ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ នៅថ្ងៃសៅរិ៍នេះ បានប្រកាសសមាសភាពក្រុមយុវជនរាជានិយមថ្មីដែលអាចទាញការគាំទ្រពីប្រជាពលរដ្ឋខ្មែរនៅក្នុងការបោះឆ្នោតនាពេលខាងមុខ បន្ទាប់ពីគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចស្រុតចុះប្រជាប្រិយភាពយ៉ាងគំហុកនៅក្នុងការបោះឆ្នោះនាខែកក្កដាឆ្នាំ២០១៣។
កម្លាំងយុវជនដែលទើបតែរៀបចំឡើងសារជាថ្មីដោយគណបក្សហ៊្វុនស៊ីនប៉ិចនេះគឺមានឈ្មោះថា«ចលនាយុវជនរាជានិយមកម្ពុជា»។
នៅក្នុងពិធី«បដិសន្ធិចលនាយុវជនរាជានិយមកម្ពុជា» ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ីនប៉ិចមានបន្ទូលទៅកាន់យុវជន និងយុវនារីរាជានិយមប្រមាណជាង១.២០០នាក់ថា ចលនាយុវជនេះនឹងទ្រទ្រង់ដល់ការរស់រានមានជីវិតនៃគណបក្សហ៊្វុនស៊ីនប៉ិច។
«គណបក្សនយោបាយមួយ បើយើងសង្ឃឹមថា អនាគតនៅលើតែមនុស្សម្នាក់ គឺខុសហើយ។ អនាគតនៃគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចគឺស្ថិតនៅក្នុងកណ្តាប់ដៃនៃអ្នករាជានិយមទាំងអស់ ក្នុងកណ្តាប់របស់ក្មួយៗ ដែលអញ្ជើញមកនាថ្ងៃនេះ»។
Your browser doesn’t support HTML5
នៅក្នុងពិធីជួបជុំកម្លាំងយុវជននេះដែរ ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ក្នុងព្រះជន្ម៧១ព្រះវស្សា ពុំមានសារនយោបាយអ្វីថ្មីជូនទៅដល់ពន្លកនៃយុវជនរាជានិយមនោះទេ ដោយព្រះអង្គនៅតែរំឭកដល់ស្នាព្រះហស្ថរបស់បិតាព្រះអង្គគឺព្រះបរមរតនកោដ្ឋ អតីតព្រះមហាវីរក្សត្រនរោត្តមសីហនុ ដែលបានដណ្តើមឯករាជ្យពីប្រទេសបារាំងជូនប្រទេសកម្ពុជា និងបានដើរតួជាអ្នកបង្រួបបង្រួមជាតិដ៏ប៉ុនប្រសប់។
ក្នុងពេលដែលរំឭកដល់ការលះបង់របស់ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនរោត្តមសីហនុក្នុងការដឹកនាំ និងការពារប្រទេសកម្ពុជានោះ ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានលើកយកវប្បធម៌សន្ទនាមកពន្យល់ដល់ក្រុមយុវជនរាជានិយមទាំងនោះ។
ព្រះអង្គម្ចាស់រំឭកឡើងវិញថា វប្បធម៌នេះជាការប្រាថ្នាចង់បានរបស់ព្រះបរមរតនកោដ្ឋ ហើយព្រះអង្គបានបង្ហាញពីទឹកព្រះទ័យគាំទ្រ ប្រសិនបើវប្បធម៌នេះត្រូវបានបង្កើតឡើងដោយមានចេតនាបង្រួបបង្រួមនិងផ្សះផ្សារជាតិ។
ព្រះអង្គមានបន្ទូលបន្តទៀតថា ប្រសិនបើវប្បធម៌ ដែលព្រះអង្គប្រដូចទៅនឹង«រាត្រីទឹកឃ្មុំ»នេះធ្វើឡើងដោយគ្រាន់តែបម្រើដល់ប្រយោជន៍នយោបាយផ្សេងវិញនោះ ព្រះអង្គនិងអ្នករាជានិយមឯទៀតមិនគាំទ្រនោះទេ។
«ប្រសិនបើក្លាយជារាត្រីទឹកខ្មេះ យើង អ្នករាជានិយម មិនទទួលជាដាច់ខាត។ ប៉ុន្តែបើសិនជារាត្រីទឹកឃ្មុំ យើងសូមស្វាគមន៍ដោយកក់ក្តៅជាទីបំផុត»។
ក្នុងការប្រកាសសមាសភាពថ្មីនៃកម្លាំងយុវជនរាជានិយមគឺមានការចូលរួមពីមេដឹកនាំយុវជនរាជានិយមដែលទើបជ្រើសតាំងតាមរយៈការបោះឆ្នោត និងតំណាងយុវជនរាជានិយមមកពីបណ្តារាជធានីខេត្តចំនួន២៥ក្នុងប្រទេសកម្ពុជា។
លោកសួង សាវៀត ប្រធានចលនាយុវជនរាជានិយមកម្ពុជា បានប្តេជ្ញាដង្ហែតាមព្រះសកម្មភាពដឹកនាំរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ និងការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឲ្យស្ថិតស្ថិរជានិរន្តរ៍។
«ក្នុងនាមទូព្រះបង្គំជាប្រធាននៃចលនាយុវជនរាជានិយមកម្ពុជា ព្រមទាំងយុវជនទាំងអស់ សូមបេ្តជ្ញាចិត្តមួយរយភាគរយ ដង្ហែតាមព្រះតម្រិះរបស់ព្រះអង្គ រួមគ្នាដើម្បីថែរក្សាការពាររបបរាជានិយមឲ្យស្ថិតស្ថិរគង់វង្សជាអមតៈ ចាប់ពីពេលនេះតទៅ»។
លោកអ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកមួយ មើលឃើញក្តីសង្ឃឹមតិចតួចនៃគណបក្សហ៊្វុនស៊ីនប៉ិច ក្នុងការប្រជែងយកសំឡេងគាំទ្រពីប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺកម្លាំងយុវជនដែលកំពុងងាកមកគាំទ្រគណបក្សសង្គ្រោះជាតិ។
«ខ្ញុំមើលទៅគណបក្សទីបីណាក៏ដោយ ក៏មានការពិបាកដែរ ប៉ុន្តែលើកលែងតែប្រសិនជាគណបក្សសង្គ្រោះជាតិមានបញ្ហាធ្ងន់ធ្ងរអីណាមួយ ឧទាហរណ៍ការឈ្លោះគ្នាអី រវាងលោកកឹម សុខាជាមួយលោកសម រង្ស៊ី ឬមួយក៏លោកសម រង្ស៊ីអត់ចូលប្រទេសអីទៀត អាហ្នឹងគឺអាចនឹងផ្តល់ឱកាសទៅដល់គណបក្សទីបី។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ខ្ញុំមិនទាន់ឃើញថា តើគណបក្សទីបីណាអាចឈានទៅរកការគាំទ្របានទេ។ ជាពិសេសគណបក្សសម្តេចក្រុមព្រះ ខ្ញុំមើលទៅគ្មានឱកាសទេ»។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិមានបន្ទូលប្រាប់វីអូអេថា គណបក្សរាជានិយមអាចទាក់ទាញបានអាសនៈមកវិញនៅក្នុងការបោះជាតិខាងមុខនេះ ប្រសិនជា«វប្បធម៌សន្ទនា»រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបរាជ័យ។
«ខ្ញុំយល់ ខ្ញុំយល់ទេណ៎ា! សួរខ្ញុំណ៎ា រាត្រីទឹកឃ្មុំ តែដល់ពេលរាត្រីទឹកខ្មេះ ប្រហែលជាបានខ្លះ»។
គណបក្សហ៊្វុនស៊ីនប៉ិចទទួលបានការគាំទ្រផ្លូកទឹកផ្លូកដីនៅក្នុងការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ ដោយទទួលបានអាសនៈចំនួន៥៣។ អាសនៈរបស់គណបក្សនយោបាយរាជានិយមមួយនេះបានថយចុះជាបន្តបន្ទាប់រហូតដល់សូន្យ នៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ ដោយសារគណបក្សនេះបានបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិក៏ធ្លាប់ត្រូវបានគណបក្សហ៊្វុនស៊ីនប៉ិចធ្វើបក្សប្រហារបណ្តេញព្រះអង្គចេញពីប្រធានគណបក្សកាលពីឆ្នាំ២០០៦ផងដែរ។
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិអតីតសហនាយករដ្ឋមន្ត្រីទីមួយ និងជាអតីតប្រធានរដ្ឋសភាជាតិ បានយាងមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិចវិញកាលពីដើមឆ្នាំ២០១៥៕