សម្តេច​ក្រុម​ព្រះ​ចង់​បង្កើត​រដ្ឋាភិបាល​ចម្រុះ​និង​មិន​ចង់​ក្លាយ​ជា​បក្ស​ប្រឆាំង

រូបឯកសារ៖ ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​មាន​បន្ទូល​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​ព្រះ​អង្គ​នៅ​សង្កាត់​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៥ ខែមករា​ឆ្នាំ២០១៥។ (ហេង រស្មី/VOA)

ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឬទ្ធិ​ ​បានប្រកាសនៅ​ថ្ងៃ​សុក្រ​នេះថា​ ព្រះ​អង្គ​នឹង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ ប្រសិន​បើ​គណបក្ស​ព្រះ​អង្គ​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឬទ្ធិ​ ​ប្រធាន​គណបក្ស​រាជា​និយម​ ហ៊្វុន​ស៊ីន​ប៉ិច​ នៅ​ថ្ងៃ​សុក្រ​នេះ​ ប្រកាស​ថា​ ព្រះ​អង្គ​នឹង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ ប្រសិន​បើ​គណបក្ស​ព្រះ​អង្គ​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។​

ការ​ប្រកាស​របស់​ព្រះអង្គ​ធ្វើ​ឡើង​ បន្ទាប់​ពី​ពិធី​សំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​រាជា​និយម​ហ៊្វុន​ស៊ីន​ប៉ិច​ប្រមាណ​៤០០​រយនាក់​ នៅ​ឯ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​ មាន​ព្រះ​បន្ទូល​ថា​ គោល​នយោបាយ​កម្ចាត់​អំពើ​ពុក​រលួយ​ និង​ដោះ​បំណុល​របស់​ប្រជាពលរដ្ឋ​ ក៏​ដូចជា​ទំនោរ​យុវជន​ខ្មែរ​ ដែល​ងាក​មក​គាំទ្រ​គណបក្ស​របស់​ព្រះ​អង្គ​ នឹង​រួម​ចំណែក​ដល់​ការ​យក​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នាត​ជាតិ​នៅ​ឆ្នាំ​២០១៨។​ ព្រះ​អង្គ​ម្ចាស់​ សម្តែង​ទឹក​ព្រះ​ទ័យ​ប្រកប​ដោយ​សុទិដ្ឋិនិយម​ថា​ ព្រះ​អង្គ​នឹង​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ ជា​ជាង​ការ​បង្កើត​ក្រុម​ប្រឆាំង​នៅ​ក្នុង​សភា​ជាតិ។

«ខ្ញុំ​សូម​ជំរាប​ ថា​បើ​យើង​ហើយ​ចង់​ដោះ​ស្រាយ​បញ្ហា​ជាតិ​ វា​ទាល់​តែ​ធ្វើ​តាម​ឪពុក​ខ្ញុំ​ សម្តេច​តា​ សម្តេច​លោក​មាន​ ព្រះ​រាជ​យោបល់​ថា​ បើ​ខ្មែរ​យើង​ចង់​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ទាល់​តែ​ខ្មែរ​យើង​រួម​គ្នា​ ដូច​កាល​ខ្ញុំ​ធ្វើ​ពី​ឆ្នាំ​១៩៩៣​ អញ្ចឹង។ វា​គ្មាន​អ្នក​ឈ្នះ​ វា​គ្មាន​អ្នក​ចាញ់​ វា​មាន​តែ​អ្នក​ឈ្នះ​ យល់​ទេ?​ ដូច្នេះ​ បើសិន​ជា​យើង​ ខ្មែរ​យើង​ចេះ​រួប​រួម​គ្នា​ម្តង​មើល​ បង្ហាញ​ឲ្យ​បរទេស​គេ​ឃើញ​ ណ៎ា​បី​នាក់​គណបក្ស​បី​ លេង​ឯង​ទាំង​បី​ហ្នឹង​ បង្កើត​ជា​រាជ​រដ្ឋាភិបាល​ចម្រុះ​ បាន​យើង​មាន​លទ្ធ​ភាព​នឹង​ដោះ​ស្រាយ​បញ្ហា​ជាតិ​បាន។​ ដូច្នេះ​កុំ​សង្ឃឹម​ថា​ខ្ញុំ​ ធ្វើ​ជា​គណបក្ស​ហ៊្វុន​ស៊ីន​ប៉ិច​ បក្ស​ប្រឆាំង​ជំនួស​ ខ្ញុំ​មិន​ធ្វើ​ជា​ដាច់​ខាត»។

ព្រះ​អង្គ​ម្ចាស់ ​នរោត្តម​ រណឫទ្ធិ​ ព្រះជន្ម​៧១​វស្សា​ ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី១ ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ១៩៩៣​ និង​ជា​គូប្រជែង​កម្លាំង​យោធា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី២​នា​ពេល​នោះ។

គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទទួល​បាន​ការ​គាំទ្រ​ដោយ​សំឡេង​ច្រើន​លើស​លប់​នៅ​ក្នុង​ការ​បោះ​ឆ្នោត ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៩៣​ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៥៨។ អាសនៈ​របស់​គណបក្ស​នយោបាយ​រាជា​និយម​មួយ​នេះ​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​សូន្យ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣​ ដោយ​សារ​គណបក្ស​នេះ​បាន​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរ។​

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ថ្លែង​ថា​ ជីវិត​នយោបាយ​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម​រណឬទ្ធិ​ ពិបាក​នឹង​ស្តារ​ឡើង​វិញ​ ហើយ​ថា​ ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​នោះ​ ក៏​មិន​អាច​ទៅ​រួច​ដែរ​ ពីព្រោះ​អ្នក​បោះ​ឆ្នោត​មិន​បាន​សំឡឹង​ទៅ​លើ​គណបក្ស​តូចៗ​នោះ​ទេ​ ដោយ​ពួក​គេ​បាន​ផ្តោត​ការ​តាម​ដាន​លើ​គណបក្ស​ធំៗ​ពីរ​តែប៉ុណ្ណោះ ​ដែល​កំពុង​មាន​អាសនៈ​នៅ​ក្នុង​សភា​ជាតិ។​

«ដោយ​សារ​ទី១​ យើង​មាន​ពីរ​បក្ស​ធំៗ​ ហើយ​អញ្ចឹង​ជា​ទូទៅ​ អ្នក​បោះឆ្នោត​ គាត់​គិត​ថា​ បោះ​ឆ្នោត​ឲ្យ​គណបក្ស​តូចៗ​ គឺ​ជា​ការ​បោះ​សន្លឹក​ឆ្នោត​ចោល​ អាហ្នឹង​គឺ​ជា​ការ​គិត​របស់​គាត់​មួយ​ ហើយ​ទី​ពីរ​សម្តេច​ក្រុម​ព្រះ​ គាត់​ធ្វើ​នយោបាយ​យូរ​ហើយ។​ ការ​ធ្វើ​នយោបាយ​របស់​គាត់​ធ្លាក់​ចុះ​រហូត​ ហើយ​គាត់​មិនមែន​តែ​អត់​ឈ្មោះ​ទេ​ គឺ​ខូច​ឈ្មោះ។​ អញ្ចឹង​ គឺ​ពិបាក​ស្តារ​មែន​ទែន។​ ទីបី​សម្តេច​ក្រុម​ព្រះ​ ត្រូវ​បាន​ការ​ការ​ផ្តល់​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ម្តង​រួច​ទៅ​ហើយ​ ដើម្បី​កាន់​រដ្ឋាភិបាល​ ហើយ​គាត់​ធ្វើ​បរាជ័យ​ ហើយ​រឿង​ផ្សេង​ៗ​ទៀត​ ខ្ញុំ​មើល​ទៅ គាត់​ពិបាក​ក្នុង​ការ​គាត់​ស្តារ​មែនទែន ហើយ​សម្តេច​ក្រុម​ព្រះ​ខ្ញុំ​មើល​ទៅ​ស្តារ​មិន​រួច​ទេ»។

លោក​បាន​ទស្សទាយ​ទុក​ជា​មុន​ថា​ គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ធំៗ​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​បី​ឆ្នាំ​ខាង​មុខ​នេះ។​

លោក​ សុខ ឦសាន​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ថា​ ប្រជាជន​ខ្មែរ​នឹង​កំណត់​វាសនា​នៃ​ការ​ចាប់​កំណើត​របស់​រដ្ឋាភិ​បាល​ថ្មី​ក្នុង​ពេល​អនាគត​ ដោយ​លោក​មិន​អាច​ប៉ាន់​ស្មាន​ទុក​ជា​មុន​បាន​ទេ​ថា​ នឹង​មាន​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ឬក៏​គណបក្ស​គ្រប់​គ្រង​ប្រទេស​នឹង​បន្ត​កាន់​អំណាច​ត​ទៅ​មុខ​ទៀត។​ លោក​បញ្ជាក់​ផង​ដែរ​ថា​ បើ​មាន​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ នោះ​នឹង​មាន​ការ​បាត់​សំឡេងក្រុម​អ្នក​ប្រឆាំង​ដែល​ជា​ធាតុ​សំខាន់​មួយ​របស់​លទ្ធិ​ប្រជា​ធិបតេយ្យ។​

«អាហ្នឹង​យើង​ត្រូវ​មើលអំ​ពី​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ។​ បើ​កាល​ណា​មាន​រដ្ឋាភិបាល​ចម្រុះ​ក្នុង​ហ្នឹង​ វា​អត់​មាន​ វា​អត់​មាន​គណប​ក្ស​ប្រឆាំង​ទេ​ គេ​ថា​លែង​មាន​ប្រជា​ធិបតេយ្យ​ទៀត​ហើយ។​ អាហ្នឹង​អ្នក​មាន​មតិ​ខុស​គ្នា។​ អ្នក​គេ​ចង់​ប្រឆាំង​ហ្នឹង​គេ​ថា​ បើ​អត់​មាន​គណបក្ស​ប្រឆាំង​ វាអត់​មាន​ប្រជា​ធិបតេយ្យ​ ហើយ​បើ​ថា​មាន​បក្ស​ប្រឆាំង​បាន​មាន​ប្រជា​ធិបតេយ្យ។​ ដូច្នេះ​អាហ្នឹង​ អាហ្នឹង​យើង​ពិបាក​អាកាត់​ណាស់។​ ទុក​ឲ្យ​ប្រជា​ជន​អ្នក​អាកាត់​ទៅ​ចុះ»។​

VOA ពុំអាច​ទាក់​ទង​អ្នកនាំ​ពាក្យ​ទាំង​ពីរ​រូប​ គឺ​លោក​ យឹម សុវណ្ណ​ និង​លោក​ យ៉ែម​ បុញ្ញឬទ្ធិ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ៕