ្មី ពេល​ចាប់ផ្ដើម​ការងារ​ពីថ្ងៃទី ១ ​ខែឧសភា ​តទៅ។

អ្នកតាមដាន​ធ្លាប់​ព្យាករណ៍ថា​ កាលៈទេសៈ​នៃស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​នឹង​ជាវិញ្ញាសា​ប្រឈមដ៏​ «លំបាក» ​សម្រាប់​លោក Muntarbhorn ខណៈរដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវបាន​រិះគន់​អំពី​ការបង្ក្រាប​នយោបាយ​តាម​ផ្លូវតុលាការ​លើ​អ្នកជំទាស់៕