ក្រុមការងារថ្នាក់តំបន់មកពីប្រទេសកម្ពុជា វៀតណាម ថៃនិងឡាវ បានចាប់ផ្ដើមពិភាក្សាគ្នាអំពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីហ្លួងព្រះបាង (Luang Prabang) ទោះបីជាមានការរិះគន់ពីក្រុមការពារបរិស្ថានថា ទំនប់នេះនឹងបង្កឲ្យទន្លេមេគង្គជួបវិបត្តិកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។
ទំនប់វារីអគ្គិសនីហ្លួងព្រះបាង ដែលនឹងសង់លើដងទន្លេមេនៃទន្លេមេគង្គក្នុងប្រទេសឡាវ ស្ថិតនៅចម្ងាយប្រមាណ១៣៧២គីឡូម៉ែត្រពីព្រំប្រទល់ប្រទេសកម្ពុជា និងឡាវ។
កិច្ចប្រជុំនៃក្រុមមន្ត្រីតំណាងប្រទេសទាំងបួនបានចាប់ផ្តើមកាលពីថ្ងៃអង្គារទី៨ខែតុលានេះដើម្បីពិភាក្សាលើផលវិជ្ជមាននិងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីកម្រិត១,៤៦០ មេហ្គាវ៉ាត់នេះ។ ក្រុមប្រទេសដែលជាប់ពាក់ព័ន្ធមានរយៈពេលប្រាំមួយខែ ដើម្បីធ្វើការវាយតម្លៃមុននឹងសម្រេចផ្ដល់ភ្លើងខៀវឲ្យដំណើរការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំនេះ។
លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលទទួលបន្ទុកលើការពិនិត្យឯកសារគម្រោងទំនប់ហ្លួងព្រះបាង បានប្រាប់វីអូអេ នៅថ្ងៃសុក្រនេះថាលោកមិនទាន់អាចបញ្ជាក់ពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់ហ្លួងព្រះបាងនេះបាននៅឡើយទេ ដោយសារលោកទើបតែទទួលបានឯកសារគម្រោងពីភាគីឡាវ។
«គឺយើងពិនិត្យហើយ យើងនឹងលើកជាអនុសាសន៍ជាច្រើនដើម្បីធ្វើម៉េច កាត់បន្ថយឲ្យដល់កម្រិតអប្បបរមានូវផលប៉ះពាល់ មកខ្សែទឹកខាងក្រោម។ បើសិនណាជាគម្រោងហ្នឹងដំណើរការ យើងឃើញថាមានផលប៉ះពាល់ យើងត្រូវ យើងមើល យើងពិភាក្សាហើយ យើងនឹងចេញជាអនុសាសន៍ឲ្យវា mitigation measure មានន័យថា វិធានការកាត់បន្ថយផលប៉ះពាល់ហ្នឹង»។
ទំនប់វារីអគ្គិសនីហ្លួងព្រះបាង ស្ថិតនៅចន្លោះទំនប់ Pak Beng នៅផ្នែកខាងលើទន្លេមេគង្គ និងទំនប់ Xayaburi ដ៏ចម្រូងចម្រាស់ដែលស្ថិតនៅផ្នែកខាងក្រោមទន្លេមេគង្គនិងដែលសាងសង់ជិតរួចរាល់។
ការសាងសង់ទំនប់ហ្លួងព្រះបាង ត្រូវរំពឹងថា នឹងចាប់ផ្ដើមនៅឆ្នាំ២០២០ ហើយនិងបញ្ចប់នៅក្នុងឆ្នាំ២០២៧។ ថាមពលដែលផលិតបានពីទំនប់នេះ អាចនឹងត្រូវលក់ឲ្យទៅប្រទេសថៃ ឬវៀតណាម។
ក្នុងពេលនេះប្រទេសដែលជាប់ពាក់ព័ន្ធនឹងខ្សែទឹកទន្លេមេគង្គ ត្រូវធ្វើការវាយតម្លៃលើផ្នែកជលសាស្ត្រ និងកម្លាំងទឹក (Hydrology and Hydraulics) ផ្នែកកំណកកករ និងរូបសាស្ត្រទន្លេ (Sediment & Morphology) គុណភាពទឹក សុខភាពប្រព័ន្ធអេកូឡូស៊ី (Water quality, aquatic ecosystem health & environment flow) ផ្នែកជលផល និងសុវត្ថិភាពទំនប់ ផ្នែក នាវាចរណ៍ និងផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ឆ្លងដែន (Transboundary socio-economic impact) មុននឹងអនុញ្ញាតឲ្យមានការសាងសង់។ នេះបើយោងតាមសេចក្ដីប្រកាសមួយរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកដាវង់ ផនកែវ (Daovong Phonekeo) លេខាអចិន្ត្រៃយ៍នៃក្រសួងថាមពលនិងរ៉ែរបស់ប្រទេសឡាវបានទេ នៅថ្ងៃសុក្រនេះ។
សម្ព័ន្ធសង្គ្រោះទន្លេមេគង្គ ឬ Save the Mekong Coalition បានអំពាវនាវឲ្យលុបចោលគម្រោងសាងសង់ទំនប់ហ្លួងព្រះបាង និងទំនប់ផ្សេងៗទៀតដែលបានគ្រោងនឹងសង់លើដងទន្លេមេទន្លេមេគង្គ ដោយអង្គការការពារបរិស្ថានអន្តរជាតិមួយនេះ លើកឡើងថាទន្លេមេគង្គកំពុងជួបវិបត្តិ ដែលមិនតម្រូវឲ្យមានការសង់បន្ថែមទំនប់ទៀតនោះទេ។ ក្នុងសេចក្ដីប្រកាសរបស់ខ្លួនមួយចុះថ្ងៃទី៨ ខែ តុលា អង្គការSave the Mekongគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ និងទំនប់ធំៗនៅលើតួមេទន្លេមេគង្គ ហើយនិងដៃទន្លេនេះ បានធ្វើឲ្យពិបាកធ្វើការទស្សន៍ទាយពីលំហូរ និងកម្រិតទឹក។ ទំនប់វារីអគ្គិសនី បានបង្កឲ្យមានផលប៉ះពាល់កាន់តែអាក្រក់ឡើងទៅលើទន្លេ និងប្រជាជន។ ទំនប់ធំៗ ដែលគ្រោងសង់លើដងទន្លេមេទន្លេមេគង្គគឺជាការបង្កហេតុដ៏ចម្បង និងមិនបានឆ្លើយតបទៅនឹងវិបត្តិទន្លេមេគង្គនោះទេ។
លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អះអាងថា ការអធិប្បាយរបស់អង្គការ Save the Mekong គឺជាអនុសាសន៍ដែលនឹងត្រូវបានគេយកមកពិចារណានៅក្នុងវេទិកាភាគីពាក់ព័ន្ធក្នុងតំបន់ ដែលនឹងធ្វើឡើងចំនួនពីរដង ក្នុងពេលនៃការពិគ្រោះយោបល់មុននឹងសម្រេចឲ្យមានការសាងសង់ទំនប់ហ្លួងព្រះបាងនេះ៕