ក្រុមការងារអ្នកជួយសង្គ្រោះកំពុងតែប្រឹងប្រែងយ៉ាងញាប់ដៃញាប់ជើង ដើម្បីបង្ហើយការងារនេះមុនរដូវភ្លៀងចាប់ផ្តើមនៅពេលបួនខែខាងមុខនេះ។ អ្នកឯកទេសផ្នែកអន្តោប្រវេសន៍នៃអង្គការសហប្រជាជាតិបានព្រមានថា ស្ទើរតែគ្រប់ជម្រកនៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្រុង Cox's Bazar កំពុងប្រឈមនឹងហានិភ័យនៃការដួលរលំ ដោយសារតែការរុករាននៃសត្វល្អិតតូចៗ។
សត្វល្អិតទាំងនេះត្រូវបានគេហៅថា«សត្វកញ្ចែដែលគួរឲ្យរំខាន»។ ពួកវាស៊ីឫស្សីដែលប្រើដើម្បីសង់ជម្រកទាំងឡាយរបស់ជនភៀសខ្លួន។ អ្នកនាំពាក្យអង្គការទេសន្តរប្រវេសន៍អន្តរជាតិ លោក Joel Millman បាននិយាយថា ផ្ទះរបស់គ្រួសារជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រហែល២សែន៤ម៉ឺនគ្រួសារកំពុងប្រឈមនឹងការខូចខាត ហើយត្រូវការសង់ឡើងវិញដោយប្រើដើមឫស្សីដែលធន់ជាងនេះ។
Your browser doesn’t support HTML5
លោក Joel Millman បានថ្លែងថា៖
«ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ អង្គការទេសន្តរប្រវេសន៍អន្តរជាតិបានបើកកន្លែងជួសជុលថ្មីមួយនៅភាគខាងត្បូងនៃក្រុង Cox's Bazar ដែលនឹងត្រូវបានគេពង្រីកបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ រហូតទាល់តែកន្លែងនោះមានសមត្ថភាពអាចជួសឫស្សីចំនួនប្រមាណ៤ម៉ឺនដើមក្នុងមួយខែ។ ចំនួននេះត្រូវបានគេរំពឹងថាអាចគ្រប់គ្រាន់ក្នុងការជួសជុលជម្រកប្រមាណ ៦០០០ទៅ ៧០០០ខ្នងឲ្យកាន់តែប្រសើរ»។
លោក Millman និយាយថា គម្រោងនេះនឹងជួយធានាថា ជនភៀសខ្លួននឹងមិនត្រូវរស់នៅរងការគំរាមកំហែងជាប្រចាំ ថាជម្រករបស់ពួកគេត្រូវដួលរលំ ដោយសារគ្រោងឫស្សីខូចខ្ទេចខ្ទីនោះឡើយ។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត១លាននាក់កំពុងរស់នៅក្នុងក្រុង Cox's Bazar។ ពួកគេភាគច្រើនបានភៀសខ្លួនកាលពីចុងខែសីហា ឆ្នាំ២០១៧ ដើម្បីគេចពីអំពើហិង្សា និងការបៀតបៀនដែលកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ដើម្បីឆ្លើយតបនឹង លំហូរនៃការចាកចេញដ៏សន្ធឹកសន្ធាប់នៃក្រុមជនភៀសខ្លួនទាំងនេះ ក្រុងមួយត្រូវបានសាងសង់ឡើងយ៉ាងឆាប់រហ័សដោយធ្វើពីគ្រោងឫស្សី និងតង់ស្នាក់នៅបណ្តោះអាសន្ននៅលើជម្រាលភ្នំនៃតំបន់អភិរក្សព្រៃឈើមួយ។
ដើមឫស្សីដែលមិនត្រូវបានគេលាបថ្នាំការពារ ហើយត្រូវបានប្រើប្រាស់ដើម្បីសាងសង់ជម្រកទាំងនោះ បានរងការបំផ្លិចបំផ្លាញដោយពពួកសត្វល្អិត ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិបានឲ្យដឹងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលធ្វើការនៅក្នុងគម្រោងដើម្បីប្រាក់កម្រៃមួយបានជួយដល់ពួកគេយ៉ាងខ្លាំង។
អង្គការនេះបានឲ្យដឹងទៀតថា ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមានជំនាញខាងសិប្បកម្មធ្វើឫស្សីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយពួកគេកំពុងតែប្រើបច្ចេកទេសទាំងនេះដើម្បីជួយដល់ដំណើរការនេះឲ្យកាន់តែប្រសើរជាងមុន៕
ប្រែសម្រួលដោយកញ្ញា ខាន់ សុគុំមនោ