គ្រូបង្រៀននគរបាលមួយរូប និយាយនៅថ្ងៃសុក្រនេះថា លោកត្រូវបានថ្នាក់លើ ដែលជាអនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាទះកំផ្លៀងមួយដៃ កាលពីសប្តាហ៍មុន ទាក់ទងការគាំទ្រគណបក្សនយោបាយ ដែលមាននិន្នាការនយោបាយផ្ទុយពីគណបក្សកាន់អំណាចរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន។
ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ និងជាគ្រូបង្រៀននៅអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជាលោក អេង ស្រូយ ឱ្យដឹងថា ករណីទះកំផ្លៀងលោកកើតឡើងកាលពីថ្ងៃទី ២២ខែមេសាឆ្នាំ២០២២ នៅក្នុងបន្ទប់សាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូ ដែលមានសមាជិកប្រជុំក្នុងនោះចំនួន៨នាក់។
បើតាមលោក អេង ស្រូយ ដើមហេតុ ដែលឈានដល់ការប្រើអំពើហិង្សានោះ ផ្តើមចេញពីការថ្លែងរបស់មេ គឺអនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាលោក ប្រាក់ ណារ៉ុង ដែលបានលើកឡើងច្រើនអំពីការចូលរួមសកម្មភាពនយោបាយ តែបិទមាត់លោកមិនឱ្យមានយោបល់។
លោកបន្តថា លោក ប្រាក់ ណារ៉ុង ថែមទាំងបានហាមឃាត់លោកមិនឱ្យថតរូបក្នុងអង្គប្រជុំដើម្បីផុសចូលក្នុងក្រុមដើម្បីជារបាយការណ៍សម្រាប់ថ្នាក់លើបានដឹងពីសកម្មភាពប្រជុំថ្ងៃនោះ ដោយលោក ប្រាក់ ណារ៉ុងបានហក់មកដណ្តើមទូរស័ព្ទរបស់លោក និងបានគំរាមបោកទូរស័ព្ទ និងប្រើប្រាស់ពាក្យសម្តីគំរាមកំហែងខ្លាំងៗថែមទៀតផង។
លោកបញ្ជាក់ថា៖ «ដើមចមនៃការទះកំផ្លៀងនេះគឺបណ្តាលមកពីរឿងនយោបាយ។ ហ្នឹងរឿងទី១ [និង]រឿងថតរូប [រឿងទី២]ថតរូបពេលកំពុងប្រជុំហ្នឹង»។
លោកបន្តថា៖ «ហើយគាត់បានព្រមានខ្ញុំ ថាឱ្យខ្ញុំទៅប្តឹងទៅ! ទៅ! ទៅប្តឹងទៅ! គាត់ប្រើភាសា អ៊ីចឹង។ ហើយប្រើពាក្យថា ខ្ញុំនៅទីនេះខ្ញុំស្លូតទេ នៅក្រៅវិញហ្អាខ្ញុំខ្លាំងជាងនេះទៀត។ សុទ្ធតែប្រើភាសាអ៊ីចឹងដាក់ខ្ញុំ។ ហើយខ្ញុំក៏មានការព្រួយបារម្ភដែល ឮប្រើភាសាអ៊ីចឹងៗអី។ខ្ញុំក៏មានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ»។
លោកបន្ថែមថា ករណីនេះ លោកបានបញ្ជូនរបាយការណ៍ដាក់ទៅប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាលោក សេង ផល្លី រួចរាល់ហើយកាលពីថ្ងៃទី២៨ខែមេសា ដើម្បីឱ្យប្រធានអង្គភាពដោះស្រាយបញ្ហានេះ និងថា ប្រសិនបើប្រធានអង្គភាពមិនអាចរកដំណោះស្រាយបាន នោះរូបលោកនឹងដាក់របាយការណ៍ដាច់ដោយឡែកមួយទៀតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និងដាក់ពាក្យប្តឹងទៅស្ថាប័នតុលាការបន្តទៀត។
វីអូអេមិនទាន់អាចសុំការបកស្រាយពីអនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ លោក ប្រាក់ ណារ៉ុង និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោក សេង ផល្លី បាននៅឡើយទេនៅថ្ងៃសុក្រនេះ។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ករណីទះកំផ្លៀងគឺមិនបានកើតឡើងដូចការចោទប្រកាន់របស់មន្ត្រីបក្សជំទាស់ថ្នាក់ខេត្តនោះឡើយ។
បើតាមលោក ខៀវ សុភ័គ ការចោទប្រកាន់នោះគឺគ្រាន់តែជាល្បិចរបស់គណបក្សប្រឆាំងដើម្បីទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ។
លោកថ្លែងថា៖ «និយាយរួមចោទប្រកាន់គេតែហ្មង ...ប្រឌិតព័ត៌មានមិនពិតចោទគេថាទះកំផ្លៀង។ ចេះតែថាហើយ សាមីខ្លួនក៏ដោយ! គេមានសាក្សី។ គេប្រជុំមិនមែនប្រជុំពីរនាក់ឯណា?»
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែលដែលឃ្លាំមើលកិច្ចការបោះឆ្នោត លោក កន សាវាង្ស ជំរុញឱ្យអង្គភាពសាលាប៉ូលិសនោះពិនិត្យមើលករណីហិង្សារវាងមេដឹកនាំ និងអ្នកនៅក្រោមបង្គាប់ទៅតាមផ្លូវច្បាប់ ហើយជនរងគ្រោះគួរប្តឹងទៅអង្គភាពរបស់ខ្លួនដើម្បីជាគំរូមួយ និងបង្ការកុំឱ្យមានការប្រើហិង្សាណាមួយបន្តទៀតនៅក្នុងស្ថាប័នជាតិបែបនេះទៅថ្ងៃខាងមុខ។
លោកថ្លែងថា៖ «ជនរងគ្រោះអាចប្តឹងទៅដើម្បីអាចធ្វើការដោះស្រាយវិនិច្ឆ័យ ជាគំរូមួយដល់មន្ត្រី ឬថ្នាក់ដឹកនាំផ្សេងៗទៀតដើម្បីកុំឱ្យប្រើប្រាស់នូវអំពើហិង្សាបែបហ្នឹង»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ក៏បានស្នើឱ្យស្ថាប័នសាមី ស៊ើបអង្កេតឱ្យបានច្បាស់លាស់ អំពីមូលហេតុដែលឈានដល់ការបង្កហិង្សានេះ។
អ្នកស្រីបានសង្កត់ធ្ងន់ថា ប្រសិនបើរកឃើញថាមានករណីរើសអើងនិន្នាការនយោបាយក្នុងស្ថាប័ន ត្រូវតែមានការលុបបំបាត់ និងចាត់វិធានការនានា ដោយមិនគួរដាក់ទោសត្រឹមតែវិន័យរដ្ឋបាល ហើយឲ្យបុគ្គលប្រព្រឹត្តរួចខ្លួននោះទេ។
អ្នកស្រី ចក់ សុភាព ថ្លែងថា៖ «អ៊ីចឹងកន្លែងនេះ ជាអ្វីដែលយើងត្រូវទប់ស្កាត់ ហើយលុបបំបាត់នូវបញ្ហានិទណ្ឌភាពហ្នឹង»។
ទាក់ទិនការរើសអើងខាងនយោបាយ មេដឹកនាំអង្គការសិទ្ធិមនុស្សរូបនេះ ជំរុញឱ្យអាជ្ញាធរបង្កបរិយាកាសនយោបាយដែលមានលក្ខណៈសេរី ដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋប្រើសិទ្ធិមូលដ្ឋានពេញលេញ ក្នុងការចូលរួមគណបក្សនយោបាយដោយគ្មានការយាយី និងការរារាំងជាដើម។
គួរបញ្ជាក់ផងដែរថា គណបក្សភ្លើងទៀន ធ្លាប់បានចេញរបាយការណ៍ថា នៅក្នុងខែមីនា ឆ្នាំ២០២២ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលខិតជិតមកដល់ សកម្មជនគណបក្សភ្លើងទៀនយ៉ាងតិច១០នាក់ ត្រូវបានប៉ូលិសមូលដ្ឋាន ហៅទៅសួរនាំដោយគ្មានបង្ហាញដីកា ឬបញ្ជាក់មូលហេតុអ្វីនោះឡើយ៕