មន្រ្តីពន្ធនាគារឲ្យដឹងថា អ្នកជាប់ឃុំចំនួន ៥នាក់ ត្រូវបានធ្វើតេស្តអវិជ្ជមានមេរោគកូរ៉ូណា ខណៈពន្ធនាគារទូទាំងប្រទេស ដែលមានអ្នកជាប់ឃុំសរុប ៣៨០០០នាក់ ត្រូវបានបង្កើនអនាម័យ និងការការពារដើម្បីទប់ស្កាត់លទ្ធភាពនៃការចម្លងមេរោគកូរ៉ូណា ក្នុងនោះមានការផ្អាកសួរសុខទុក្ខរបស់ក្រុមគ្រួសារជាដើម។
នៅថ្ងៃសុក្រនេះ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានប្រគល់សម្ភារៈអនាម័យចំនួន ២០តោន ដល់អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបង្ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅតាមមណ្ឌលអប់រំកែប្រែនិងពន្ធនាគារ នៅទូទាំងប្រទេស។
ក្នុងពិធីប្រគល់សម្ភារៈ ដែលធ្វើឡើងនៅពន្ធនាគារព្រៃស ឬមណ្ឌលកែប្រែម១ រាជធានីភ្នំពេញ នាថ្ងៃសុក្រនេះលោក ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានថា ចាប់ពីមានការកើនឡើង អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា អគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាឲ្យមានការតាមដានសុខភាពអ្នកជាប់ឃុំ ផ្អាកការសួរសុខទុក្ខ ដាក់អ្នកជាប់ឃុំថ្មីនៅដាច់ដោយឡែកចំនួន១៤ថ្ងៃនិងប្រាប់ឲ្យពួកគេរក្សាអនាម័យគ្រប់ពេល។
លោកបន្តថា ដោយសារមានការផ្អាកសួរសុខទុក្ខ ដូច្នេះជនជាប់ឃុំអាចប្រើទូរស័ព្ទដែលផ្តល់ដោយខាងពន្ធនាគារចំនួន ២ដងក្នុងមួយសប្តាហ៍ និងម្តងប្រើបានយ៉ាងយូរបំផុត ៣០នាទី ដោយអ្នកជាប់ឃុំជាអ្នកចេញលុយផ្ទាល់ខ្លួន។
លោកបន្ថែមថា រហូតមកដល់ពេលនេះ មានអ្នកជាប់ឃុំថ្មីចំនួន ៥នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូរ៉ូណា បន្ទាប់ពីពួកគេមានអាការៈក្តៅខ្លួននិងក្អក ប៉ុន្តែលោកថា អ្នកទាំង ៥នាក់នោះ សុទ្ធតែមានលទ្ធផលអវិជ្ជមាន។
បើតាមលោក ចាន់ គីមសេង ទោះក្នុងពន្ធនាគារមានស្ថានភាពណែនណាន់តាន់តាប់ក្តី ប៉ុន្តែលទ្ធភាពនៃការកើតមានមេរោគកូរ៉ូណានេះគឺទាបបំផុត ដោយសារការការពារពីអាជ្ញាធរ។
«ចំណុចដែលយើងត្រូវប្រយ័ត្នប្រយែងគឺមានពីរ។ ទី១ គឺការប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅ។ អ្នកខាងក្រៅរាប់ទាំងមន្រ្តីផង។ អ៊ីចឹងបានមន្រ្តីយើងត្រូវ Sterile [សម្លាប់មេរោគ]មុនចេញចូល។ ទី២ជនជាប់ឃុំដែលចូលថ្មី ព្រោះគាត់អាចមានវីរុសហ្នឹងក្នុងខ្លួន អ៊ីចឹងយើងឲ្យឃុំដោយឡែក ១៤ថ្ងៃ ដើម្បីតាមដានសុខភាពគាត់។ បើគ្មានបញ្ហាសង្ស័យទើបយើងបញ្ជូនទៅតាមអគារធំ»។
សម្ភារៈអនាម័យចំនួន ២០តោន ដែលគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ផ្តល់ដល់អគ្គនាយកដ្ឋានពន្ធនាគាររួមមានម៉ាស់ ទឹកអាល់កុល ជែលលាងដៃសាប៊ូ ស្រោមដៃពេទ្យ ឧបករណ៍វាស់កម្តៅ វ៉ែនតាការពារតំណក់ទឹកវ៉ែនតាវេជ្ជសាស្រ្ត អាវការពារព្រមទាំងឧបករណ៍ និងថ្នាំសម្លាប់មេរោគជាច្រើនទៀត។
លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ (Roman Paramonov) ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រចាំកម្ពុជាប្រាប់អ្នកសារព័ត៌មាននៅមណ្ឌលអប់រំកែប្រែទី១ (ម១) នៅថ្ងៃទី១០ ខែមេសានេះថា សម្ភារៈអនាម័យទាំងនេះផ្តល់ឲ្យដើម្បីការពារជនជាប់ឃុំទាំង ៣៨០០០នាក់ និងមន្រ្តីពន្ធនាគារចំនួន ៤០០០នាក់ នៅទូទាំងប្រទេស ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងពន្ធនាគារនិងវិធានការឆ្លើយតប នៅពេលមានករណីឆ្លងកើតឡើង។
លោកបន្តថា ការអនុវត្តគម្លាតនៅឆ្ងាយពីគ្នា និងការសម្អាតដៃ កំពុងត្រូវបានអនុវត្ត ដោយសាធារណជនទូទៅ ប៉ុន្តែចំណុចទាំងនេះ គឺជារឿងសំខាន់បំផុតក្នុងពន្ធនាគារ ដែលមានចំនួនអ្នកជាប់ឃុំណែន។
«ប្រសិនបើមិនមានវិធានការ មិនមានការត្រួតពិនិត្យត្រឹមត្រូវនៅពេលមានអ្នកឆ្លងម្នាក់ចូលមកក្នុងពន្ធនគារវាអាចនាំឱ្យមានការផ្ទុះឡើង។ ស្ថានភាពគឺពិបាកខ្លាំងណាស់ ព្រោះពួកគេមិនដូចមនុស្សទូទៅនៅក្នុងមន្ទីរពេទ្យទេ។ដូច្នេះយើងយល់ថាវាជាបញ្ហា ហើយត្រូវមានវិធានការការពាររបស់ខ្លួនដើម្បីចាត់វិធានការគ្រប់យ៉ាងក្នុងការការពារអ្នកទោស»។
លោកបន្ថែមថា ពួកគេក៏ប្រឈមមុខនឹងបញ្ហាផ្សេងៗទៀត រួមមានកង្វះខ្យល់អនាម័យ និងភាពចង្អៀតណែនក្នុងពន្ធនាគារ។
គិតត្រឹមថ្ងៃទី១០ ខែមេសានេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន ១១៩នាក់។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ។
កន្លងមកក្រុមអង្គការសង្គមស៊ីវិលតែងរិះគន់ថា ពន្ធនាគារនៅប្រទេសកម្ពុជាមានភាពតូចចង្អៀតធ្វើឲ្យមានការកើនឡើងជំងឺឆ្លងនិងជំងឺផ្លូវចិត្តរបស់ជនជាប់ឃុំ។
កាលពីថ្ងៃច័ន្ទ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ឃុំនិងអ្នកទោសកម្រិតស្រាលមួយចំនួនជាបន្ទាន់ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩នៅក្នុងពន្ធនាគារ។ អង្គការនេះលើកឡើងថា អ្នកដែលជាប់ឃុំមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ មិនមានសាប៊ូ និងទឹកអាល់កុលលាងដៃ ហើយពួកគេរស់នៅកៀកជាប់ៗគ្នា ដែលកាន់តែធ្វើឱ្យពួកគេងាយរងគ្រោះ ដោយជំងឺកូវីដ១៩៕