ការ​បាត់​ខ្លួន​អ្នក​កាសែត​ធ្វើ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត និង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅ​អារ៉ាប៊ីសាអ៊ូឌីត

សន្តិសុខ​ឈរ​យាម​នៅ​ពី​មុខ​ច្រក​ចូល​ស្ថាន​កុងស៊ុល​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

នៅ​ថ្ងៃ​អង្គារ​នេះ មាន​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​មួយ​ចំនួន​នៃ​ការ​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់​ខ្លួន​អ្នក​កាសែត​អារ៉ាប៊ីសាអ៊ូឌីត​លោក Jamal Khashoggi កាល​ពី​ដើម​ខែ​នេះ​នៅ​ពេល​លោក​ចូល​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ក្នុង​ប្រទេស​តួកគី។

ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នោះ​មាន​ដូចជា អ្នក​ស៊ើប​អង្កេត​កន្លែង​កើត​ហេតុ​របស់​ប្រទេស​តួកគី​បាន​បញ្ចប់​ការ​ត្រួត​ពិនិត្យ​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ក្នុង​ទីក្រុង​អ៊ីស្ដង់ប៊ុល ប្រទេស​តួកគី ហើយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​ជួប​ជាមួយ​នឹង​ព្រះ​មហាក្សត្រ Salman នៃ​ប្រទេស​នេះ។

បណ្ដាញ​ទូរទស្សន៍ CNN និង​កាសែត New York Times ក៏​បាន​រាយការណ៍​ផង​ដែរ​ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ត្រៀម​ខ្លួន​ទទួល​ស្គាល់​ថា លោក Khashoggi ត្រូវ​បាន​សម្លាប់ បន្ទាប់ពី​លោក​បាន​ចូល​ទៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា។ សេចក្ដី​រាយការណ៍​ដែល​បាន​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​នោះ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​នឹង​បញ្ជាក់​ថា ការ​ស្លាប់​របស់​លោក Khashoggi គឺ​បណ្ដាល​មក​ពី​មាន​បញ្ហា​នៅ​ក្នុង​ការ​សួរ​ចម្លើយ។

មក​ទល់​ពេល​នេះ មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​នៅតែ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​តួកគី ដែល​ថា​លោក Khashoggi ត្រូវ​បាន​សម្លាប់។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​បាន​បញ្ជូន​លោក Pompeo ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន «ដើម្បី​ស្វែងរក​មូលហេតុ​ពិត​ប្រាកដ​ដែល​បាន​កើត​ឡើង​នេះ»។

លោក Trump បាន​បន្ថែម​ថា៖ «លោក Pompeo ប្រហែល​ជា​ទៅ​ប្រទេស​តួកគី ឬ​ក៏​ប្រហែល​ជា​អត់។ ហើយ​លោក​អាច​ជួប​ជាមួយ​នឹង​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ក៏​មិន​ដឹង»៕