មាន​ការ​ប្រមូល​ផ្តុំ​គ្នា​គាំ​ទ្រ​រដ្ឋាភិបាល​ក្រោយ​ពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អស់​ជា​ច្រើន​ថ្ងៃ

ក្រុម​បាតុករ​អ៊ីរ៉ង់​ដែល​ប្រឆាំង​រដ្ឋា​ភិបាល​ បាន​ស្រែក​ពាក្យ​ស្លោក​នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ កាល​ពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៧។​

នៅ​ថ្ងៃ​ពុធ​នេះ​ ក្រុម​បាតុករ​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​បាន​ធ្វើការ​ជួប​ជុំ​គ្នា​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់​ នៅ​ក្រោយ​មាន​ការ​ធ្វើ​បាតុកម្ម​ច្រើន​ថ្ងៃ​ប្រឆាំង​នឹង​រដ្ឋាភិបាល​និង​បញ្ហា​សេដ្ឋកិច្ច។​

ទូរទស្សន៍​រដ្ឋ​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​បង្ហាញ​វីដេអូ​នៃ​ហ្វូង​មនុស្សគ្រវី​ទង់​ជាតិ​អ៊ីរ៉ង់​និង​ស្រែក​បន្ទរ​ពាក្យ​ស្លោក​គាំទ្រ​មេដឹកនាំ​កំពូល​ Ayatollah Ali Khamenei។​

លោក​ khamenei ​បាន​បន្ទោស​រដ្ឋាភិបាល​ឯទៀតៗ​ថា​បាន​ជំរុញ​ឱ្យ​មានបាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន​ និង​បាន​បណ្តាល​ឱ្យ​មនុស្ស​២១​នាក់​ស្លាប់។​

កាលពី​ថ្ងៃ​អង្គារ​ Ayatollah Ali Khamenei ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​តាម​ទូរទស្សន៍​រដ្ឋ​និង​ត្រូវ​ផ្សាយ​តាម​គេហទំព័រ​ផ្លូវការ​របស់​លោកថា «កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ពួក​សត្រូវ​នៃ​ប្រទេស​អ៊ីរ៉ង់​ បាន​ប្រើប្រាស់​ឧបករណ៍​ផ្សេងៗ​ដោយ​មាន​រួមបញ្ចូល​ប្រាក់​កាស អាវុធ នយោបាយនិង​អង្គការ​ស៊ើបការ​សម្ងាត់​ដើម្បី​បង្កើត​ចលាចល​ក្នុង​សាធារណរដ្ឋ​ឥស្លាម»។ លោក Khamenei បានថ្លែង​ថា​លោក​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ​អំពី​ព្រឹត្តិការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ពេល​វេលា​ល្អ​មក​ដល់។

លោក ​Ali Shamkhani ​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​កំពូល​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ចោទ​ប្រកាន់​ស.រ.អា.​ ប្រទេស​អង់គ្លេស​និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ថា​នៅ​ពី​ក្រោយ​ការ​ធ្វើ​បាតុកម្ម​ទាំង​នេះ។​

ប្រធានាធិបតី​ស.រ.អា.​ Donald Trumo​ បាន​ប្រើ ​Twitter ​ដើម្បី​សម្តែង​ការ​គាំទ្រ​ដល់​ពួកជន​ដែល​បាន​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់៕