ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​ថា​អ្នក​រាយ​ការណ៍​​ពិសេស​ថ្មី​របស់ អ.ស.ប. ប្រឈម​នឹង​​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​មិន​ល្អ​ប្រសើរ


រូបឯកសារ៖ លោក Vitit Muntarbhorn ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក Vitit Muntarbhorn ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥។

អ្នក​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា អ្នក​រាយ​ការណ៍​ពិសេសថ្មីរបស់​អង្គការ​សហ​ប្រជា​ជាតិ​ដែល​នឹង​ជំនួស​លោកស្រី រ៉ូណា ស្មីត ​(Rhona Smith) ​នឹង​ប្រឈម​ការ​លំបាក​កាន់​តែ​ខ្លាំងក្នុង​ការ​បំពេញ​ការងារ ខណៈ​មិន​មាន​ភាព​ល្អ​ប្រសើរ​នៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្សនិង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។

លោក​សាស្ត្រាចារ្យ Vitit Muntarbhorn ដែល​ជា​ជន​ជាតិ​ថៃ ត្រូវ​បាន​ស្នើ​ដោយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្សអង្គការ​សហ​ប្រជាជាតិ ឲ្យ​កាន់​តំណែង​ជាអ្នក​រាយការណ៍​ពិសេស​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជំនួស​លោកស្រី រ៉ូណា ស្មីត ដែល​ទទួល​តំណែង​នេះ​ តាំង​ពី​ឆ្នាំ​ ២០១៥ ​មក។ ការ​ប្រកាស​សុពល​ភាព​សម្រាប់​អ្នក​រាយ​ការណ៍​ពិសេស​ថ្មី​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​មីនា ឆ្នាំ​ ២០២១។

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) មាន​ប្រសាសន៍​ថា ​អ្នក​រាយការណ៍​ពិសេស​ថ្មី​នេះ ត្រូវ​បាន​គេ​ស្គាល់​ក្នុង​វិស័យ​ការងារ​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ ហើយលោក​បាន​ប្រឡូក​ក្នុង​ការ​អប់រំ​និង​តស៊ូមតិ​ជា​ច្រើន​ផង​ដែរ។ លោកស្រី​បន្ត​ថា​ លោក Vitit Muntarbhorn ​ធ្លាប់​បាន​ទទួល​ជ័យ​លាភី​ផ្នែក​ការ​អប់រំ​ពី​អង្គការ​យូណេស្កូ (UNESCO) ក្នុង​ឆ្នាំ​ ២០១៤​ ផង​ដែរ។

លោកស្រី ចក់ សុភាព បន្ត​ថា​ ដោយ​សារអ្នក​រាយ​ការណ៍​ពិសេស​ជា​ជនជាតិ​ថៃ ដូច្នេះ​លោក​យល់ដឹង​អំពី​បញ្ហា​ក្នុងតំបន់​ច្រើន ដែល​លោកស្រី​ថា​ លោកអាច​បំពេញ​ការងារ​នេះ​មាន​ប្រសិទ្ធភាព​ច្រើន​។

លោកស្រី​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «លោក​យល់​ពី​បរិបទ ហើយ​លោក​អាច​ដឹង​នូវ​វិធីសាស្រ្ត​ផ្សេងៗ»។

ទាក់ទង​នឹងភាព​ចម្រូង​ចម្រាស​នៃ​ការ​ចេញ​របាយ​ការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា​ ការប៉ះ​ទង្គិច​ពាក្យ​សម្តី​ជា​ច្រើន​និង​ការ​មិន​ចង់​សហការ តែង​តែ​មាន​សម្រាប់​អ្នក​រាយការណ៍​ពិសេស​មុនៗ​។ ប៉ុន្តែ​លោកស្រី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​របាយ​ការណ៍​របស់​តំណាង​អង្គការ​សហ​ប្រជាជាតិ​ទាំង​នោះ។

លោកស្រី​បន្ថែម​ថា៖ «ចំណោទ​គឺ​នៅ​លើ​រដ្ឋា​ភិបាល សាមី​រដ្ឋាភិបាល​ទេ ថាតើ​លោក​នឹង​ទទួល​យក​នូវ​អនុសាសន៍​ទាំង​ឡាយ​របស់​អ្នក​រាយ​ការណ៍​ពិសេស តួយ៉ាង​ដូច​ជា​អ្នក​រាយការណ៍​ពិសេស​ថ្មី​ដែល​នឹង​ចូល​មក​កាន់​តំណែង​នេះ​ ឬ​មួយ​អ្នក​រាយការណ៍​ផ្សេងៗ​ទៀត»។

កន្លង​ទៅ ស្ថាន​បេសក​កម្ម​អចិន្រ្តៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស ​តែង​តែ​ប្រតិកម្ម​នឹង​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​លោកស្រី​ រ៉ូណា ស្មីត ដោយ​ជំរុញ​ឲ្យ​លោកស្រី​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ក្រម​សីលធម៌។ ប្រតិកម្ម​នេះ​កើត​ឡើង ខណៈ​លោកស្រី រ៉ូណា ស្មីត បង្ហាញ​កង្វល់​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន និង​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​មុន។

រូបឯកសារ៖ អ្នកស្រី ព្រំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ អ្នកស្រី ព្រំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

រូបឯកសារ៖ អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថា សឹងតែគ្រប់អ្នករាយការណ៍ពិសេសលើស្ថានភាពសិទ្ធិមនុស្ស មិនសូវមានការងារស៊ីសង្វាក់ជាមួយរដ្ឋាភិបាលកម្ពុជានោះទេ។

លោកថ្លែងថា៖ «តួនាទីរបស់អ្នករាយការណ៍ពិសេសនៅកម្ពុជាហ្នឹង គឺមិនមែនជារឿងធម្មតា ហើយមិនងាយស្រួលទេបាទ។ ហើយស្ថានភាពនៃអ្នករាយការណ៍ពិសេសណាមួយ ក៏ប្រហាក់ប្រហែលគ្នាដែរ គឺតែងតែមិនសូវមានការស៊ីសង្វាក់គ្នាជាមួយនឹងរដ្ឋាភិបាលដែរ»។

ប៉ុន្តែ​លោក​ថា​ របាយ​ការណ៍​របស់​អ្នក​រាយការណ៍​ពិសេស ត្រូវ​បាន​ធ្វើ​ឡើង​ «ដោយ​ប្រយ័ត្ន​ប្រយែង​និង​យក​ចិត្ត​ទុក​ដាក់» បើ​ទោះ​មាន​ការ​ច្រាន​ចោល​ពី​រដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ។

លោក​បន្ថែម​ថា៖ «ការ​ដែល​មាន​ការ​ខ្វែង​គំនិតគ្នា​ជាមួយ​រដ្ឋាភិបាល អាហ្នឹង​ជា​រឿង​ធម្មតា មាន​មក​តាំង​ពី​យូរ​យា​មក​ហើយ។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ យើង​ឃើញ​ថា​រដ្ឋាភិបាល​ពុំ​ធ្លាប់​ទទួល​ស្គាល់​របាយ​ការណ៍​របស់​អ្នក​រាយ​ការណ៍ពិសេស​ដែរ»។

លោក​ អំ សំអាត​ នាយករង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា ​លោកស្រី រ៉ូណា ស្មីត ហាក់​ដូច​ជា​មានភាព​ងាយ​ស្រួល​ជាងអ្នក​រាយការណ៍​ពិសេស​មុនៗ​ ក្នុង​ការ​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល។ ប៉ុន្តែ​លោក​ថា ​ស្ថាន​ភាព​សិទ្ធិ​មនុស្សកម្ពុជា​ធ្លាក់​ចុះ​ខ្លាំង​ជាង​គេ ក្នុងអាណត្តិ​របស់លោកស្រី រ៉ូណា ស្មីត។

ការធ្លាក់ចុះខ្លាំងនោះ លោកសំដៅទៅលើការរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។ លោកបន្តថាអ្នករាយការណ៍ពិសេសថ្មីត្រូវទទួលការងារបន្តរបស់លោកស្រី រ៉ូណា ស្មីត ដែលលោកថាជាការលំបាកមួយ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​នៅ​ក្នុង​ស្ថាន​ភាព​នេះ ប្រហែល​ជា​នៅ​តែ​ជា​ការ​លំបាក​មួយ​សម្រាប់​អ្នក​ថ្មី​ដែរ ពីព្រោះ​យើង​ឃើញ​ថា ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា​យើង​ហ្នឹង មិន​ទាន់​មាន​ការ​កែ​លម្អ​ណា​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ​»។

រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា ​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)
រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា ​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

លោក ​អំ សំអាត បន្ត​ថា​បើ​ទោះ​លោក Vitit Muntarbhorn ​ជា​ជន​ជាតិ​ថៃ ប៉ុន្តែ​ការងារ​របស់​លោក គឺ​តំណាង​ឲ្យ​អង្គ​ការ​សហ​ប្រជាជាតិ ហើយ​របាយការណ៍​របស់​លោក​មាន​សារៈ​សំខាន់​សម្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ។

លោក​បន្ថែម​ថា៖ «អញ្ចឹង​ខ្ញុំ​គិត​ថា​ភាព​ងាយ​ស្រួល មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ។ ក៏​ប៉ុន្តែ​យើង​នៅ​តែ​សង្ឃឹម​ថា លោក​ដែល​មាន​បទ​ពិសោធន៍ ចំណេះ​ដឹង​គ្រប់គ្រាន់​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ហ្នឹង នឹង​អាច​ជួយ​ជំរុញធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​ស្តា​ឡើង​វិញ​នូវ​សិទ្ធិ​មនុស្ស​ ក៏​ដូច​ជា​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា»។

លោក​ ជិន ម៉ាលីន ​ដែល​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ប្រាប់​វីអូអេ​ថា​ កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​អ្នក​រាយ​ការណ៍​ពិសេសថ្មី ហើយ​ចូលរួម​គ្រប់​យន្តការ​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​លោក​ថា ​អ្វីៗ​ក៏​ដោយត្រូវ​គោរពតាម​គោល​ការណ៍​អធិប​តេយ្យ​ និង​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង។

លោក​បន្ត​ថា​ លោក​ស្រី រ៉ូណា ស្មីត ធ្វើ​ការ​ «បាន​ល្អ​ប្រសើរ​»​ ជាង​អ្នក​រាយការណ៍​ពិសេស​មុនៗ ហើយ​អាច​ធ្វើ​ការ​ជាមួយ​ភាគី​រដ្ឋាភិបាល​បាន។ ប៉ុន្តែ​លោក​ថា​ របាយការណ៍​របស់​លោក​ស្រី​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​មិន​សប្បាយ​ចិត្ត។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​យើង​ឃើញ​ថា​របាយ​ការណ៍​របស់​គាត់​ផ្អែក​ទៅ​លើ​គោល​ការណ៍ជា​ទិដ្ឋភាព​រួម ជា​ទ្រឹស្តី​ច្រើន មិន​សូវ​ជា​ផ្អែក​ទៅ​លើ​ស្ថាន​ភាព​ជាក់​ស្តែង​ប៉ុន្មាន​នោះ​ទេ។ ក៏​ប៉ុន្តែ​គាត់​បាន​ធ្វើ​ការឆ្លុះ​បញ្ចាំងទាំង​ទិដ្ឋភាព​វិជ្ជមាន​និង​អវិជ្ជមាន​របស់​កម្ពុជា ​រួម​ទាំង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​ផង​ដែរ។ អញ្ចឹង​ហើយបាន​ជា​យើង​សង្កេត​ឃើញ​ថា​ចំណុច​មួយ​ចំនួនរដ្ឋាភិបាល​ក៏​មិន​សប្បាយ​ចិត្ត​ ក៏​មិន​អាច​ទទួល​យក​របាយ​ការណ៍​របស់​គាត់ ហើយ​ចំណុច​មួយ​ចំនួន​ក៏​យើង​ទទួល​យក​បាន​និង​ស្វាគមន៍»។

នៅ​ក្នុង​សេចក្តី​សង្ខេប​មួយ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្សឆ្នាំ ​២០២០ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លើក​ឡើង​ថា ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣ កម្ពុជា​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​តំបន់​អាស៊ាន​ ដែល​បាន​ស្វាគមន៍​ទាំង​វត្ត​មាន​របស់​អ្នក​រាយការណ៍​ពិសេស ព្រម​ទាំង​ការិយា​ល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​។

គណៈ​កម្មាធិការ​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា​ កម្ពុជា​មិន​ដែល​បដិ​សេធ​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយ​ការណ៍​ពិសេស​ម្តង​ឡើយ។ ស្ថាប័ន​នោះ​បន្ត​ថា ការ​វាយ​តម្លៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​លម្អៀង​និង​គ្មាន​មូលដ្ឋាន​របស់​ក្រុម​និង​អង្គការ​ស្ថាប័ន​មួយ​ចំនួន និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា​នោះ​ទេ។

លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា​ លោក​សង្ឃឹម​ថា ​អ្នក​រាយ​ការណ៍​ពិសេសថ្មី​នឹង​បន្ត​ «កិច្ច​សហ​ប្រតិ​បត្តិការ​ល្អ» ហើយ​លោក​សាស្ត្រាចារ្យ Vitit Muntarbhorn នឹង​ធ្វើ​របាយ​ការណ៍​មួយ​ដោយ​មាន​ «លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​» និង​ផ្អែក​លើ​ទិដ្ឋភាព​ជាក់ស្តែង​និង​បរិបទ​របស់​កម្ពុជា៕

XS
SM
MD
LG