កងកម្លាំងរុស្សីនិងស៊ីរីបានបើកការវាយប្រហារមួយកាលពីចុងឆ្នាំមុន ដើម្បីដណ្តើមគ្រប់គ្រងឡើងវិញនូវខេត្ត Idlib និងតំបន់នៅជុំវិញនោះ ដែលនេះជាតំបន់ចុងក្រោយបំផុតក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធក្នុងប្រទេសស៊ីរី។
គណៈកម្មការស៊ើបសួររបស់អង្គការសហប្រជាជាតិបានពណ៌នានៅក្នុងរបាយការណ៍របស់ខ្លួនពីការទទួលរងការឈឺចាប់ដែលមិនអាចរៀបរាប់អស់ទៅលើកុមារ បុរស និងស្ត្រី ដែលជាជនជាតិស៊ីរីក្នុងពេលនៃប្រតិបត្តិការយោធានោះ។ របាយការណ៍នោះ បានកត់ត្រាការវាយប្រហារចំនួន ៥២ដងក្នុងអំឡុងពេលចាប់ពីខែវិច្ឆិកាឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០នេះ ដោយភាគីទាំងអស់នៅក្នុងជម្លោះ។
ប្រធានគណៈកម្មការលោក Hanny Megally បានលើកឡើងថា អគារមន្ទីរពេទ្យ សាលារៀន ផ្សារ និងផ្ទះរបស់ពលរដ្ឋ បានទទួលរងការវាយប្រហារ។ លោកបន្តទៀតថាជនស៊ីវិលត្រូវបានសម្លាប់ និងរងរបួស ហើយហេដ្ឋារចនាសម្ព័ន្ធទទួលរងការខូចខាតនិងត្រូវបំផ្លាញ។ លោកបាននិយាយតាមប្រព័ន្ធវីដេអូពីទីក្រុងញូយ៉កមកថា៖
«យើងបានរកឃើញថាមានការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម ដែលទំនងដូចជា ធ្វើឡើងដោយកម្លាំងទ័ពអាកាសរបស់ស៊ីរីនិងរុស្សី។ យើងបានកត់ត្រានូវឧបទ្ទវហេតុ២នៅក្នុងរបាយការណ៍ ដែលយើងគិតថាជាយន្តហោះចម្បាំងរបស់រុស្សីដែលធ្វើការវាយប្រហារនោះ។ ហើយយើងពន្យល់ថា ហេតុអ្វីបានជាយើងគិតថា ជាការវាយប្រហារពីសំណាក់រុស្សី ហើយមិនមែនពីសំណាក់ស៊ីរីនោះទេ»។
លោក Megally និយាយថា របាយការណ៍នេះក៏បានកត់ត្រាផងដែរពីប្រភេទឯទៀតនៃឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តឡើងដោយកម្លាំងគាំទ្ររដ្ឋាភិបាល ក្រុមប្រដាប់អាវុធ និងអង្គការភេរវកម្មផ្សេងៗទៀត។ លោកបន្តថា អំពើឧក្រិដ្ឋសង្គ្រាមនេះរួមមានការវាយប្រហារដោយមិនរើសមុខទៅលើជនស៊ីវិល ការប្រើប្រាស់គ្រាប់បែកចង្កោម និងការវាយប្រហារផ្សេងៗដោយចេតនាទៅលើវត្ថុដែលត្រូវការពារ។ លោក Megallyបន្តថា៖
«យើងបានសន្និដ្ឋានថា ការវាយប្រហារដោយកងទ័ពគាំទ្ររដ្ឋាភិបាល មានលក្ខណៈជាប្រព័ន្ធ និងធ្វើឡើងដើម្បីបង្ខំឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅដ្ឋាន ហើយអំពើបង្ខំឲ្យពលរដ្ឋចាកចេញបែបនេះ ជាឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងមនុស្សជាតិ។ ដូច្នេះយើងគិតថា រឿងនេះអាចកើតមានឡើង។ យើងបានរកឃើញថាកងកម្លាំងគាំទ្ររដ្ឋាភិបាល ក្រុមកម្លាំងប្រដាប់អាវុធ និងអង្គការភេរវកម្មបានចូលលួចប្លន់ ហើយការណ៍នេះក៏ជាឧក្រិដ្ឋកម្មសង្គ្រាមផងដែរ»។
អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានរាយការណ៍ថា មានប្រជាពលរដ្ឋប្រមាណជាង១លាននាក់ ដែល៨០ភាគរយជាស្រ្តីនិងកុមារ ត្រូវបានបង្ខំចាកចេញពីផ្ទះសម្បែង និងកំពុងរស់នៅក្នុងលក្ខខណ្ឌដ៏អាក្រក់មួយនៅក្បែរព្រំដែនប្រទេសតួកគី។ ពួកគេនិយាយថា អ្នកទាំងនោះកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ អនាគតដែលគ្មានពន្លឺ ដែលមានការប៉ះពាល់បន្ថែមទៀតដោយការរាតត្បាតជំងឺកូវីដ១៩។
ក្រុមអ្នកស៊ើបអង្កេតនិយាយថា ជនស៊ីវិលស៊ីរីត្រូវការជំនួយមនុស្សធម៌ជាទៀងទាត់ដើម្បីរក្សាជីវិតរស់នៅ ក៏ដូចជា ជំនួយក្នុងការទប់ទល់ការគំរាមកំហែងនៃការរាតត្បាតជំងឺកូវីដ១៩ផងដែរ។
នៅពុំមានការឆ្លើយតបផ្លូវការណាមួយពីរដ្ឋាភិបាលស៊ីរីទាក់ទងនឹងរបាយការណ៍នេះនៅឡើយទេ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ