ប្រជាពលរដ្ឋកូរ៉េខាងត្បូងដែលមានគំនិតអភិរក្សនិយមរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍នេះដើម្បីតវ៉ានឹងការណ៍ដែលលោកប្រធានាធិបតី Moon Jae In ប្រើប្រាស់កីឡាអូឡាំពិកដើម្បីងាកទៅបង្កើតទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើង។
ពួកគេក៏តវ៉ាផងដែរដើម្បីគាំទ្រដល់លោកស្រីអតីតប្រធានាធិបតី Park Geun Hye ដែលត្រូវគេដកចេញពីតំណែង និងដែលកំពុងប្រឈមនឹងទោសជាប់ពន្ធនាគារចំនួន ៣០ ឆ្នាំ ក្រោមបទចោទប្រកាន់អំពើពុករលួយ។
ក្រុមបាតុករ ដែលភាគច្រើនគ្រវីទង់ជាតិអាមេរិកាំង បានតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់លោក Moon Jae In ដែលជំរុញឲ្យមានការបង្កើនកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការជាមួយនឹងកូរ៉េខាងជើង ដោយពួកគេអះអាងថា គោលនយោបាយនេះធ្វើឲ្យសត្រូវមានអារម្មណ៍ធូរស្រាល និងធ្វើឲ្យប៉ះពាល់ដល់យុទ្ធសាស្ត្រ «ដាក់សម្ពាធជាអតិបរមា» របស់សហរដ្ឋអាមេរិកលើប្រទេសកូរ៉េខាងជើង។
លោក Kim Suk Woo អ្នករៀបចំការធ្វើបាតុកម្មនេះមួយរូប បាននិយាយថា៖ «ដោយព្យាយាមផ្សព្វផ្សាយនូវពាក្យស្លោកសន្តិភាពដែលមិនត្រឹមត្រូវមួយចំនួនដូចជាពាក្យ «គ្មានសង្គ្រាមនៅកូរ៉េ» ជាដើម លោកប្រធានាធិបតី Moon Jae In នាពេលឥឡូវនេះ មានការពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដោយសារលោកបានឯកភាពជាមួយនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់លោក Kim Jong Un»។ លោក Kim Suk Woo គឺជាអតីតអនុរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូង និងជាប្រធានវិទ្យាស្ថានអភិវឌ្ឍជាតិនៅក្នុងទីក្រុងសេអ៊ូល។
ការតវ៉ាទ្រង់ទ្រាយធំនេះមានគោលបំណងជំរុញឲ្យមានការគាំទ្រជាសាធារណៈនៅក្នុងការដកលោកប្រធានាធិបតី Moon Jae In ចេញពីតំណែង ដោយសារតែកន្លងមក ការតវ៉ាទ្រង់ទ្រាយធំបែបនេះបានបណ្ដាលឲ្យមានការដកដំណែងលោកស្រី Park Geun Hye ដែលជាអ្នកមានទស្សនៈអភិរក្សនិយម ចេញពីតំណែងជាប្រធានាធិបតី៕