ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ គ្រោង​​យាង​ត្រឡប់​ទៅ​ដឹកនាំ​បក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​ដើម្បី​ចូលរួម​ការបោះឆ្នោត​ឆ្នាំ២០២២ និង២០២៣

រូបឯកសារ៖ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ក្នុងពេល​បញ្ចប់​សមាជ​គណបក្ស​របស់​ព្រះអង្គ​នៅ​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥។

ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ដែល​បាន​បាត់​ព្រះភក្ត្រ​ពី​ឆាក​នយោបាយ​អស់​រយៈពេល​ជាង ២ ឆ្នាំ​ចុងក្រោយ​នេះ គ្រោង​នឹង​យាងវិល​ត្រឡប់​មក​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះអង្គ​ឡើង​វិញ​នៅ​ខែ​ក្រោយ ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០២២ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០២៣ នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​មន្ត្រី​នាំ​ពាក្យ​គណបក្ស​នេះ ដែល​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​អង្គារ។

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រាយការណ៍​ថា​ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយពី​ព្រះអង្គ​បាន​ជា​សះស្បើយ​ឡើង​វិញ បន្ទាប់ពី​បាន​យាង​ទៅ​ព្យាបាល​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន និង​គង់​នៅ​ក្នុង​ប្រទេស​បារាំង។

កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ ព្រះអង្គ​ម្ចាស់ ​នរោត្តម រណឫទ្ធិ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​បណ្តាល​ឲ្យ​អ្នក​ម្ខាង អ៊ុក ផល្លា ស្លាប់ និង​ធ្វើ​ឲ្យ​ព្រះអង្គ​រង​របួស​ធ្ងន់។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​ឈ្នះ​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ១៩៩៣។ នៅ​ពេល​នោះ សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី​មួយ ក្រោយពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​ចែក​អំណាច​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី​ពីរ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ មិន​បាន​ឈ្នះ​អាសនៈ​ណា​មួយ​ទេ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨៕