ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស្វាគមន៍​សង្គម​ស៊ីវិល​ចូលរួម​តាក់តែង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន


លោក ណែប ស៊ីនថៃ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​នៅ​ក្នុង​កិច្ច​សន្ទ​នា​ជាន់​ខ្ពស់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការកម្ពុជា​ជប៉ុន ថ្ងៃទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (ហ៊ុល រស្មី/VOA)
លោក ណែប ស៊ីនថៃ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​នៅ​ក្នុង​កិច្ច​សន្ទ​នា​ជាន់​ខ្ពស់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការកម្ពុជា​ជប៉ុន ថ្ងៃទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (ហ៊ុល រស្មី/VOA)

ការ​បន្ត​បើក​ឲ្យ​មានការ​​ចូលរួម​យ៉ាង​ទូលំទូលាយ​ពីក្រុម​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ នៅ​ក្នុង​ដំណើរ​នៃ​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីសិទ្ធិ​​ទទួល​​​​​ព័ត៌មាន​ នឹង​អាច​ធ្វើឲ្យ​សេចក្តី​ព្រាង​ច្បាប់​ដែល​នឹង​​ទៅ​ជា​ច្បាប់​នេះ​ បម្រើ​ដល់​ប្រយោជន៍​សាធា​រណជន​ទូទៅ​ច្រើន​ជាង​ប្រយោជន៍​រាជ​​រដ្ឋា​ភិបាល​កម្ពុជា។

ការ​បន្ត​បើក​ឲ្យ​មានការចូលរួម​យ៉ាង​ទូលំទូលាយ​ពីក្រុម​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ នៅ​ក្នុង​ដំណើរ​នៃ​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីសិទ្ធិទទួល​ព័ត៌មាន​ នឹង​អាច​ធ្វើឲ្យ​សេចក្តី​ព្រាង​ច្បាប់​ដែល​នឹងទៅ​ជា​ច្បាប់​នេះ​ បម្រើ​ដល់​ប្រយោជន៍​សាធា​រណជន​ទូទៅ​ច្រើន​ជាង​ប្រយោជន៍​រាជរដ្ឋា​ភិបាល​កម្ពុជា។​ នេះ​បើយោង​ទៅ​តាម​អ្នក​ជំនាញ​ដែល​កំពុង​ចូលរួម​ក្នុងការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ។​

ការ​ថ្លែង​របស់​អ្នក​ជំនាញ​ ទាក់ទិន​នឹង​សារៈ​សំខាន់​នៃ​ការ​ចូលរួម​របស់​សង្គម​ស៊ីវិល​នេះ​កើត​មាននៅ​ក្នុង​កម្ម​វិធី​កិច្ច​សន្ទនា​ជាន់​ខ្ពស់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែលបាន​រៀបចំ​ឡើង​ នៅ​ឯ​មជ្ឈមណ្ឌល​សហ​ប្រតិបតិ្ត​ការ​កម្ពុជា​ជប៉ុន​ ស្ថិតក្នុង​វិទ្យាស្ថាន​ភាសារ​បរទេស​ នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ។​

លោក ណែប ស៊ីនថៃ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​ក្នុង​កិច្ច​សន្ទ​នា​ជាន់​ខ្ពស់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ទាក់ទង​នឹង​ការចូលរួម​របស់​ក្រុម​សង្គម​ស៊ីវិល​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​ ថ្ងៃទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (ហ៊ុល រស្មី​/VOA)
លោក ណែប ស៊ីនថៃ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​ក្នុង​កិច្ច​សន្ទ​នា​ជាន់​ខ្ពស់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ទាក់ទង​នឹង​ការចូលរួម​របស់​ក្រុម​សង្គម​ស៊ីវិល​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​ ថ្ងៃទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (ហ៊ុល រស្មី​/VOA)

លោក​ណែប ស៊ីនថៃ​ នាយក​វិទ្យាស្ថាន​តស៊ូមតិ​ និង​គោល​នយោបាយ​ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ រដ្ឋាភិបាល​បាន​បើក​ឲ្យ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​ក្រុម​សង្គម​ស៊ីវិល​ នៅ​ក្នុងការតាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ។ លោក​បញ្ជាក់​ថា​ បើនៅ​តែ​មាន​ការ​ចូលរួម​ពី​ក្រុម​សង្គម​ស៊ីវិល​ ក្នុងដំណើរ​នៃ​ការ​បង្កើត​ច្បាប់​នេះ​ សាធារណជន​នឹង​ទទួល​បាន​ប្រយោជន៍​ពិតប្រាកដ​ពី​ច្បាប់​នេះ​ បើ​ធៀប​នឹង​ច្បាប់​ដទៃទៀត ដែល​ត្រូវបាន​បង្កើត​ឡើង​ក្នុង​លក្ខណៈ​រិតត្បិត​ដល់​ការ​ចូលរួម​ពិ​គ្រោះ​យោបល់​ពី​ក្រុមសង្គម​ស៊ីវិល។​

«ខ្ញុំយល់​ថា​ នៅ​ក្នុង​ដំណើរ​ការ​ថ្មីៗ​នេះ​ ការ​វិវត្ត​ដែល​មាន​ការ​ចូលរួម​ហើយ​មាន​ការ​បើក​ទូលាយ​ របស់​ក្រសួង​ព័ត៌​មាន​ ខ្ញុំយល់​ថា​ បើ​សិន​ជា​ សន្ទុះ​ដំណើរការ​នៃ​ការ​ហ្នឹង​ រក្សា​រហូត​ដល់​ចប់​ ខ្ញុំ​អាច​និយាយ​បាន​ថា​ ច្បាប់​នេះ​នឹង​បម្រើ​ប្រយោជន៍​ធំ​ សម្រាប់​សាធារណៈ​វា​អាច​ខុស​ពី ច្បាប់​ដទៃ​របស់​កម្ពុជា​យើង​ យើង​ឃើញ​ថា​ ប្រហែល​ជា​មាន​ជាលើក​ទី​មួយ​ទេ​ ដែលរដ្ឋាភិបាល​ ជាពិសេស​អនុញ្ញាត​ ឲ្យ​មានការ​ជជែក​ដ៏​ទូលំទូលាយ​ហើយ​ ហើយ​មាន​ដំណើរ​បែប​ការចូលរួម។​ ហើយ​បើ​សិន​ជា​យន្តការ​ដែល​មាន​បច្ចុប្បន្ន​ហ្នឹង​ រក្សា​រហូត​ដល់​បញ្ចប់​ ច្បាប់​នេះ​នឹង​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ ផល​ប្រយោជន៍​របស់​សាធារណជន​ ច្រើន​ជាង​បណ្តា​ច្បាប់​ផ្សេង​ទៀត»។​

ដំណើរការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​សី្ត​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​ទទួល​បានការ​ណែនាំពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​ នេះ​បើ​យោងទៅ​តាម​ការ​បញ្ជាក់​ពី​លោក​ អ៊ុក គឹមសេង​ អនុរដ្ឋលេខា​ធិការ​ក្រសួង​ព័ត៌មាន។​

អ្នកចូលរួម​នៅ​ក្នុងកិច្ច​សន្ទ​នា​ជាន់​ខ្ពស់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែលបាន​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​ ថ្ងៃទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។(ហ៊ុល រស្មី/VOA)
អ្នកចូលរួម​នៅ​ក្នុងកិច្ច​សន្ទ​នា​ជាន់​ខ្ពស់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែលបាន​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​ ថ្ងៃទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។(ហ៊ុល រស្មី/VOA)

ថ្លែង​ទៅកាន់​អ្នក​ចូលរួម​នៃកម្ម​វិធី​កិច្ច​សន្ទនា​ជាន់​ខ្ពស់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នោះ លោក​ អ៊ុក គឹមសេង​ មាន​ប្រសាសន៍​ថា​ ក្រសួង​ព័ត៌មាន​ បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ជា​ប្រចាំ​ពី​ក្រុម​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាងច្បាប់​នេះ​ ដោយ​បាន​បង្កើត​ក្រុម​ការងារ​បច្ចេក​ទេសមួយ​ ដែល​រហូត​មកដល់​ពេល​នេះ​ មាន​ការជួប​ប្រជុំ​គ្នា​៦លើក​រួចមក​ហើយ​នៃ​ក្រុម​ការងារ​បច្ចេកទេស។​

«សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ វាមាន​វិសាលភាព​គ្រប​ដណ្តប់​ ស្ទើ​គ្រប់​វិស័យ​ ហើយ​តម្រូវ​ឲ្យ​ស្ថាប័ន​សាធារណៈ​ របស់​រដ្ឋ​ទាំង​អស់​បង្ហាញ​ព័ត៌​មាន​ឲ្យបាន​អតិ​បរមា​ ហើយ​ការ​បង្ហាញ​នេះ​ គឺ​អនុញ្ញាត​ទៅ​ដោយ​ ដោយ​ច្បាប់​ទៀត​ផង»។​

លោក​ថ្លែង​បន្តថា​ ​ក្រុម​ការងារ​បចេ្ចកទេស​ អាច​នឹង​ប្រើ​ពេល​បី​ឆ្នាំ​ទៅ​មុខ​ទៀត​ ដើម្បី​បញ្ចប់​ដំណើរ​ការ​បច្ចេក​ទេស​ក្នុង​ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​៩​ជំពូក​ និង​៣៤​មាត្រា​នេះ។​

ឯកសារ​ស្តី​ពីការ​បើក​ចំហ​នៅ​អាស៊ី​ ការពិនិត្យ​លើ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​ទូទាំង​តំបន់​អាស៊ី​ ដែលបាន​ចងក្រង​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប​ និង​ចេញផ្សាយ​នៅ​ឆ្នាំ ​២០១៥​នេះ​ បាន​សរសេរ​ថា៖​ «សិទ្ធិ​ក្នុងការ​ទទួល​បាន​ព័ត៌មាន​ គឺជាសិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗ​ ស្ថាប័ន​ ឬ​អង្គ​ភាព​ មួយ​ដើម្បី​អាច​ទាម​ទារ​ឲ្យ​បាន​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ​ ដោយ​មិន​បាច់​បង្ហាញ​នូវ​មូលហេតុ​ស្រប​ច្បាប់​ណាមួយ​ឡើយ។​ ច្បាប់​មួយ​ចំនួន​ផ្តល់​នូវ​បទ​ប្បញ្ញត្តិ​ជាក់​លាក់​លើ​គោលការណ៍​នានា​ (ឧទាហរណ៍​ គោលការណ៍​នៃ​ការ​បើក​ចំហ​ព័ត៌មាន​អតិបរមា​)​ និង​ច្បាប់​មួយ​ចំនួន​ទៀត​ ដែល​ចែង​ដាក់​កម្រិត​ឲ្យ​មាន​ទំនាក់​ទំនង​ ជាមួយ​នឹង​ច្បាប់​ផ្សេង​ទៀត​ ដូចជា​ច្បាប់​សម្ងាត់​ជាច្រើន»​។​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា​ ត្រូវ​គេ​សង្កេតឃើញ​ថា​ មាន​ការ​រីក​ធំឡើង​ជាបន្ត​បន្ទាប់​ ប៉ុន្តែ​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ នៅ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌​មាន​ពី​ស្ថាប័ន​រដ្ឋាភិបាល​។​ អ្នក​ដែល​ប្រឈម​មុខ​ខ្លាំង​ជាង​គេ​នោះ​ គឺ​អ្នក​ប្រកបវិជ្ជា​ជីវៈ​សារព័ត៌មាន​។​

លោក សូ សោទ្ធី​ មន្ត្រី​ទំនាក់​ទំនង​ និង​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ថ្លែងថា​ តាម​ការ​ស្រាវជ្រាវ​មួយ​ដែល​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​៨៣​រូប​នៅទូទាំង​ប្រទេស​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​៩០,៣​%​ នៃ​អ្នក​សារព័ត៌មាន​ដែល​បាន​សម្ភាសន៍​នោះនិយាយ​ថា​ កង្វះ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ​របស់​គេ​ ដោយសារ​ប្រធាន​បទមួយ​ចំនួន​គ្មាន​ព័ត៌មាន​គ្រប់​គ្រាន់​សម្រាប់​រាយការណ៍​ ឬមិន​អាច​រាយការណ៍​តែម្តង។​ លោក​សង្កត់ធ្ងន់ថា​ ផល​វិបាក​ដែល​អ្នក​សារ​ព័ត៌មាន​ជួប​ប្រទះ​ នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សាធារណជន​ទូទៅ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ​បម្រើ​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។​

«អញ្ចឹង​កង្វះ​នូវ​សិទិ្ធ​ទទួលព័ត៌មាន​សម្រាប់​សារព័ត៌មាន​ គឺ​ជាកង្វះ​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំង​មូល»។​ ​

ឯកសារ​ស្តី​ពីការ​បើក​ចំហ​នៅ​អាស៊ី៖ការពិនិត្យ​លើ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​ទូទាំង​តំបន់​អាស៊ី​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ ច្បាប់​អន្តរជាតិ​ ចែង​ថា​សិទ្ធិ​ទទួល​ព័ត៌មាន​ របស់​មនុស្ស​ គឺ​ផ្តល់​ឲ្យ​មនុស្ស​ទាំង​អស់​ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​។​ យោង​តាម​មាត្រា​១៩​ នៃ​សេចក្តី​ប្រកាស​ជាសាកល​ស្តីពី​សិទ្ធិ​មនុស្ស​ និង​អនុសញ្ញា​អន្តរជាតិ​ ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ មនុស្ស​គ្រប់​រូប​ គឺ​សំដៅ​ទៅ​មនុស្ស​ទាំង​អស់​ មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​។​ មាត្រា​១៣​ នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ (UNCAC)​ ចែង​ថា​ ភាគី​រដ្ឋ​ទាំង​អស់​ ត្រូវ​តែ​ចាត់​វិធានការ​ទាំងឡាយ​ណា​ ដើម្បី​ធានា​ដល់​សាធារណ​ជន​ថា​ ទទួល​បាន​ព័ត៌មាន​ ដែល​មាន​ប្រសិទ្ធិ​ភាព។​ ជាពិសេស​ នៅ​ក្នុង​អនុសញ្ញា​នេះ ​លើក​កម្ពស់​ពី​សារៈ​សំខាន់​នៃ​សង្គម​ស៊ីវិល​ ក្នុងការ​ទទួល​បាន​ព័ត៌មាន​។​

អ្នក​ជំនាញ​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ និយាយថា​ នឹងមាន​ការ​កែសម្រួល​នៅ​មាត្រា​ ឬជំពូក​មួយ​ចំនួន​នៅ​ក្នុង​សេចក្តីព្រាង​ច្បាប់​នេះ​ ទាក់​ទិន​នឹង​ធ្វើ​បណ្តឹង​ក្នុង​ករណី​ដែល​ស្ថាប័ន​រដ្ឋាភិបាល​មិនព្រម​ផ្តល់​ព័ត៌មាន​ជូន​សាធារណ​ជន​ បុគ្គល​ ឬស្ថាប័ន​ការងារ​ឯកជន​ដែល​ត្រូវ​ការ​ព័ត៌មាន​នៅ​តាម​វិស័យ​ជាក់​លាក់​ណាមួយ​។​ ពួកគេ​ថ្លែង​ថា​ ការកាត់​បន្ថយ​ការិយាធិបតេយ្យ​ ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ក៏ត្រូវ​លើក​មក​និយាយ​នៅ​ក្នុងពេល​ធ្វើសេចក្តី​ព្រាងច្បាប់​នេះ​ដែរ​ ដោយ​ការ​កំណត់​ឲ្យ​ច្បាស់​នៃ​ចំនួន​ថ្ងៃដែល​ស្ថាប័ន​រដ្ឋាភិបាល​អាច​ឆ្លើយ​តប​ទៅ​សំណើ​នៃ​អ្នក​ស្នើសុំ​ព័ត៌មាន។​ ការ​កំណត់​ប្រភេទ​ព័ត៌​មានក៏ត្រូវ​ធ្វើឲ្យបាន​ប្រាកដ​ថា​ ប្រភេទ​ព័ត៌មាន​ណាអាច​បើក​ចំហរ​ដល់​សាធារណៈជន​បាន​ដោយ​គ្មាន​ការ​លាក់​លៀម​ និងប្រភេទព័ត៌មាន​ណា​ដែល​ស្ថាប័ន​រដ្ឋ​មិន​អាច​ទម្លាយបាន​ដល់​សាធារណជន​ ឬក៏​បណ្តាញ​សារព័ត៌មាន៕

XS
SM
MD
LG