មានការវិវត្តន៍គួរឲ្យកត់សម្គាល់ខាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តាក់ទុនពីក្រុមហ៊ុនក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានអនុម័តចូលជាធរមានកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥មក។ អ្នកវិភាគយល់ថា អាស៊ានត្រូវការឆន្ទៈរួមខ្ពស់ និងភាពជាអ្នកដឹកនាំក្នុងការធ្វើកំណែទម្រង់ស្ថាប័នសម្រាប់ប្រទេសមានការអភិវឌ្ឍយឺត ដើម្បីជួយឲ្យអាស៊ានសម្រេចគោលដៅសហគមន៍សេដ្ឋកិច្ចអាស៊ានរបស់ខ្លួន។
សហគមន៍សេដ្ឋកិច្ចអាស៊ានមានគោលដៅបង្កើតទីផ្សារ និងស្តង់ដាផលិតតែមួយ ដើម្បីទាក់ទាញវិនិយោគទុន និងការធ្វើពាណិជ្ជកម្មពីបរទេស ក្នុងគោលដៅពង្រីកទីផ្សារសេដ្ឋកិច្ចក្នុងតំបន់របស់ខ្លួន។ គោលដៅផ្សេងទៀតគឺបង្កើតឲ្យមានការចល័តនៃពលកម្មមានជំនាញដោយសេរីក្នុងចំណោមប្រទេសទាំង១០ ដែលជាសមាជិក។
ចាប់តាំងពីចុងឆ្នាំ២០១៥ បន្ទាប់ពីសហគមន៍សេដ្ឋកិច្ចអាស៊ានបានចូលជាធរមានមក លោក ចាន់ សុផល ប្រធានមជ្ឈមណ្ឌលដើម្បីការសិក្សាគោលនយោបាយ យល់ថា ការវិវត្តន៍ទៅមុខជាដុំកំភួននៅមានតិចតួចនៅឡើយ។
លោកមានប្រសាសន៍ថា៖«សហគមន៍សេដ្ឋកិច្ចអាស៊ានមិនមែនជាការប្រែប្រួលជាគំហុកនោះទេ។ គ្រាន់តែថា ដាច់ឆ្នាំ២០១៥ គេបានឈានដល់ការលុបបំបាត់ពន្ធនាំចូលទំនិញ និងសេវាមកពីប្រទេសនីមួយៗឲ្យអស់តែម្តង ដូចថាមានករណីលើកលែងលើទំនិញខ្លះ។ គេចង់មានលំហូរដោយសេរីខាងហរិញ្ញវត្ថុ ពលកម្មមានជំនាញ ហើយនិងសេវាកម្មទេសចរណ៍។ តាមការអង្កេតរបស់ខ្ញុំ គឺមិនមានការប្រែប្រួលជាដុំកំភួននៅឡើយទេ»។
ក៏ប៉ុន្តែ លោក ឈាង វណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានកម្ពុជាដើម្បីការសិក្សាយុទ្ធសាស្ត្រ បានកត់សម្គាល់ឃើញការបណ្តាក់ទុនខាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលវិស័យនេះដើរតួនាទីដ៏សំខាន់ក្នុងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន។
លោកបានលើកឡើងថា៖«យើងឃើញមានការរីកចំរើនផ្នែកផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ ចិនបានចុះហត្ថលេខាជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ជាពិសេសប្រទេសឡាវ ប្រទេសថៃ ដើម្បីផ្សារភ្ជាប់ខ្សែរថភ្លើងពីទីក្រុង Kunming ប្រទេសចិន មកបណ្តាប្រទេសអាស៊ានយើងនេះ ហើយភ្ជាប់ពីឡាវ ថៃ ម៉ាឡេ មកដល់សិង្ហបុរី។ ហើយខ្មែរយើងក៏មានគម្រោងតភ្ជាប់ផ្លូវដែកជាមួយនឹងប្រទេសវៀតណាម។ ដូច្នេះ អនុតំបន់ទន្លេមេគង្គនឹងមានការផ្សារភ្ជាប់ខាងហេដ្ឋារចនាសម្ព័ន្ធនេះ»។
ជាក់ស្តែង ប្រទេសថៃ និងប្រទេសកម្ពុជាបានចុះហត្ថលេខាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរបស់ខ្លួន ដោយបង្កើតសេវាកម្មផ្លូវរថភ្លើងមួយខ្សែរត់ពីទីក្រុងបាងកកនៃប្រទេសថៃ មកកាន់រាជធានីភ្នំពេញនៃប្រទេសកម្ពុជានៅដំណាច់ឆ្នាំ២០១៦នេះ។
លោក ឈាង វណ្ណារិទ្ធិ បានបន្ថែមថា ក្រុមហ៊ុនធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់ផ្តើមចាប់អារម្មណ៍ខ្លាំងលើការវិនិយោគតាមប្រទេសក្នុងតំបន់ផងដែរ។
មកទល់ពេលនេះ របាំងពន្ធគយរបស់អាស៊ានត្រូវបានគេជឿថាលុបបំបាត់ទាំងស្រុង បើទោះបីជាអាចមានករណីលើកលែងលើផលិតផលមួយចំនួនតូចក្តី។ លោក អ៊ុំ សុធា អ្នកជំនាញខាងសេដ្ឋកិច្ចខ្មែរមួយរូប ប្រចាំប្រទេសសិង្ហបុរី បានឲ្យដឹងថា បញ្ហាប្រឈមខ្លាំងនោះគឺរបាំងមិនមែនពន្ធគយ ដែលប្រទេសជាសមាជិករបស់អាស៊ានមានការលំបាកក្នុងការសម្រួលច្បាប់បញ្ញត្តិផលិតកម្មរបស់ខ្លួន។
លោកបាននិយាយថា៖«របាំងមិនមែនពាណិជ្ជកម្មគឺមានការលំបាកមែនទែន ពីព្រោះប្រទេសជាសមាជិកទាំង១០របស់អាស៊ាន មានកម្រិតនៃការអភិវឌ្ឍខុសៗគ្នា ហើយមានប្រព័ន្ធច្បាប់ស្តង់ដាបច្ចេកទេសខុសៗគ្នា។ វាមានការលំបាកមែនទែន ដែលប្រទេសទាំង១០ត្រូវធ្វើយ៉ាងណា សម្រេចឲ្យបាននូវអ្វីដែលទទួលយកបាន ទាក់ទងនឹងការធ្វើសុខុដមរមនីយកម្មខាងផ្នែកប្រព័ន្ធច្បាប់ ក៏ដូចជាស្តង់ដាបច្ចេកទេសមួយចំនួន។
អាស៊ានគឺជាតំបន់មួយ ដែលមានសក្តានុពលខ្ពស់ខាងកំណើនសេដ្ឋកិច្ចក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលមានអត្រា៥,៦ភាគរយនៃកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ។ ហើយតម្លៃសរុបនៃផលិតផលសរុបក្នុងស្រុករបស់អាស៊ានទាំងមូលស្មើនឹង២៤សែនលានដុល្លារអាមេរិក។
លើសពីនេះ អាស៊ានគឺជាតំបន់មួយ ដែលមានកម្លាំងពលកម្មធំ និងវ័យក្មេង ដែលប្រជាជនសរុបមានចំនួនជាង៦២៦លាននាក់។ ហើយប្រជាជនដែលស្ថិតនៅក្នុងវណ្ណៈកណ្តាល ដែលមានលទ្ធភាពក្នុងការទទួលសេវាកម្ម និងទិញទំនិញក៏កំពុងតែកើនឡើងគួរឲ្យកត់សម្គាល់ផងដែរក្នុងតំបន់នេះ។
លោក ចាន់ សុផល យល់ថា កម្លាំងពលកម្មដ៏សកម្ម និងវ័យក្មេងនេះបានធ្វើឲ្យអាស៊ានមានសក្តានុពលខ្ពស់ ក្នុងការទាក់ទាញ់វិនិយោគ និងពាណិជ្ជកម្មបរទេស។
លោកបាននិយាយថា៖ «អាស៊ានជាតំបន់មួយដែលមានសក្តានុពល និងមានភាពសកម្ម (Dynamics) ខាងការវិនិយោគ ការធ្វើពាណិជ្ជកម្ម ជាពិសេសគឺកំណើនពលរដ្ឋដែលមានអាយុក្រោម៣០ឆ្នាំ មានដល់ទៅ៥០ភាគរយ ដែលជាកម្លាំងថ្មីចូលក្នុងទីផ្សារផលិតកម្មដែលនៅខ្ពស់ បើធៀបនឹងតំបន់ផ្សេងៗ។ ហើយនេះគឺជាកត្តាវិជ្ជាមានមួយសម្រាប់អ្នកវិនិយោគ»។
ក៏ប៉ុន្តែ បញ្ហាខ្វះតម្លាភាព អំពើពុករលួយ ការខ្វះនីតិរដ្ឋ ត្រូវបានគេយល់ថា ជាកត្តាប្រឈមខាងស្ថាប័ន ដែលទាមទារឆន្ទៈរួមខ្ពស់ និងភាពជាអ្នកដឹកនាំដើម្បីដោះស្រាយបញ្ហាទាំងនេះ។ នេះបើតាមការយល់ឃើញរបស់លោក ឈាង វណ្ណារិទ្ធិ។
«បើយើងអត់មានតម្លាភាព យើងអត់មានការទទួលខុសត្រូវនោះទេ វាពិបាកនឹងទាញអ្នកវិនិយោគដើម្បីអភិវឌ្ឍដែរ។ ដូច្នេះ យើងត្រូវដោះស្រាយបញ្ហាអំពើពុករលួយ ហើយដើម្បីដោះស្រាយបញ្ហានេះបាន យើងត្រូវការទាំងឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំរបស់ប្រទេសជាសមាជិក និងតួនាទីពីអង្គការតំបន់ និងដៃគូពិភាក្សាផ្សេងៗរបស់អាស៊ាន ដើម្បីជួយផ្នែកកសាងស្ថាប័ន»។
បន្ថែមលើនេះ ក៏មានការព្រួយបារម្ភជុំវិញវិសមភាពនៃការអភិវឌ្ឍរបស់ប្រទេសជាសមាជិករបស់អាស៊ាន។ គេឃើញថា សមាជិកចាស់របស់អាស៊ាន ដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ មានការអភិវឌ្ឍលឿនជាងប្រទេសជាសមាជិកថ្មី ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាជាដើម។
លោក អ៊ុំ សុធា បានបញ្ចាក់ថា អាស៊ានមានគំនិតផ្តួចផ្តើមមួយចំនួន ដូចជាការពង្រឹងធនធានមនុស្ស ការឧបត្ថម្ភផ្នែកបច្ចេកទេស និងវគ្គបណ្តុះបណ្តាល និងខាងគោលនយោបាយជាដើម។
ក៏ប៉ុន្តែលោកថា៖«នៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ជាទូទៅថវិកាពីបណ្តាសមាជិកចាស់ ដែលមានការអភិវឌ្ឍលឿនជាងសមាជិកថ្មី គឺមិនសូវមានច្រើនប៉ុន្មានទេដើម្បីជួយ តែតម្រូវឲ្យសមាជិកថ្មីនីមួយៗ ត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង។ វាមិនដូចនៅក្នុងសហគមន៍អ៊ឺរ៉ុប ដែលគេមានមូលនិធិដើម្បីយកមកប្រើប្រាស់ ដើម្បីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធ ឬក៏ធ្វើហរិញ្ញប្បទានចាំបាច់ណាមួយ ដើម្បីជួយបណ្តាប្រទេសដែលមានការអភិវឌ្ឍយឺតជាងប្រទេសចាស់ៗនោះ។ នៅក្នុងអាស៊ាន មិនទាន់មានយន្តការនេះទេ»។
យ៉ាងណាក៏ដោយ លោក ចាន់ សុផល បានបង្ហាញទុទិដ្ឋនិយមលើការផ្តល់ជំនួយពីប្រទេសដែលមានការអភិវឌ្ឍច្រើន ឲ្យដល់ប្រទេសដែលមានការអភិវឌ្ឍយឺត ដូចជាកម្ពុជា និងឡាវនោះទេ។
លោកថា៖«ខ្ញុំមិនសង្ឃឹមថា ប្រទេសអ្នកមានគេនឹងខំជួយប្រទេសក្រីក្រ ឲ្យមានកំណើនច្រើនថែមទៀត ធ្វើយ៉ាងណាកុំឲ្យគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ នៅក្នុងសមាគមអាស៊ាននេះវាធំពេកទេ។ ខ្ញុំបាទផ្ទាល់មិនសូវរំពឹងលើចិត្តធម៌របស់ប្រទេសអ្នកមានទេ»។
នៅក្នុងតំបន់អាស៊ីទាំងមូល បន្ទាប់ពីប្រទេសចិន សមាគមអាស៊ានគឺជាតំបន់ទី២ ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់ ដែលទាក់ទាញបណ្តាប្រទេសជាច្រើនឲ្យចាប់អារម្មណ៍វិនិយោគ។
នៅថ្ងៃទី១៥ និងទី១៦ ខែកុម្ភៈខាងមុខនេះ មេដឹកនាំអាស៊ានទាំង១០ នឹងធ្វើដំណើរទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយនឹងលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងគណៈប្រតិភូ និងអ្នកវិនិយោគធំៗរបស់អាមេរិក៕