លោក Joshua Wong ដែលជាមេដឹកនាំម្នាក់នៃ «ចលនាឆ័ត្រ» ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យក្រុងហុងកុងកាលពីឆ្នាំ ២០១៤ ឥឡូវនេះឈរឈ្មោះជាផ្លូវការសម្រាប់តំណែង ជាតំណាងរាស្ត្រនៅក្នុងទីក្រុងហុងកុង បើទោះជាមានការរឹតត្បិតពីច្បាប់សន្ដិសុខជាតិថ្មី ដែលអនុម័តដោយរដ្ឋាភិបាលក្រុងប៉េកាំងក៏ដោយ។
លោក Wong បានដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនជាផ្លូវការ កាលពីថ្ងៃច័ន្ទ ដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅខែកញ្ញាខាងមុខនេះ។
លោកគឺជាសកម្មជនវ័យក្មេងម្នាក់ក្នុងចំណោមសកម្មជននិងបេក្ខជនមួយចំនួនទៀត ដែលគេហៅថា បេក្ខជន «ថ្នាក់មូលដ្ឋាន» ដែលទទួលបានជ័យជម្នះភាគច្រើននៅក្នុងការបោះឆ្នោតបឋម ដែលមិនមែនផ្លូវការកាលពីជាងមួយសប្ដាហ៍មុន។ ក៏ប៉ុន្តែទាំងទីក្រុងហុងកុង និងចិន បានព្រមានថា ការបោះឆ្នោតនោះប្រហែលជាត្រូវទុកជាមោឃៈ ដោយយោងតាមច្បាប់សន្ដិសុខជាតិថ្មី។
ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងតែចង់ទទួលបានជ័យជម្នះភាគច្រើននៅសភា ដែលអាចរារាំងដល់ការផ្ដល់ថវិកា និងច្បាប់សំខាន់ៗមួយចំនួនទៀត ហើយនៅទីបំផុតដើម្បីអាចបង្ខំឲ្យនាយកប្រតិបត្តិក្រុងហុងកុងអ្នកស្រី Carrie Lam ចុះចេញពីតំណែង។
នៅពេលកាន់ពាក្យស្នើសុំរបស់លោកសម្រាប់ឈរឈ្មោះជាបេក្ខជនផ្លូវការនេះ លោក Wong បាននិយាយថា ទោះជាអាចត្រូវបានគេបញ្ជូនខ្លួនទៅកាន់ចិនដីគោក និងចាប់ដាក់ពន្ធនាគារក៏ដោយ ក៏លោកសង្ឃឹមថា លោកនៅតែអាចប្រជែងយកតំណែងជាតំណាងរាស្ត្រ ហើយទទួលបានការគាំទ្រពីប្រជាជន និងអាចឲ្យពិភពលោកដឹងថា លោកនិងសមាជិកនៅតែបន្ដប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយ។
យោងតាមច្បាប់សន្ដិសុខជាតិថ្មី ជនណាក៏ដោយនៅក្នុងទីក្រុងហុងកុង ដែលគេជឿថាប៉ុនប៉ងចង់ធ្វើភេរវកម្ម ផ្ដាច់ខ្លួន ចង់ផ្ដួលរំលំ ឬឃុបឃិតជាមួយនឹងបរទេស អាចនឹងត្រូវបានកាត់ទោស ហើយប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ចិនបានរាយការណ៍ចោទប្រកាន់ម្ដងហើយម្ដងទៀតទៅលើលោក Wong និងសកម្មជនលទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួនទៀត ថាឃុបឃិតជាមួយនឹងបរទេស ចំពោះការពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលបរទេសដទៃទៀត៕