ក្រោយ​ការ​បោះ​ឆ្នោត ​អូស្ត្រាលី ​​ឥណ្ឌា​ ទំនង​ជា​មិន​មាន​គោល​នយោបាយ​លម្អៀង​ទៅ​ខាង​​ចិន​​ទេ

រូបឯកសារ៖ បុគ្គលិក​រៀប​ចំ​ឯកសារ​មុន​ពេល​សិក្ខាសាលា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី អូស្ត្រាលី និង​ចិន ក្នុង​គម្រោង​ធនធាន និ​ឯ​ហេដ្ឋារចនា​សម្ព័ន្ធ​ពី​ប្រទេស​អូស្ត្រាលី នៅទីក្រុង​ប៉េកាំង។

​ប្រទេស​ទាំងអូស្ត្រាលី និង​ឥណ្ឌា​ដែល​ស្ថិតនៅក្នុងភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​មាន​ទំនាក់​ទំនង​​ពិបាក​ជាមួយ​ប្រទេស​ចិន ​​មិន​ទំនង​​ផ្លាស់​ប្តូរ​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ស្វះ​ស្វែង​ធ្វើ​ជា​យូរ​យា​​មក​ហើយ​ទេ។​

នៅ​ខែ​នេះ ​លោក ​Scott Morrison ​នាយករដ្ឋ​មន្រ្តី​អូស្រ្តាលី​ជាប់​ឆ្នោត​ម្តង​ទៀត ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ស្ទង់​មតិ​ស្រ​ឡាំង​កាំង ​ដែល​សង្ឃឹម​លោក​នឹង​ចាញ់​ឆ្នោត។ រីឯប្រទេស​ឥណ្ឌា ​បាន​ផ្តល់​ជ័យជម្នះ​ភ្លូក​ទឹ​កភ្លូក​ដី​ដល់​គណបក្ស​ Bharatiya Janata ​របស់​នាយករដ្ឋ​មន្រ្តី​ Narendra Modi ​ដែលបាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោតភាគ​ច្រើន​ផ្តោត​លើរបៀប​វារៈ​ជាតិ​និយម។

​ប្រទេស​ចិន​ចង់​បាន​ការ​គាំទ្រ​មក​ពីអូស្រ្តាលី ​និង​ឥណ្ឌា​លើ​បញ្ហា​នានា ​ដូចជា​សង្គ្រាមពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន រឿង​ចម្រូង​ចម្រាស់​អំពី​ក្រុមហ៊ុន​ទូរស័ព្ទ​ Huawei បញ្ហា​ចម្រូង​ចម្រាស់​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​ និង​កិច្ច​ផ្តួច​ផ្តើម​ផ្លូវ​ខ្សែ​ក្រវាត់​ពាណិជ្ជកម្ម។

​គណបក្ស​កុម្មុយនិស្ត​នៅ​ក្នុង​ក្រុង​ប៉េកាំងបាន​ផ្តល់​សារៈ​សំខាន់​ខ្លាំង​លើ​ការ​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ ជា​មធ្យោបាយ​មួយ​ដើម្បី​ពង្រឹង​ឥទ្ធិពល​សាកល​របស់​ប្រទេស​នេះ។ ​ចិន​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​ក្រីក្រ​នៅ​អឺរ៉ុប ​ដូចជា​ប្រទេស​ក្រិក​ជា​ដើម​ ដើម្បី​ពង្រីក​កិត្យា​នុភាព​របស់​ចិន។ ​ក៏ប៉ុន្តែ ​ប្រទេស​អូស្រ្តា​លី​និង​ប្រទេស​ឥណ្ឌា​មិន​ទំនង​ជា​គាំទ្រ​ចិន​អំពី​បញ្ហា​ជា​ច្រើន​ ដែល​ជា​ចំណុច​សំខាន់​ៗ​នៃ​គោល​នយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ។

ក៏ប៉ុន្តែ​ មាន​ការ​លើក​លែង​ខ្លះៗ។​ ប្រទេស​ឥណ្ឌា​បាន​អញ្ជើញ​ក្រុមហ៊ុន​ Huawei​ ឱ្យ​ចាប់​ផ្តើម​ធ្វើការ​សាក​ល្បង​បណ្តាញ​ទូរគមនាគមន៍​ 5G ​របស់ខ្លួន​ ខណៈពេល​ដែល​ប្រទេស​អូស្ត្រាលី​បាន​រារាំង​ក្រុមហ៊ុន​នេះ។​

លោក ​Richard McGroger ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ឯ​វិទ្យាស្ថាន ​Lowy​ ក្នុង​ក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី​ បាន​និយាយថា៖ «ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ច្រាន​ចោល​បច្ចេកវិទ្យា​ 5G របស់​ក្រុមហ៊ុន​ Huawei ​ហើយ​ជា​ការ​ពិបាក​អំពី​ថា ​តើ​ប្រទេស​នេះ​នឹង​ពិនិត្យ​មើល​សេចក្តី​សម្រេច​នេះ​ជា​ថ្មី​ដោយ​បែប​ណា»។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ជា​ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជាមួយ​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​លោក ​Morrison​ ដែល​ពណ៌នា​ប្រទេស​ចិន​ជា​អតិថិជន​នៃ​ប្រទេស​អូស្ត្រាលី ​ហើយ​ថា​ សហរដ្ឋអាមេរិកជា​មិត្ត​ម្នាក់។

លោក​បាន​ធ្វើ​ការ​ញែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ នៅ​ពេល​លោក​បាន​និយាយ​ថា៖ «ប្រទេស​ចិន​ជា​ប្រទេស​សំខាន់​មួយ​សម្រាប់​អនាគត​នៃ​ប្រទេស​អូស្ត្រាលី។ ជា​ការពិត​ ទំនាក់​ទំនង​របស់​យើង​ជាមួយ​ប្រទេស​ចិន​ប្លែក​ពី​ការ​ទាក់ទង​របស់​យើង​ជាមួយ​សហរដ្ឋអាមេរិក។ លោក ​Morrison បាន​និយាយ​ដូច្នេះ​ នៅ​ពេល​ឃោសនា​បោះឆ្នោត។

លោក Morrison នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលីដែល​ជាប់​ឆ្នោត។

លោក ​McGregor ​បាន​និយាយ​ថា​ គ្មាន​ហេតុផលនាំ​ឱ្យ​ខឹង​សម្បា​នឹង​ការ​ថ្លែង​ដូច្នេះ​ទេ។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា ​នេះ​មិន​មែន​ជា​ជម្រើស​ពាក្យ​ពេចន៍​ល្អទេ។ ខ្ញុំ​យល់​ឃើញ​ច្បាស់​លាស់​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​ចង់​បញ្ជូន​សារ​ខុស​ទេ ហើយ​ខ្ញុំ​មាន​ការ​សង្ស័យថា​ លោក​នឹង​មិន​ពណ៌នា​ប្រទេស​ចិន​បែប​នេះ​ទៀត​ទេ»។

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រហែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ក្នុង​ប្រទេស​អូស្ត្រាលី ​ដែល​នឹង​ពិចារណា​ជា​ថ្មីអំពី​សេចក្តី​សម្រេច​ដែល​បាន​ប្រកាន់​យក​ដោយ​រដ្ឋាភិបាល​ចម្រុះ​ ក្រោម​ការ​ដឹកនាំ​របស់​លោក ​Morrison​ កាល​ពី​ពេល​មុន​នេះ។​ ក៏ប៉ុន្តែ​ លោក ​Morrison​ បាន​ត្រឡប់​មក​កាន់​អំណាច​វិញ​ជា​នាយក​រដ្ឋ​មន្ត្រី​ ហើយ​លោក​មិន​ទំនង​ជា​នឹង​ពិនិត្យ​សើរើ​សេចក្តី​សម្រេច​កាលពី​ពេល​មុនៗ​ទេ។

ក្រៅ​ពីនេះ ប្រទេស​អូស្ត្រាលី​មាន​ហេតុផល​ក្នុង​ប្រទេសរបស់ខ្លួន​ផ្ទាល់​ដើម្បី​គាំទ្រ​សហរដ្ឋអាមេរិកទាក់ទងនឹងបញ្ហា​នានា​ ដូចជា​ការ​ប្រឆាំង​នឹង​ការ​បង្កើន​កម្លាំង​យោធា​របស់​ប្រទេស​ចិនក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម។

លោក ​McGregor​ បាន​និយាយ​ថា៖ «ជាការពិត ​ប្រទេស​អូស្ត្រាលី​បារម្ភ​អំពី​មូលដ្ឋាន​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ពីព្រោះ​កប៉ាល់​ដឹក​ជញ្ជូន​ទំនិញ​ពាណិជ្ជកម្មចិន​បើក​កាត់​ដែន​សមុទ្រ​នោះ»។

ទំនាក់ទំនង​ចិន​និង​ឥណ្ឌា

នៅ​ក្នុងសារ​សរសើរ​របស់​លោក​ដល់​នាយក​រដ្ឋមន្ត្រីឥណ្ឌា​ ដែល​បាន​ជាប់ឆ្នោត​ជា​ថ្មី​ លោក​ប្រធានាធិបតី​ចិន ​Xi Jinping ​បាន​អំពាវនាវ​ដល់​លោក Modi ​ឱ្យ​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួមគ្នា​ជាមួយ​ប្រទេស​ចិន​ក្នុង «ការ​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ពហុ​ប៉ូល​និង​សាកល​ភាវូបនីយកម្ម​សេដ្ឋកិច្ ច​និង​ប្រព្រឹត្ត​តាម​ភាព​ពហុនិយម»។

ក្រុម​អ្នកវិភាគ​យល់​ឃើញ​ថា​ សេចក្តី​ថ្លែងការណ៍​នេះ​ជា​សញ្ញា​មួយ​ថា​ លោក​ Xi ​ចង់​ឱ្យ​ប្រទេស​ឥណ្ឌា​ចូល​រួម​ក្នុង​ក្រុម​ចម្រុះ​ទូលំ​ទូលាយ​មួយ​ប្រឆាំង​នឹង​ឥទ្ធិពល​គ្របដណ្តប់​របស់​សហរដ្ឋអាមេរិក។

រូប​ឯកសារ៖ ប្រធានាធិបតី​ចិន ស៊ី ជីនពីង ស្វាគមន៍​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា ​Narendra Modi សម្រាប់​កិច្ច​ប្រជុំ​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ នៅ​ក្រុង Qingdao នៃ​ខេត្ត Shandong ភាគ​ខាង​កើត​នៃ​ប្រទេស​ចិន កាល​ពី​ឆ្នាំ​មុន។

ការ​ជ្រើស​រើស​ពាក្យ​ពេចន៍​របស់លោក​ Xi ​មាន​សារៈ​សំខន់​ដោយសារ​ការ​ប្រើពាក្យ​ទាំង​នេះ​មាន​ឡើង​ នៅ​មុន​ការ​ប្រជុំ​នៃ​អង្គការ​កិច្ច​សហប្រតិបត្តិការ​ក្រុង​ Shanghai ​នៅ​ក្នុង​រដ្ឋធានី ​Bishkek នៃ​សាធារណរដ្ឋ ​កៀហ្ស៊ីស៊ីស្ថាន​ នៅ​ថ្ងៃ​ទី​១៣ និង​១៤​ខែ​មិថុនា។​ លោក​ Xi ​នឹង​ជួប​ជាមួយ​លោក ​Modi​ ព្រម​ទាំង​ជា​មួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ Imran Khan និង​ប្រមុខ​រដ្ឋនៃ​ប្រទេសនានា​ក្នុង​តំបន់​អាស៊ី​កណ្តាល។​ ប្រទេស​ចិន​នឹង​ជំរុញ​ម្តង​ទៀត​នូវ​របៀប​វារៈរ​បស់ខ្លួន​សម្រាប់​ការ​ប្រឆាំង​នឹង​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក។

នៅ​ពេល​ដែល​រដ្ឋាភិបាល​ជាប់​ឆ្នោត​ជាថ្មី​មាន​ដំណើរ​ការស្រួល​បួល​នៅ​ក្នុង​ក្រុង​ញូវដែលី នៅ​ក្រោយ​ការ​បោះ​ឆ្នោត​មានប​ញ្ហា​ច្រើន​ហើយ​នោះ​ ក្រុម​ប្រេសីត​មក​ពី​ប្រទេស​ឥណ្ឌា​និ​ងប្រទេស​ចិន បាន​ត្រៀម​ប្តូរ​យោបល់​មួយ​ចំនួន​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ។​ ជំនួប​មួយ​រវាង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​នេះ​នឹង​មានធ្វើ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​ Modi ​បាន​អញ្ជើញ​លោក​ Xi ​ទៅ​កាន់​មណ្ឌល​បោះឆ្នោត​របស់​លោក​ និង​ក្រុង Varanasi ​នា​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ​ដើម្បី​ធ្វើ​ជំនួប​កំពូល​ក្រៅ​ផ្លូវការ​ក្នុង​ខែ​កញ្ញា។ ជំនួប​កំពូល​ក្រៅផ្លូវ​ការ​លើក​ទី​មួយ ​តាម​បែប​ជំនួប​នៅ​ Mar-a-Lago ​បាន​ប្រព្រឹត្តទៅ​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ជួប​គ្នា ​ដោយ​គ្មាន​ការ​ចូលរួម​របស់​ក្រុមសហការី​ទេ​ នៅ​ក្នុង​ក្រុង Wuhan ​នៃ​ប្រទេស​ចិន ​កាល​ពី​ឆ្នាំ​ទៅ​មិញ។​

​ជំនួប​នោះ​គឺ​ធ្វើ​ឱ្យ​មេ​ដឹក​នាំ​ទាំង​ពីរ​នាក់​នេះ​យល់​គ្នា​ទៅ​វិញ​ទៅមក​ ឃើញ​បញ្ហា​ផ្សេងៗ​ពី​ទស្សនៈ​វិស័យ​ទូលំ​ទូលាយ​ និង​ផ្តល់​ការណែនាំយុទ្ធសាស្ត្រ​ដល់​ក្រុម​រដ្ឋមន្ត្រី​របស់​លោក​អំពី​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ចិន។

ជំនួប​កំពូល​នៅ Wuhan​ បាន​ធ្វើឡើង​មួយ​ឆ្នាំ​ក្រោយ​ពី​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ចិន​មាន​ជម្លោះ​ព្រំដែន​ចំនួន​៧២​ថ្ងៃ​ នៅ​កន្លែង​មួយ​ឈ្មោះ​ Doklam​ នៅ​ជិត​ព្រំដែន​ប្រទេស​ប៊ូតង់។

លោក ​Phunchok Stobdan​ ដែល​ជា​អតីត​អ្នក​ការទូត​ឥណ្ឌា​ និង​ជា​អ្នក​ជំនាញ​ខាង​យុទ្ធសាស្ត្រ​ដែរ​នោះ​បាន​និយាយ​ថា៖ «នឹង​មាន​កិច្ច​ខិត​ខំប្រឹង​ប្រែង​ហ្មត់ចត់​ខ្លះ​ដើម្បី​កែ​លម្អ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាង​ពីរ​នេះ។ ខ្ញុំយល់​ថា​ មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​ក៏​នឹង​ពិនិត្យ​មើល​លទ្ធភាព​នៃ​ដំណោះ​ស្រាយ​ឆាប់​រហ័ស​មួយ​ដល់​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នេះ»។

លោក​ Stobdan ​បាន​ថ្លែង​ដែរ​ថា៖ «លោក​ Modi និង​លោក Xi ក៏​ប្រហែល​ពិភាក្សា​គ្នា​ដែរ​អំពី​បញ្ហា​សម្តេច​ Dalai Lama។​ មេដឹកនាំ​ទីបេ​អង្គ​នេះ​បាន​រត់​គេចចេញ​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​កាល​ពី​ឆ្នាំ​១៩៥៩។ ​ចាប់​តាំង​ពី​ពេល​នោះ​មក​ព្រះអង្គ​បាន​ទាមទារ​ឱ្យ​មាន​ស្វ័យភាព​ធំជាង​មុន​ សម្រាប់​ប្រជារាស្ត្រ​ និយាយ​ភាសា​ទីបេ​នៅ​ក្នុង​ប្រទេស​ចិន​ នៅ​ពេល​ដែល​ពួក​មេដឹកនាំ​ចិន​ពណ៌នា​ព្រះអង្គ​ថា ​ជាអ្នក​ទាមទារ​បំបែក​រដ្ឋ​ម្នាក់​ ដែល​ញុះញង់​ក្រុម​ជន​អំបូរ​ទី​បេ​មួយ​ចំនួន​ឱ្យ​បំបែក​ខ្លួន​ចេញ​ប្រទេស​ចិន។

លោក Modi ​ក៏​នឹង​មា​នការ​ប្រុង​ប្រយ័ត្ន​ដែរ​អំពីការ​អនុវត្តន៍​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន​ ពីព្រោះ​វា​អាច​ជា​បញ្ហា​រំជួល​ចិត្ត​មួយ​ពីព្រោះ​សារណជន​ឥណ្ឌាចាត់​ទុក​រដ្ឋាភិបាលក្រុង​ប៉េកាំងជា​សម្ព័ន្ធ​មិត្ត​ និង​ជា​អ្នក​ការពារ​ប្រទេស​ប៉ាគីស្ថាន។​ លោក​ Modi ​និង​គណបក្ស​របស់​លោក​បាន​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ដោយ​បាន​និយាយប្រឆាំង​នឹង​អ្វី​ដែល​លោក​យល់​ឃើញ​ថា ​ពួក​ភេរវជន​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បាគីស្ថាន​ បាន​បណ្តាល​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​វក់វី​ក្នុង​ប្រទេស​ឥណ្ឌា។

បញ្ហា​សំខាន់​មួយ​ដែល​មាន​នៅ​ក្នុង​ចិត្ត​លោក​ Xi គឺ​ការ​ប្រមូល​ការ​គាំទ្រ​ពី​ប្រទេស​នានា​ប្រឆាំង​នឹង​សកម្មភាព​ពាណិជ្ជកម្ម​ដ៏​គឃ្លើន​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក ដែល​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ឯទៀតៗ​ផង​ដែរ។​ សំណួរ​សំខាន់​មួយ​គឺ​ថា ​តើ​លោក ​Xi ​អាច​និយាយ​បញ្ចុះ​បញ្ចូល​លោក ​Modi​ ឱ្យ​និយាយ​ចំហ​ប្រឆាំងនឹង​សង្គ្រាម​ពាណិជ្ជកម្ម​ឬទេ។​

លោក​ Stobdan ​ដែល​ជា​អតីត​អ្នកការ​ទូត​ឥណ្ឌា​និង​ជា​អ្នកជំនាញ​ខាង​យុទ្ធសាស្ត្របាន​និយាយថា៖ «ជា​ធម្មតា​ប្រទេស​ឥណ្ឌា​ព្យាយាម​ស្ថិត​នៅ​កណ្តាល​ ជា​ជាង​ធ្វើការ​ជ្រើសរើស​រវាង​សហរដ្ឋអាមេរិក ​និង​ប្រទេស​ចិន។ ប្រទេស​ឥណ្ឌា​មិន​ទំនង​ជា​នឹង​និយាយ​ខ្លាំងៗ​ប្រឆាំង​នឹង​សកម្មភាព​ពាណិជ្ជកម្ម​របស់សហរដ្ឋអាមេរិកទេ»។

ប្រទេស​ឥណ្ឌា​បាន​លប់​ចោល​ការ​ដឹក​ជញ្ជូន​ប្រេង​ពីប្រទេស​អ៊ីរ៉ង់​ នៅ​ក្រោម​គំនាប​សង្កត់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ដែលនាំ​ឱ្យ​ខ្លួន​ខាត​បង់​ច្រើន។ លោក ​Stobdan ​បាន​ថ្លែង​ថា ​ប្រទេស​ឥណ្ឌា​នឹង​មិន​វិល​ត្រឡប់​ទៅ​កាន់​ការ​ដឹក​ជញ្ជូន​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​ទៀត​ទេ​ ទោះ​ណា​ជា​មាន​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិកក៏​ដោយ។

លោក​ Stobdan ​បាននិយាយ​ថា៖ «ប្រទេស​ឥណ្ឌា​ប្រុង​ប្រៀប​ធ្វើ​ការ​លើក​លែង​អំពី​អ្វី​ដែល​មាន​ទាក់​ទិន​ជាមួយ​ទំនាក់​ទំនង​យូរ​យា​មក​ហើយ​របស់​ខ្លួន​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ និង​ប្រទេស​រុស្ស៊ី។​ មនុស្ស​គ្រប់​គ្នា​កំពុង​ពិនិត្យ​មើល​ថា​ តើ​ប្រទេស​ឥណ្ឌា​នឹង​ដាក់​ការ​ទាក់​ទង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​ឱ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ស្មើ​នឹង​ប្រទេស​អ៊ីរ៉ង់​ និង​ប្រទេស​រុស្សី​ឬទេ៕