សមាជិក​សំខាន់ៗ​ខ្លះ​​ខាង​បក្ស​សាធារណរដ្ឋ​គាំទ្រ​លោក Biden នៅ​ឯ​សន្និបាត​បក្ស​ប្រជាធិបតេយ្យ

  • Brian Padden

នៅក្នុង​រូប​ដែល​ថត​ចេញ​ពី​វីដេអូ​នេះ បង្ហាញ​អំពី​លោក John Kasich អតីត​អភិបាល​រដ្ឋ Ohio ខាង​គណបក្ស​សាធារណរដ្ឋ ថ្លែង​នៅ​ក្នុង​រាត្រី​ទីមួយ​នៃ​​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២0។

សុន្ទរកថា​របស់​លោក Kasich ដែល​ត្រូវបាន​ស្វាគមន៍​យ៉ាងច្បាស់​ក្រឡែត​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden ត្រូវបាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ប្រកាន់​គំនិត​អភិរក្សនិយម​មួយ​ចំនួន ច្រានចោល​ថា ជា​ការ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​បង្ហាញ​ពី​ការមិន​ស្មោះស្ម័គ្រ​ចំពោះ​គណបក្ស​សាធារណរដ្ឋ។

លោក John Kasich អតីត​អភិបាល​រដ្ឋ Ohio ខាង​គណបក្ស​សាធារណរដ្ឋ បាន​ប្ដូរ​ការ​គាំទ្រ​គណបក្ស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​លោក​បានថ្លែង​នៅ​ឯ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​គាំទ្រ​ដល់​បេក្ខភាព​របស់​លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​ សម្រាប់​តំណែង​ប្រធានាធិបតី។

លោក Kasich បាន​ថ្លែង​ក្នុង​សុន្ទរកថា​របស់​លោក​ដែល​បាន​ថត​ទុក​ជា​មុន​ ដែល​ត្រូវ​បាន​ចាក់ផ្សាយ​នៅ​យប់​បើក​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ថា៖ «ខ្ញុំ​គឺ​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​អស់​មួយ​ជីវិត​មក​ហើយ ប៉ុន្តែ​ការ​គាំទ្រ​គណបក្ស​សាធារណរដ្ឋជា​អាទិភាពទី​ពីរ​ប៉ុណ្ណោះ គឺ​នៅ​ពី​ក្រោយ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​សម្រាប់​ប្រទេស​របស់​ខ្ញុំ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចេញមុខ​នៅ​ក្នុង​សន្និបាត​នេះ។ ជា​ធម្មតា រឿង​បែប​នេះ​ប្រហែល​ជា​នឹង​មិន​កើតឡើង​ទេ ប៉ុន្តែ​នេះ​មិនមែន​ជា​ពេល​ធម្មតា​ទេ»។ ​

លោក Kasich គឺ​ជាគូប្រជែង​ដ៏​ស្វិតស្វាញ​បំផុតមួយ​រូប​របស់​លោក​ប្រធានាធិបតី Donald Trump ក្នុង​អំឡុង​ការ​ដណ្ដើម​យក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦។ លោក​ក៏​ជា​បេក្ខជន​ដែល​បាន​ដក​ខ្លួន​ក្រោយ​គេ​បង្អស់ចេញ​ពី​ការ​ប្រកួត​ប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​កាល​ពី​ពេល​នោះ​ផង​ដែរ។ លោក Kasich ប្រហែល​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដ៏សំខាន់បំផុត​ ដែល​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ឲ្យ​លោក Trump សម្រាប់​អាណត្តិ​ថ្មី​ផង​ និង​ជា​អ្នក​ដែល​គាំទ្រ​លោក Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​ផង។ ​

សុន្ទរកថា​របស់​លោក Kasich ដែល​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​ច្បាស់​ក្រឡែត​ពីយុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden ត្រូវ​បាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ប្រកាន់​គំនិត​អភិរក្សនិយម​មួយ​ចំនួន ច្រានចោល​ថា ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​បង្ហាញ​ពី​ការ​មិន​ស្មោះស្ម័គ្រ​ចំពោះ​គណបក្ស​សាធារណរដ្ឋ។ សូម្បី​តែ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​ប្រកាន់​គំនិតកំណែទម្រង់ខ្លាំងបាន​ត្អូញត្អែរ​ថា លោក Kasich ត្រូវ​បាន​គណបក្ស​ផ្ដល់​តម្លៃ​ខ្ពស់​ពេក​ ដែល​លោក​មិន​សម​នឹង​ទទួល​បាន នៅ​យប់​ទី​មួយ​នៃ​សន្និបាត​ជាតិ​របស់​គណបក្ស៕