ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​រដ្ឋ​​ក្នុង​ប្រទេស​វៀតណាម​បង្ហាញ​ពី​បញ្ហា​អំពើ​ពុករលួយ​​នៅ​តែ​បន្ត​កើត​មាន​ឡើង

  • Ralph Jennings

ស្ត្រី​ម្នាក់​ដើរ​ចេញ​ពី​សាខា​ធនាគារ Ocean Bank ដែល​មាន​ទីតាំង​នៅ​ក្នុង​អគារ​របស់​ក្រុមហ៊ុន Petro Vietnam នៅ​ក្នុង​ហាណូយ ប្រទេស​វៀតណាម។

ការ​ស៊ើបអង្កេត​លើ​ធនាគារ​ដែល​មាន​ប្រាក់​រាប់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​វៀតណាម​ កាលពី​ខែ​កញ្ញា​បានបង្ហាញ​ឲ្យឃើញថា​ បញ្ហា​អំពើពុករលួយ​ដ៏ចាក់ស្រេះ​​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​នេះ។​​

ក្រសួង​សន្តិសុខ​សាធារណៈ​របស់​វៀតណាម​កាលពី​ពាក់​កណ្តាល​ខែ​កញ្ញា​បាន​ចាប់​ផ្តើម​ស៊ើបអង្កេត​ក្រុមហ៊ុន​ចំនួន​៣​ ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​យក្ស​ PetroVietnam ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ដោយសារ​តែ​សង្ស័យ​ថា មាន​ការ​ព្យាយាម​ប្រើប្រាស់​ទឹកប្រាក់​ចំនួន​៥,២លាន​ដុល្លារ​ពី​ធនាគារ​ក្នុង​ស្រុក​មួយ​ឈ្មោះ OceanBank ខុស​គោលដៅ។

ការ​រីករាល​ដាល​នៃ​អំពើ​ពុយរលួយ​

ក្រុម​អ្នក​វិភាគ​និយាយ​ថា ករណី​លើក​ឡើង​ពី​ការ​រីករាលដាល​នៃ​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​វៀតណាម។ ពួក​គេ​បាន​លើក​ឡើងថា ​ការសាងសង់​ កិច្ចសន្យា​ប្រើប្រាស់​ដីធ្លី និង​ការ​ធ្វើ​លទ្ធកម្ម​របស់​រដ្ឋាភិបាល​ គឺ​ជា​ចំណុច​រសើប​នៃ​បញ្ហា​អំពើពុករលួយ​នេះ។

ពលរដ្ឋ​ក៏​ត្រូវ​បាន​គេ​ទារ​ប្រាក់​សូកប៉ាន់​ក្នុងការ​រត់ការ​ឯកសារ​ផ្លូវ​ការ ឬ​ក៏​ដើម្បី​ជៀស​ផុត​ពី​ការ​ផាកពិន័យ​ចរាចរណ៍​ផង​ដែរ។

លោក Frederick Burke ដែល​ជា​ដែគូ​ម្នាក់​នៅ​ក្រុមហ៊ុន​មេធាវី​អន្តរជាតិ​ឈ្មោះ Baker McKenzie ក្នុង​ទី​ក្រុង​ហូជីមិញ​បាននិយាយ​ថា៖«ទាក់ទង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​វៀតណាម ខ្ញុំ​គិត​ថា វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ទីនេះ ហើយ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ដឹង​ពី​បញ្ហា​នេះ»។

អំពើ​ពុករលួយ ត្រូវ​បាន​គេ​ដឹង​ថា វា​បាន​បង្ក​ឲ្យ​មាន​ការខាតបង់​ក្នុង​ការ​ធ្វើ​ជំនួញ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច។ កំណើន​សេដ្ឋកិច្ច​ពី​ការ​នាំ​ចេញ​ទំនិញ​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ក្លាយ​ជា​ប្រទេស​ដែល​គួរឲ្យចាប់​អារម្មណ៍​សម្រាប់​វិនិយោគិន​បរទេស ​នៅ​ក្នុង​តំបន់​អាស៊ី។ សេដ្ឋកិច្ច​វៀតណាម​កើន​ពី​៥,២%​ទៅ​៦,៦៨%​ជារៀងរាល់​ឆ្នាំ​ ចាប់​ពី​ឆ្នាំ២០១២ ដល់​២០១៦។

អង្គការ​តម្លាភាព​អន្តរជាតិ ​ដែល​ជា​អង្គការ​តស៊ូ​មតិ​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ បាន​ផ្តល់​ចំណាត់​ថ្នាក់​ដល់​ប្រទេស​វៀតណាម​លេខ​១១៣​ក្នុង​ចំណោមតំបន់​និង​ប្រទេស​ទាំង​ ១៧៦​ ដែល​ខ្លួន​បាន​វាយតម្លៃ​នៅ​ក្នុង​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ទៅ លើ​អំពើ​ពុករលួយ​ប្រចាំ​ឆ្នាំ២០១៦។

លោក Song Seng Wun អ្នក​ជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ចក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ធ្វើ​ការ​នៅ​ឯ​ធនាគារ​ឯកជន​ឈ្មោះ CIMB​ នៅ​ក្នុង​ប្រទេស​សិង្ហបុរិ​បាន​និយាយ​ថា៖ «វា​មិន​បាន​រារាំង​ដល់​កំណើន​សេដ្ឋកិច្ច​នោះ​ទេ។ វា​គ្រាន់​តែ​បន្ថែម​ការ​ចំណាយ។ នៅ​ពេល​មាន​អំពើ​ពុករលួយ វា​គ្រាន់​តែ​ជា​ការ​ចំណាយ​អត់​ប្រយោជន៍ ដោយ​មិន​មាន​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ដែល​ទទួល​បាន​ផល​ច្រើន»។

ក្រុមហ៊ុន Gan Integrity ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សាយោបល់​លើ​ការ​គោរព​ច្បាប់​ក្នុង​ការ​ធ្វើ​ជំនួញ​ និង​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ញូវយ៉ក​បាន​ចាត់​ទុក​ថា អំពើ​ពុករលួយ​ «មាន​ស្ទើរ​គ្រប់​ទីកន្លែង» នៅ​ក្នុង​ប្រទេស​វៀតណាម។ ក្រុមហ៊ុន​ប្រឹក្សាយោបល់​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នានា​ទំនង​នឹង​ប្រឈម​នឹង​ការ​ទាមទារ​ប្រាក់​សូក​ប៉ាន់​ ការ​លូក​ដៃ​ក្នុង​ឆាកនយោបាយ និង​ «ការ​បង់ប្រាក់​សម្រួល​កិច្ចការនានា» នៅ​គ្រប់​វិស័យ។ ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​អភិវឌ្ឍ​ដីធ្លី និង​សំណង់​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​អំពើ​ពុករលួយ។

មូលហេតុ​នៃ​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ

លោក Trung Nguyen ដែល​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Ho Chih Minh បាន​និយាយ​ថា ប្រាក់​ខែ​មិន​គ្រប់គ្រាន់​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ ដែល​ពួកគាត់​មួយចំនួន​ត្រូវ​ការ​ប្រាក់​បន្ថែម​សម្រាប់​គ្រួសារផងនោះ បាន​បង្ក​ឲ្យ​មាន​អំពើ​ពុករលួយ​ជាច្រើន។

បទបញ្ញត្តិ​ស្មុគស្មាញ​ក៏ជំរុញ​ឲ្យ​ក្រុមហ៊ុន​នានា​បែរទៅ​រក​ផ្លូវ​កាត់ ដែល​នេះ​ជា​មូលហេតុ​មួយ​ទៀត​នៃ​អំពើ​ពុករលួយ។

លោក Nguyen បាន​និយាយ​ថា ពេល​ខ្លះ អ្នក​ដែល​មាន​ទុន​មិន​ព្រម​ធ្វើ​ការ​ពង្រីក​អាជីវកម្ម​នោះ​ទេ ដើម្បី​ជៀសវាង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ដែល​កាន់​តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​មាន​បញ្ហា​ស្រាប់​មួយ​នេះ។

លោក​បាន​បន្ថែម​ថា ពលរដ្ឋ​វៀតណាម​ក៏​ប្រឈម​នឹង​ការ​ទារ​ប្រាក់​សូក​ប៉ាន់​ នៅ​ពេល​ពួកគេ​ស្នើសុំ​ឯកសារ​ពី​ស្ថាប័ន​រដ្ឋាភិបាល និង​ប្រសិន​បើ​ប៉ូលិស​បញ្ឈប់​ពួកគេ​នៅ​ពេល​ធ្វើ​ចរាចរណ៍ ដែល​ការណ៍​នេះហើយ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​សាធារណៈ​ជន​ចំពោះ​សេវារ​បស់​រដ្ឋាភិបាល។​

បុគ្គលិក​ធនាគារ​ម្នាក់​រាប់​លុយ​ដុង​របស់​វៀតណាម​នៅ​ក្នុង​ក្រុង Vinh Yen ប្រទេស​វៀតណាម។

លោក​និយាយ​ថា៖ «ខ្ញុំ​គិត​ថា វា​អាក្រក់​ខ្លាំង​ណាស់។ ខ្ញុំ​មាន​មិត្តភក្តិ​ជាច្រើន ហើយ​ពួកគេ​មិន​ចង់​បើក​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ទេ ដោយសារ​តែ​ពួកគេ​គិត​ថា ពួកគេ​នឹង​ត្រូវ​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល ​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​សូក​ប៉ាន់ ហើយ​ពួកគេ​នឹង​រំលោភ​បំពាន​លើ​ក្រមសីលធម៌​ និង​គោលការណ៍​របស់​ពួកគេ»។

ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន PetroVietnam

ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន PetroVietnam ដូច​ដែល​ត្រូវ​បាន​ពិពណ៌នា​នៅ​ក្នុង​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​របស់​វៀតណាម​ ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​មួយ​ទៀត​ធំ​ជាង​នេះ​គឺ​នៅ​ធនាគារ OceanBank។

របាយការណ៍​បាន​និយាយ​ថា មនុស្ស​ជាង​៥០.០០០នាក់ និង​ស្ថាប័ន​ចំនួន​៤០០​ទទួល​បាន​ប្រយោជន៍​ពី​អ្វី​ដែល​រដ្ឋអាជ្ញា​ហៅ​ថា ការ​បង់ប្រាក់​ដើម្បី​ប្រយោជន៍​ខុស​ច្បាប់​ដែល​មាន​ទឹកប្រាក់​៧០,៤លាន​ដុល្លារ។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ចាប់ពី​ឆ្នាំ២០១០​ដល់​២០១៤ បុគ្គលិក​ធនាគារ​ផ្តល់​ប្រាក់​កម្ចី​ និង​កំណត់​អត្រា​ការប្រាក់​ ដែល​ខ្ពស់​ជាង​ការ​កំណត់​របស់​រដ្ឋ​ចំពោះ​អតិថិនជន​សំខាន់ៗ​ដូចជា​ក្រុមហ៊ុន PetroVietnam ជាដើម។

គេហទំព័រ​សារព័ត៌មាន VnExpress ហៅ​ករណី​នេះ​ថា ជា​រឿង​មួយ​ក្នុងចំណោម​ករណី​នៃ​ការ​បោកបន្លំ​ធនាគារ​ដ៏​ធំបំផុតដែល​មិន​ធ្លាប់​ត្រូវ​បាន​គេ​បញ្ជូនទៅ​តុលាការ​នៃ​ប្រទេស​វៀតណាម។

លោក Burke បាន​និយាយ​ថា ករណី​មួយ​ចំនួន​ដែល​រង​ការ​ចោទប្រកាន់ ត្រូវ​បាន​ប្តឹង​ដោយ​បុគ្គលិក​ក្រុមហ៊ុន​ដែល​មិន​សប្បាយ​ចិត្ត​នឹង​ក្រុមហ៊ុន។ លោក​បាន​និយាយ​ថា ក្រុមហ៊ុន «ដែល​ស្អាតស្អំ» អាច​កសាង​កេរ្តិ៍​ឈ្មោះ​ឲ្យ​បាន​ខ្លាំង​ល្មម​ដើម្បី​លុបបំបាត់​ការ​ទារ​ប្រាក់​សំណូក។

លោក​បាន​ថ្លែង​ថា៖«ពេល​ខ្លះ យើង​ឃើញ​របរ​ជំនួញ​ល្អៗ​ត្រូវរង​ការ​រំខាន​ទាំង​ស្រុង​ ដោយសារ​តែ​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ។ ហើយ​ជា​ញឹកញាប់ ជម្លោះ​ការងារ​ក្លាយ​ទៅ​ជា​ករណី​មិន​គោរព​ច្បាប់ ហើយ​ពួកគេ​បង្កើត​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពេញលេញ​មួយ។ មនុស្ស​ម្នា​បាត់បង់​ការងារ​របស់​ពួកគេ។ វា​ជា​រឿង​ធ្ងន់ធ្ងរ​មួយ»។

លោក Song បាន​និយាយ​ថា ក្រុមហ៊ុន​ចម្រុះ​ជាតិសាសន៍​ស៊ាំ​នឹង​ការ​ទារ​ប្រាក់​សំណូក​ ហើយ​ចាត់​ទុក​វា​ជា​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ទើប​តែ​រីក​ចម្រើន ប៉ុន្តែ​ប្រទេស​ដែល​ព្យាយាម​បញ្ឈប់​អំពើ​ពុករលួយ​ទទួល​បាន​ការ​អាណិត​អាសូរ​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត។

នៅ​ជុំវិញ​តំបន់​អាស៊ី វិនិយោគិន​ប្រឈម​នឹង​ឧបសគ្គ​ស្រដៀង​គ្នា​ តួយ៉ាង​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ចិន។

ប្រទេស​ភាគច្រើន​នៅ​ជុំវិញ​អាស៊ីប៉ាស៊ីហ្វិក​ទទួល​បាន​ចំណាត់ថ្នាក់​ក្រោម​ពាក់កណ្តាល​សម្រាប់​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ទៅ​លើ​អំពើ​ពុករលួយ​ឆ្នាំ២០១៦។

កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​

លោក Burke បាន​និយាយ​ថា ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ទៅ​លើ​បញ្ហា​នេះ​កើត​មាននៅ​ក្នុង​ប្រទេស​វៀតណាម​ ដោយ​មាន​ការ​បញ្ចេញ​ច្បាប់​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ឆ្នាំ២០០៥ ច្បាប់​ស្តី​ពី​លទ្ធកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ២០០៩ និង​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ២០២០។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​អាច​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី ករណី​ធនាគារ OceanBank ដើម្បី​បង្អាក់​ទឹកចិត្តអ្នក​ដទៃទៀត​កុំ​ឲ្យ​ធ្វើ​ការ​សូកប៉ាន់។

លោក Nguyen Xuan Son (រូប​កណ្តាល) អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Petro Vietnam ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន​ទៅ​តុលាការ​ដើម្បី​ស្តាប់​សាលក្រម​នៅ​ក្នុង​ក្រុង​ហាណូយ។

សារព័ត៌មាន VnExpress បាន​រាយការណ៍​ថា នៅ​ក្នុង​ខែ​តុលា ឆ្នាំ២០១៦ រដ្ឋាភិបាល​បាន​ចេញ​របាយការណ៍​ចំហ​ដ៏​កម្រ​មួយ​ទៅ​កាន់​សភា ដោយ​និយាយ​ថា មន្ត្រី​ជាច្រើន​បាន​ព្រងើយ​កន្តើយ​ពី​តួនាទី​របស់​ពួកគេ​ និង​បរាជ័យ​ក្នុង​ការ​ប្រកាន់​ខ្ចាប់​នឹង​ស្តង់ដារ​សីលធម៌ និង​គុណធម៌​នយោបាយ។

ក្រុមហ៊ុន Gan Integrity បាន​ឲ្យ​ដឹង​ថា ការ​ការ​ដាក់​ទោសទណ្ឌ​ពី​បទប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​វៀតណាម​មានរាប់​ចាប់​តាំង​ពី​ការ​ពិន័យ​ ដល់​ការ​ប្រហារ​ជីវិត ប៉ុន្តែ​ខ្វះ​ការ​អនុវត្ត។

លោក Song ជឿ​ជាក់​ថា វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​វៀតណាម​ជា «ការងារ​កំពុង​វិវត្ត​ទៅ​មុខ»។

ប៉ុន្តែ​អង្គការ​តម្លាភាព​អន្តរជាតិ​និយាយ​ថា ខ្លួន​បាន​ឃើញ​ព័ត៌មាន​ជា​សាធារណៈ​តិចតួច​អំពី​លទ្ធផល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

លោក Nguyen បាន​និយាយ​ថា៖«មេដឹកនាំ​កំពូលៗ​របស់​វៀតណាម​មិន​បាន​រួបរួម​គ្នា​ក្នុង​ការ​បញ្ឈប់​បញ្ហា​នេះ​នោះ​ទេ។ ខ្ញុំ​គិត​ថា ពួកគេ​មិន​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​បញ្ចប់​អំពើ​ពុករលួយ​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ